លោក ខេស៊ី បាណេត ៖ ការប្រកួតកីឡាចំបាប់យុវជនជាការបង្កើតឱកាស ដល់យុវជនបញ្ចេញសមត្ថភាព ដើម្បីបន្តជំរុញដល់ដំណើរការអភិវឌ្ឍ

ភ្នំពេញ៖ លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​ចំបាប់​យុវជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៥​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​កីឡា​ចំបាប់​កម្ពុជា​ឱ្យ​ដូច​បណ្តាល​ប្រទេស​នានា ក្នុង​ការ​បង្កើត​ឱកាស​ឱ្យ​យុវវ័យ​បង្ហាញ​នូវ​សមត្ថភាព​អន្តរជាតិ​ពិតប្រាកដ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​យុវវ័យ​ចេះ​ហ្វឹកហាត់​កីឡា​ជា​សុខភាព និង​ជំនាញ​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ខេ​ស៊ី បា​ណេ​ត ក្នុង​ឱកាស​បិទ​បញ្ចប់​ដោយ​ជោគជ័យ ការ​ប្រកួត​កីឡា​ចំបាប់​យុវជន ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥​។

លោក ខេ​ស៊ី បា​ណេ​ត បាន​គូសបញ្ជាក់​ថា តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​រយៈពេល​២​ថ្ងៃនេះ លោក​បាន​វាយតម្លៃ​ថា ការ​ប្រកួត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ និង​ប្រកបដោយ​ភាព​ស្រស់​ស្អាត សប្បាយ​រីករាយ មិត្តភាព និង​សុវត្ថិភាព ព្រមទាំង​មានការ​គាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​។ ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២៥ នេះ​មាន​សមាគម ក្លឹ​ប ប្រតិភូ និង​កីឡាករ កីឡាការិនី ចូលរួម​ចំនួន​១៧​ក្លឹ​ប​សរុប​មាន​ចំនួន ១៩៥​នាក់ ក្នុង​នោះ​ប្រតិភូ គ្រូបង្វឹក ៣៤​នាក់ កីឡាករ ១០៨ នាក់ កីឡាការិនី ៥៣​នាក់​។ ការ​រៀបចំ​ប្រកួត​នេះ ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​វិទ្យាស្ថាន​ខេ​ម​អេ​ដ (CamEd Business School) និង​សហការ​ឧបត្ថម្ភ​ដោយ The Beach កសិដ្ឋាន​អមរៈ និង​Sephora Sport Center​។

ក្នុង​នាម​តំណាង​ប្រធាន​សហព័ន្ធ លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​អនុញ្ញាត​ឱ្យ​សហព័ន្ធ​កីឡា​កីឡា​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​កីឡា​កីឡា​ចំបាប់​យុវជន ថ្នាក់​ជាតិ​នេះ​ឡើង​។ ជាមួយ​គ្នា​នេះ លោក ខេ​ស៊ី បា​ណេ​ត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​ប្រ​តិ​ប​តិ្ត​សហព័ន្ធ​កីឡា​ចំបាប់ គ្រូបង្វឹក ចៅក្រម មន្ត្រី​បច្ចេកទេស​ទាំងអស់ ដែល​ជួយ​រៀបចំ​ដំណើរការ​ការ​ប្រកួត​នេះ​ដោយ​រលូន និង​ជោគជ័យ​។

គួរ​បញ្ជាក់​ថា ជ័យ​លា​ភី​ចំណាត់ថ្នាក់ រួម​មាន​៖ ចំណាត់ថ្នាក់​លេខ​១ ក្លឹ​ប​កីឡា​ចំបាប់​ព្រះ​ធាតុ​ខេត្តពោធិ៍សាត់ ឈ្នះ​មេដាយមាស ៣ និង​មេដាយ​សំរឹទ្ធ​១, ចំណាត់ថ្នាក់​លេខ​២ ក្លឹ​ប Kiri Jiu-Jutsu Wrestling មេដាយមាស​២ ប្រាក់​២ ខណៈ​លេខ​៣ បាន​ទៅ​លើ​ក្លឹ​ប​ខេ​ម​អេ​ដ (CamEd Wrestling) មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​២​។ ចំពោះ​ក្លឹ​ប​៥​ទៀត​ដណ្តើម​បាន​មេដាយមាស​ម្នាក់​១​គ្រឿង​ដូច​គ្នា ព្រមទាំង​ទទួល​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ​មួយ​ចំនួន​ទៀត និង​ឈរ​នៅ​លេខ​រៀង​បន្ទាប់ ក្នុង​ចំណោម​១៦​ក្លឹ​ប ខណៈ​ក្លឹ​ប​តែ​២​ប៉ុណ្ណោះ ដែល​មិន​ទទួល​បាន​មេដាយ​សោះ​៕

Previous articleបិទការប្រកួតកីឡាវាយសីមិត្តភាពជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ
Next articleសហព័ន្ធខ្មែរកីឡាហាប់គីដូប្រគល់លិខិតបញ្ជាក់ខ្សែក្រវាត់ តាមកម្រិតនីមួយៗជូនដល់សិស្សគុន ២០នាក់