ភ្នំពេញ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងដឹកនាំកីឡាករ កីឡាការិនី៤រូបទៅប្រកួត និងផ្សព្វផ្សាយ នៅទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកនា នៅ៦ល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅអាមេរិកត្រូវនឹងថ្ងៃអាទិត្យ ទី១៣ ខែមេសា ២០២៥ ម៉ោង៨ព្រឹក នៅកម្ពុជា។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ខូវ ឆាយ បានបន្ថែមថា អ្នកប្រដាល់គុនខ្មែរទាំង៤រូប គឺកីឡាការិនី អេ យ៉ានុត, កីឡាករ ពេជ្រ សម្បត្តិ, រឿង សោភ័ណ្ឌ និងធន់ រិទ្ធី ដោយអ្នកទាំង៤នឹងត្រូវប្រកួតជាមួយគូប្រកួតជាជនជាតិអាមេរិកទាំងអស់ ដែលពួកគេសុទ្ធសឹងតែអ្នកប្រដាល់កម្រិតខ្ពស់ដូចៗគ្នាតែម្តង។ អ្នកប្រដាល់គុនខ្មែរទាំង៤រូបនឹងត្រូវប្រកួតដណ្តើម ខ្សែក្រវាត់ ក្នុងនោះកីឡាការិនី អេ យ៉ានុត និងកីឡាករ រឿង សោភ័ណ្ឌ ដណ្តើមខ្សែក្រវាត់ កម្ពុជា-អាមេរិក ដែលនាំពីខ្សែក្រវាត់នេះនាំចេញពីកម្ពុជាទៅ ក្នុងលក្ខខណ្ឌ ៣ទឹក។ ចំពោះ ធន់ រិទ្ធី និងពេជ្រ សម្បត្តិ នឹងប្រកួតដណ្តើមខ្សែក្រវាត់ WCK Kun Khmer ប្រចាំសហរដ្ឋអាមេរិក ក្នុងលក្ខខណ្ឌ៥ទឹក ដោយប្រើប្រាស់ច្បាប់ប្រដាល់គុនខ្មែរដូចៗគ្នា។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា នេះជាបេសកកម្មថ្មីមួយទៀត ដែលកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរចេញទៅប្រកួតផ្សព្វផ្សាយនៅទឹកដីសហរដ្ឋអាមេរិក។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា អ្នកប្រដាល់គុនខ្មែរចេញទៅប្រកួត និងផ្សព្វផ្សាយគុនខ្មែរ ក្នុងលក្ខណៈទ្រង់ទ្រាយធំ។
ប្រធានសហព័ន្ធរូបនេះបានសង្កត់ធ្ងន់ទៀតថា ការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍នៅអាមេរិកនេះ គឺចាប់ដៃគូជាមួយស្ថាប័ន WCK ដែលមានអាជ្ញាបណ្ណរៀបចំការប្រកួតនៅអាមេរិក ជាពិសេសនៅរដ្ឋកាលីហ្វញ៉ាតែម្តង ខណៈការប្រកួតនេះគឺប្រើឈ្មោះគុនខ្មែរទាំងស្រុងតែម្តង រាប់ទាំងការតុបតែងលម្អ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ភេស្ជជៈគ្រុឌនេះតែម្តង៕