សហព័ន្ធខ្មែរកីឡាហាប់គីដូប្រគល់លិខិតបញ្ជាក់ខ្សែក្រវាត់ តាមកម្រិតនីមួយៗជូនដល់សិស្សគុន ២០នាក់

ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​រៀបចំ​ពិធី​ប្រគល់​លិខិតបញ្ជាក់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស​គុន​របស់​ខ្លួន​ចំនួន ២០​នាក់ នៅ​ទីស្នាក់ការ​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ អូ​ឡាំ​ពិ​ក កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥​។

លោក គួ​ច ហុង​ជៀក ប្រធាន​ស្ដីទី​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បាន​គូសបញ្ជាក់​ថា កម្មវិធី​នេះ គឺជា​ការ​វាស់​កម្រិត​សមត្ថភាព​កីឡាករ​-​កីឡាការិនី ដែល​បាន​ខិតខំ​ប្រឹងប្រែង ហ្វឹកហាត់​កន្លង​មក​។ ដូច្នេះ​នេះ​អាច​បញ្ជាក់​ថា កីឡាករ​-​កីឡាការិនី ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឡើង​ខ្សែក្រវាត់​មួយ​កម្រិត​ទៀត​។ បន្ថែម​ពីលើ​នេះ លោក គួ​ជ ហុង​ជៀង ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ឱ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ដុសខាត់​សមត្ថភាព​ឱ្យ​កាន់តែ​មុត​ស្រួច ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ការ​ប្រកួត​អន្ដរជាតិ នៅ​ឥណ្ឌូ​ណេ​ស៊ី ឆ្នាំ​២០២៥ នា​ពេល​ខាង​មុខ​ផង​ដែរ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ បាន​គូសបញ្ជាក់​ថា កីឡាករ​-​កីឡាការិនី ដែល​ទទួល​បាន​លិខិតបញ្ជាក់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​បញ្ជាក់​នេះ រួម​មាន​សិស្ស​គុន​ទទួល​បាន​លិខិតបញ្ជាក់​ខ្សែ ក្រវាត់បៃតង​ចំនួន ១០​នាក់​, វិញ្ញាបនបត្រ​ខ្សែក្រវាត់​ពណ៌​ត្នោត ៥​នាក់ និង​ខ្សែក្រវាត់​ខ្មៅ ១​ដាន់​ចំនួន ៥​នាក់​។ លោក​អគ្គលេខាធិការ​បន្ថែម​ថា តាម​រយៈ​ការ​ផ្តល់​ជូន​កម្រិត​ខ្សែក្រវាត់​តាម​កម្រិត​នីមួយ​ៗ​នេះ គឺជា​ការ​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ កីឡាការិនី​ទាំងអស់ ហើយ​ថ្នាក់ដឹកនាំ​សហព័ន្ធ​តែងតែ​លើកទឹកចិត្ត ជូន​ដល់​ពួក​គាត់ ក្នុង​គោលដៅ​រួម​គ្នា​បន្ត​ដំណើរការ​អភិវឌ្ឍ​ជំនាញ​កីឡា​ហាប់​គី​ដូ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​៕

Previous articleលោក ខេស៊ី បាណេត ៖ ការប្រកួតកីឡាចំបាប់យុវជនជាការបង្កើតឱកាស ដល់យុវជនបញ្ចេញសមត្ថភាព ដើម្បីបន្តជំរុញដល់ដំណើរការអភិវឌ្ឍ
Next articleលឹប RB Leipzig ព្រមព្រៀងផ្ទេរយកកីឡាករ Ezechiel Banzuzi