ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបិទការប្រកួតកីឡាវាយសី មិត្តភាពជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅទីលានវាយសី ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ នារសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង សមាជិក សមាជិកាក្លឹបកីឡាវាយសី SBC ក្រុងព្រះសីហនុ គណៈកម្មការរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការនៃការប្រកួតកីឡាវាយសីប្រព្រឹត្តទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមានដែលយើងទាំងអស់គ្នាអាចទទួលយកបាន ព្រោះការលេងកីឡាវារមែងតែងតែមានក្រុមឈ្នះ និងក្រុមអ្នកចាញ់។ រដ្ឋបាលខេត្តព្រះសីហនុបានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស និងការអនុវត្តនៅលើទីលាន ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីរបស់យើងឱ្យកាន់តែខ្លាំងពូកែ មានថាមពលសម្រាប់ចូលរួមប្រកួត ដណ្តើមយកជ័យជម្នះក្នុងការប្រកួតនានា។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនស្រឡាញ់កីឡា ចូលចិត្តលេងកីឡា និងការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទា និងទប់ស្កាត់នូវការឈឺថ្កាត់ដូចជា ជំងឺទាក់ទងទៅនឹងបេះដូង និងការដាច់សរសៃខួរក្បាល ឬក៏ប្រភេទជំងឺផ្សេងៗទៀតផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កីឡាវាយសីគឺជាប្រភេទកីឡាដែលងាយស្រួលលេងជួយបង្កើនសកម្មភាពសប្បាយៗក្នុងសហគមន៍ និងផ្តល់អត្ថប្រយោជន៍ជាច្រើនលើរាងកាយចំនួន ៥ចំណុច ដូចជា៖ ១. ពង្រឹងកាយសម្បទាកីឡាវាយសី មានចលនាដូចជារត់តិចៗ ជើងទប់លំនឹង និងប្រើកម្លាំងដៃ ដើម្បីវាយគ្រាប់សីត្រឡប់ទៅវិញទៅមក ជាកត្តានាំឱ្យដុតខ្លាញ់នៅលើរាងកាយ ហើយអាចសម្រកទម្ងន់បានខ្លះ។ ការលេងវាយសី ត្រឹមតែមួយម៉ោងប៉ុណ្ណោះ អាចដុតកាឡូរីរហូតទៅដល់៤៥០។ ២. អភិវឌ្ឍសមត្ថភាព ដើម្បីលេងកីឡាផ្សេងៗទៀត កីឡាវាយសី ជាប្រភេទកីឡាដែលតម្រូវឱ្យអ្នកលេងមានភាពលឿនរហ័សទាំងរាងកាយ ស្មារតី ដូច្នេះត្រូវការយកចិត្តទុកដាក់ និងមានថាមពលជាហេតុនាំឱ្យរាងកាយ អាចអភិវឌ្ឍល្បឿន មានភាពបត់បែន។ ក្រៅពីនោះវាបានជំរុញឱ្យមនុស្សមានភាពវៃឆ្លាត ដោយសារអ្នកលេងត្រូវដឹងអំពីរបៀបបង្វែរដានគូប្រកួត និងកុំឱ្យដៃគូស្មានដឹងពីកម្លាំងដែលបញ្ជូនគ្រាប់សី។ ៣. ពង្រឹងសុខភាពផ្លូវចិត្ត ដោយសារកីឡាវាយសី អាចឱ្យសុខភាពផ្លូវកាយមានភាពរឹងមាំ ដូច្នេះវាក៏អាចធ្វើឱ្យយើងកាត់ បន្ថយការបាក់ទឹកចិត្ត និងភាពតានតឹង។ ការធ្វើលំហាត់ប្រាណ បានបង្កើនអរម៉ូនអង់ដូហ្វីន ដែលអាចធ្វើឱ្យអារម្មណ៍ល្អជាងមុន មួយវិញទៀតវាអាចធ្វើឱ្យការគេងមានភាពស្ងប់។ ៤. ទំនាក់ទំនងក្នុងសង្គម កីឡាវាយសី អ្នកប្រាកដជាត្រូវការដៃគូ ដើម្បីលេង ឬប្រកួតប្រជែងយ៉ាងហោចណាស់ក៏ម្នាក់ដែរ។ យ៉ាងណាមិញ អ្នកក៏ត្រូវការក្រុមមកលេង ដើម្បីជំរុញទឹកចិត្តក្នុងការបន្តសកម្មភាពធ្វើទំនាក់ទំនងតាមរយៈកីឡាវាយសី ជាវិធីមួយធ្វើឱ្យគ្រប់ភាគីមានអារម្មណ៍ល្អនឹងគ្នា។ ៥. ល្អសម្រាប់សុខភាពគ្រប់ផ្នែក កីឡាវាយសី អាចកាត់បន្ថយ ឬក៏លុបបំបាត់ហានិភ័យបញ្ហាសុខភាពនានា ដូចជាសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងការលើសទម្ងន់ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិ បង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ និងបំផុសចល នាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិសេស យុវជនឱ្យមានសក្តានុពលផ្នែកបរិមាណ និងគុណភាព។ វិស័យអប់រំ កាយ និងកីឡាមិនគ្រាន់តែ ផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់ យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមាន ការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ចរិយាធម៌៕