ព្រះខ័នរាជស្វាយរៀង និងវិសាខា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ

ភ្នំពេញ៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្រុម​វិសាខា បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវ​កាល ២០២៤-២០២៥ បន្ទាប់​ពី​បាន​ទម្លាក់​គូប្រជែង​រៀង​ៗ​ខ្លួន នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ ជើង​ទី​២ កាលពី​យប់​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥​។

នេះ​ជា​បេក្ខភាព​២​ក្រុម​ទៀត ដែល​បាន​កក់​កៅអី​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​បាន​រក​ឃើញ សរុប​៣​ក្រុម គឺ​ភ្នំពេញ​ក្រោ​ន ដែល​បាន​រក​ឃើញ​មុនគេ កន្លង​ទៅ និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ព្រមទាំង​ក្រុម​វិសាខា ខណៈ​បេក្ខភាព​១​ក្រុម​ទៀត រង់ចាំ​ការ​ប្រកួត​កាត់សេចក្តី​ជើង​ទី​២ នៅ​យប់​ថ្ងៃ​ទី​០៣ ខែមេសា​នេះ រវាង​ក្រុម​បឹង​កេ​ត និង​ក្រុម​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ​។

សម្រាប់​២​ប្រកួត កាលពី​យប់​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥ វគ្គ​៨​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ ជើង​ទី​២ គឺ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បន្ត​យកឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ដោយ​លទ្ធផល​បច្ចេកទេស ៣-២ សរុប​លទ្ធផល​ទាំង​ពីរ​ជើង ៥-២​។ ចំពោះ​វិសាខា បាន​យកឈ្នះ​ក្រុម​កង​យោធពលខេមរភូមិន្ទ (​ទ័ព​) ក្នុង​លទ្ធផល ៤-០ សរុប​ទាំង​ពីរ​ជើង ៦-២ (​កាលពី​ជើង​ទី​១ ស្មើគ្នា ២-២)​។ សម្រាប់​បេក្ខភាព​១​ក្រុម​ចុង​ក្រោយ​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹង​ត្រូវ​រង់ចាំ​ការ​ប្រកួត​កាត់សេចក្តី​នៅ​ជើង​ទី​២ នៅ​យប់​ថ្ងៃ​ទី​០៣ ខែមេសា​នេះ រវាង​ក្រុម​បឹង​កេ​ត និង​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ដោយ​កាលពី​ជើង​ទី​១ បឹង​កេ​ត ក្នុង​នាម​ជា​ក្រុម​ភ្ញៀវ​បាន​យកឈ្នះ អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ២-០​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ ២០២៤-២០២៥​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ ទាំង​២​ប្រកួត​សម្រាប់​ជើង​ទី​១ ហើយ​ជើង​ទី​២​គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​០៧-០៨ ខែឧសភា ឆ្នាំ​២០២៥​។ ២​ក្រុម​ចាញ់​ៗ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​នឹង​ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​២​ក្រុម​ឈ្នះ​ៗ​នឹង​ត្រូវ​ឡើង​ទៅ​ប្រជែង​ម្ចាស់​ដំណែង​ជើងឯក នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ខាង​មុខ​៕

Previous articleEverton បង្ហាញចំណាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាករ Chris Rigg
Next articleលោក NICOLAS CHARLES GREZAULI នឹងក្លាយជាគ្រូ​យុវជន​កម្រិត​ខ្ពស់​ពី FIFA Talent Coach Program ដើម្បី​អភិវឌ្ឍន៍​យុវជន នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ (​បាទី​)