ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំពិធីប្រគល់លិខិតបញ្ជាក់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សគុនរបស់ខ្លួនចំនួន ២០នាក់ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។
លោក គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូបានគូសបញ្ជាក់ថា កម្មវិធីនេះ គឺជាការវាស់កម្រិតសមត្ថភាពកីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែង ហ្វឹកហាត់កន្លងមក។ ដូច្នេះនេះអាចបញ្ជាក់ថា កីឡាករ-កីឡាការិនី ដែលមានសមត្ថភាពគ្រប់គ្រាន់អាចឡើងខ្សែក្រវាត់មួយកម្រិតទៀត។ បន្ថែមពីលើនេះ លោក គួជ ហុងជៀង ក៏បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឱ្យបន្តការខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពឱ្យកាន់តែមុតស្រួច ដើម្បីត្រៀមចូលរួមការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតអន្ដរជាតិ នៅឥណ្ឌូណេស៊ី ឆ្នាំ២០២៥ នាពេលខាងមុខផងដែរ។
បើតាមការបញ្ជាក់របស់លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធ បានគូសបញ្ជាក់ថា កីឡាករ-កីឡាការិនី ដែលទទួលបានលិខិតបញ្ជាក់វិញ្ញាបនបត្រ និងសញ្ញាបត្របញ្ជាក់នេះ រួមមានសិស្សគុនទទួលបានលិខិតបញ្ជាក់ខ្សែ ក្រវាត់បៃតងចំនួន ១០នាក់, វិញ្ញាបនបត្រខ្សែក្រវាត់ពណ៌ត្នោត ៥នាក់ និងខ្សែក្រវាត់ខ្មៅ ១ដាន់ចំនួន ៥នាក់។ លោកអគ្គលេខាធិការបន្ថែមថា តាមរយៈការផ្តល់ជូនកម្រិតខ្សែក្រវាត់តាមកម្រិតនីមួយៗនេះ គឺជាការបង្ហាញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីទាំងអស់ ហើយថ្នាក់ដឹកនាំសហព័ន្ធតែងតែលើកទឹកចិត្ត ជូនដល់ពួកគាត់ ក្នុងគោលដៅរួមគ្នាបន្តដំណើរការអភិវឌ្ឍជំនាញកីឡាហាប់គីដូឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕