ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអោយដឹងថាលោក NICOLAS CHARLES GREZAULI មកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាគ្រូយុវជនកម្រិតខ្ពស់ពី FIFA Talent Coach Program ដើម្បីអភិវឌ្ឍន៍យុវជន នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ (បាទី) និងសកម្មភាពកីឡាកយុវជនផ្សេងៗនៅកម្ពុជា រយៈពេល ២ឆ្នាំ។ លោកជាគ្រូបាល់ទាត់មានបទពិសោធន៍ និងជាគ្រូយុវជនកម្រិតខ្ពស់(Youth Elite Coach) លោកបានបង្ហាញខ្លួនការងារអាជីពជាលើកដំបូងជាមួយសហព័ន្ធបាល់ទាត់លុចសំបួរហ្គ(Luxemburgish) និងបានបន្តអាជីពរបស់ខ្លួននៅជាមួយក្រុមជម្រើសជាតិយុវជនផ្សេងៗអស់រយៈពេលជាង ៩ ឆ្នាំ។
មានវិញ្ញាបនបត្រជាគ្រូបាល់ទាត់ដែលមានអាជ្ញាប័ណ្ណ UEFA Pro Licence។ នៅចុងបញ្ចប់នៃរដូវកាល 2013-14, ត្រូវបានតែងតាំងជា អ្នកជំនួយការក្រុមជម្រើសជាតិឈុតធំ(A team) របស់ជម្រើសជាតិលុចសំបួរហ្គ។ នៅឆ្នាំ 2021 គឺជាការចាប់ផ្តើមអាជីពជាមួយក្លឹប Union Titus Pétange ហើយបានបន្តអាជីពរបស់ខ្លួនជាគ្រូបង្គោលក្រុមជម្រើសជាតិយុវជន និងដឹកនាំក្រុមក្នុងការប្រកួតជម្រុះនានា របស់ UEFA Youth Competitions។
កំឡុងអាជីព, ក៏បានសម្រេចលទ្ធផលជាច្រើនជាមួយក្រុមជម្រើសជាតិលុចសំបួរហ្គ និងមានបទពិសោធន៍ល្អក្នុងការអភិវឌ្ឍទេពកោសល្យក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់ ដែលនាំឲ្យកីឡាករល្បីៗជាច្រើនបានទៅលេងនៅក្លឹបធំៗក្នុងអឺរ៉ុប៕