រឿងសំខាន់ៗរបស់ព្រះខ័នស្វាយរៀង បានធ្វើឱ្យកម្ពុជាមានមោទនភាព ក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ភ្នំពេញ៖ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​កសាង​កំណត់​ត្រា​ថ្មី​មួយ​សម្រាប់​ខ្លួនឯង និង​បាល់ទាត់​កម្ពុជា តាម​រយៈ​ការ​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFC Challenge League ជា​លើក​ដំបូង បន្ទាប់​ពី​យកឈ្នះ​ក្រុម​មក​ពី​ឥណ្ឌូ​នេ​ស៊ី Madura United ក្នុង​លទ្ធផល ៦-៣ គ្រាប់ (២​ជើង​)​។ ជោគជ័យ​នេះ​បាន​នាំ​មក​នូវ​ចំណុច​សំខាន់​ៗ​ចំនួន សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា​៖

•​ ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​: ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ក្លាយជា​ក្លិប​ដំបូង​របស់​កម្ពុជា​ដែល​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFC Challenge League ដែល​ជា​ពានរង្វាន់​ក្លិប​អាស៊ី​លំដាប់​ទី​៣ បន្ទាប់​ពី​ការ​រង់ចាំ​អស់​រយៈពេល ១៤ ឆ្នាំ ពេល​ដែល​ភ្នំពេញ​ក្រោ​ន ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC President’s Cup កាលពី​ឆ្នាំ​២០១១ (​ពានរង្វាន់​នេះ​ត្រូវ​បាន​រំសាយ​នៅ​ឆ្នាំ​២០១៤ ហើយ​ទើប​ដំណើរការ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២៤ ក្រោម​ឈ្មោះ AFC Challenge League)​។

•​ ប្រាក់​រង្វាន់​ធំ​: សម្រាប់​ការ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ធានា​បាន​ប្រាក់​រង្វាន់​ចំនួន ៥០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ប្រសិនបើ​ពួក​គេ​ឈ្នះ​ជើងឯក ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​រហូត​ដល់ ១ លាន​ដុល្លារ​អា​មេ​រិ​ក​។

• ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​វគ្គ​ផ្តាច់ព្រ័ត្រ​: ក្នុង​រដូវ​កាល ២០២៤-២០២៥ នេះ កម្ពុជា​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ AFC Challenge League ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែឧសភា ឆ្នាំ ២០២៥​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​អាស៊ី គិត​ចាប់តាំងពី​សម័យ​ក្រោយ​សង្គ្រាម​មក​។

•​ ឱកាស​ក្នុង​ពានរង្វាន់ AFC Champions League Two: ការ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​បាន​ធានា​កៅអី ១​កន្លះ​សម្រាប់​ក្លិប​កម្ពុជា​ក្នុង​ការ​ចូលរួម​ពានរង្វាន់ AFC Champions League Two សម្រាប់​រដូវ​កាល ២០២៦-២០២៧ (១​កៅអី​លេង​វគ្គ​សន្សំ​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ និង​កន្លះ​កៅអី​ទៀត​លេង​វគ្គ​ជម្រុះ​)​។

•​ សិទ្ធិ​ចូលរួម AFC Champions League Two ភ្លាម​ៗ​បើ​ឈ្នះ​ជើងឯក​: ប្រសិនបើ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង អាច​ឈ្នះ​ជើងឯក AFC Challenge League នា​ពេល​ខាង​មុខ ពួក​គេ​នឹង​ទទួល​បាន​កៅអី​លេង​ក្នុង​ពានរង្វាន់ AFC Champions League Two សម្រាប់​រដូវ​កាល ២០២៥-២០២៦ តែ​ម្តង ដោយ​មិន​ចាំបាច់​រង់ចាំ​ដល់​រដូវ​កាល ២០២៦-២០២៧ ឡើយ​៕

Previous articleព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារផ្ទះទទួលក្រុមខ្លាំង FK Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣អាស៊ី
Next articleលោក Conceição និងកីឡាករ João Félix រំពឹងថានឹងចាកចេញពី AC Milan