បិទការប្រកួតកីឡាវាយសីមិត្តភាពជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​បិទ​ការ​ប្រកួត​កីឡា​វាយ​សី មិត្តភាព​ជ្រើសរើស​ជើងឯក​ពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ទីលាន​វាយ​សី ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​អនុ​វិទ្យាល័យ​សម្តេចឪ ក្រុងព្រះសីហនុ នា​រសៀល​ថ្ងៃអាទិត្យ ទី​០៦ ខែមេសា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​គ្រប់គ្រង សមាជិក សមាជិកា​ក្លឹ​ប​កីឡា​វាយ​សី SBC ក្រុងព្រះសីហនុ គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​អ្នក​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ ចិត្ត ប្រាជ្ញា​ស្មារតី និង​បច្ចេកទេស​ក្នុង​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា និង​បាន​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ​ប្រកួត​កីឡា​វាយ​សី​ប្រព្រឹត្ត​ទៅ​កាន់តែ​មាន​សុក្រឹតភាព និង​ទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​ដែល​យើង​ទាំងអស់​គ្នា​អាច​ទទួលយក​បាន ព្រោះ​ការ​លេង​កីឡា​វា​រមែង​តែងតែមាន​ក្រុម​ឈ្នះ និង​ក្រុម​អ្នក​ចាញ់​។ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ទាំង​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស និង​ការ​អនុវត្ត​នៅ​លើ​ទីលាន ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ និង​កីឡាការិនី​របស់​យើង​ឱ្យ​កាន់តែ​ខ្លាំងពូកែ មាន​ថាមពល​សម្រាប់​ចូលរួម​ប្រកួត ដណ្តើម​យកជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​នានា​។

ទន្ទឹម​នឹង​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​លើកទឹកចិត្ត និង​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​រូបភាព ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​គាំទ្រ​ការ​លេង​កីឡា និង​ការ​បំពាក់​ឧបករណ៍​កីឡា​នៅ​តាម​ទី​សាធារណៈ ក្នុង​គោលបំណង​បំផុសទឹកចិត្ត​ប្រជាជន​ស្រឡាញ់​កីឡា ចូល​ចិត្ត​លេង​កីឡា និង​ការ​ហាត់ប្រាណ ដើម្បី​ពង្រឹង​កាយសម្បទា និង​ទប់ស្កាត់​នូវ​ការ​ឈឺ​ថ្កាត់​ដូច​ជា ជំងឺ​ទាក់ទង​ទៅ​នឹង​បេះដូង និង​ការ​ដាច់​សរសៃ​ខួរក្បាល ឬ​ក៏​ប្រភេទ​ជំងឺ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា កីឡា​វាយ​សី​គឺជា​ប្រភេទ​កីឡា​ដែល​ងាយស្រួល​លេង​ជួយ​បង្កើន​សកម្មភាព​សប្បាយ​ៗ​ក្នុង​សហគមន៍ និង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​លើ​រាង​កាយ​ចំនួន ៥​ចំណុច ដូច​ជា​៖ ១. ពង្រឹង​កាយសម្បទា​កីឡា​វាយ​សី មាន​ចលនា​ដូច​ជា​រត់​តិច​ៗ ជើង​ទប់​លំនឹង និង​ប្រើ​កម្លាំង​ដៃ ដើម្បី​វាយ​គ្រាប់​សី​ត្រឡប់​ទៅ​វិញ​ទៅ​មក ជា​កត្តា​នាំ​ឱ្យ​ដុត​ខ្លាញ់​នៅ​លើ​រាង​កាយ ហើយ​អាច​សម្រក​ទម្ងន់​បាន​ខ្លះ​។ ការ​លេង​វាយ​សី ត្រឹមតែ​មួយ​ម៉ោង​ប៉ុណ្ណោះ អាច​ដុត​កាឡូរី​រហូត​ទៅ​ដល់​៤៥០​។ ២. អភិវឌ្ឍ​សមត្ថភាព ដើម្បី​លេង​កីឡា​ផ្សេង​ៗ​ទៀត កីឡា​វាយ​សី ជា​ប្រភេទ​កីឡា​ដែល​តម្រូវ​ឱ្យ​អ្នកលេង​មាន​ភាព​លឿន​រហ័ស​ទាំង​រាង​កាយ ស្មារតី ដូច្នេះ​ត្រូវការ​យកចិត្តទុកដាក់ និង​មាន​ថាមពល​ជា​ហេតុ​នាំ​ឱ្យ​រាង​កាយ អាច​អភិវឌ្ឍ​ល្បឿន មាន​ភាព​បត់បែន​។ ក្រៅពី​នោះ​វា​បាន​ជំរុញ​ឱ្យ​មនុ​ស្សមានភាព​វៃឆ្លាត ដោយសារ​អ្នកលេង​ត្រូវ​ដឹង​អំពី​របៀប​បង្វែរ​ដាន​គូប្រកួត និង​កុំឱ្យ​ដៃគូ​ស្មាន​ដឹង​ពី​កម្លាំង​ដែល​បញ្ជូន​គ្រាប់​សី​។ ៣. ពង្រឹង​សុខភាព​ផ្លូវចិត្ត ដោយសារ​កីឡា​វាយ​សី អាច​ឱ្យ​សុខភាព​ផ្លូវ​កាយ​មាន​ភាពរឹងមាំ ដូច្នេះ​វា​ក៏​អាច​ធ្វើ​ឱ្យ​យើង​កាត់ បន្ថយ​ការ​បាក់ទឹកចិត្ត និង​ភាព​តានតឹង​។ ការ​ធ្វើ​លំ​ហាត់ប្រាណ បាន​បង្កើន​អរ​ម៉ូ​ន​អង់​ដូ​ហ្វី​ន ដែល​អាច​ធ្វើ​ឱ្យ​អារម្មណ៍ល្អ​ជាង​មុន មួយវិញទៀត​វា​អាច​ធ្វើ​ឱ្យ​ការ​គេង​មាន​ភាព​ស្ងប់​។ ៤. ទំនាក់ទំនង​ក្នុង​សង្គម កីឡា​វាយ​សី អ្នក​ប្រាកដជា​ត្រូវការ​ដៃគូ ដើម្បី​លេង ឬ​ប្រកួតប្រជែង​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​។ យ៉ាងណាមិញ អ្នក​ក៏​ត្រូវការ​ក្រុម​មក​លេង ដើម្បី​ជំរុញ​ទឹកចិត្ត​ក្នុង​ការ​បន្តសកម្មភាព​ធ្វើ​ទំនាក់ទំនង​តាម​រយៈ​កីឡា​វាយ​សី ជា​វិធី​មួយ​ធ្វើ​ឱ្យ​គ្រប់​ភាគី​មាន​អារម្មណ៍ល្អ​នឹង​គ្នា​។ ៥. ល្អ​សម្រាប់​សុខភាព​គ្រប់​ផ្នែក កីឡា​វាយ​សី អាច​កាត់​បន្ថយ ឬ​ក៏​លុប​បំបាត់​ហានិភ័យ​បញ្ហា​សុខភាព​នានា ដូច​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម និង​ការ​លើស​ទម្ងន់​ជាដើម​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​អភិបាល​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថាន​ឯកជន សង្គម​ស៊ី​វិល អង្គការ​អន្តរជាតិ បង្កើន​ការ​យកចិត្តទុកដាក់ លើកកម្ពស់ និង​បំផុស​ច​ល នា​អប់រំ​កាយ និង​កីឡា​ក្នុង​ស្រទាប់​ប្រជាជន ជា​ពិសេស យុវជន​ឱ្យ​មាន​សក្តានុពល​ផ្នែក​បរិមាណ និង​គុណភាព​។ វិស័យ​អប់រំ កាយ និង​កីឡា​មិន​គ្រាន់តែ ផ្តល់​នូវ​កាយសម្បទា​រឹង​មាំ​ដល់​យុវជន យុវនារី​របស់ យើង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ធ្វើការ​អប់រំ​ទៅ​លើ​ផ្លូវចិត្ត និង​សីលធម៌ ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​មាន ការ​តស៊ូ​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន អំណត់​ព្យាយាម និង​ចេះ​យោគយល់​គ្នា ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ភាព​យុត្តិធម៌ ចរិយា​ធម៌​៕

Previous articleCR7 និង Zidane ជាកត្តាជម្រុញអោយ Mbappe ផ្ទេរមក Real Madrid
Next articleលោក ខេស៊ី បាណេត ៖ ការប្រកួតកីឡាចំបាប់យុវជនជាការបង្កើតឱកាស ដល់យុវជនបញ្ចេញសមត្ថភាព ដើម្បីបន្តជំរុញដល់ដំណើរការអភិវឌ្ឍ