ភ្នំពេញ៖ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមក្រុមបាល់ទាត់ Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024-25 នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដែលការប្រកួតនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតតេជោ ទឹកដីកម្ពុជា។ ក្រុមស្វាយរៀង បានកក់លុយ ៥០ម៉ឺនដុល្លាររួចរាល់ ក្រោយឈ្នះ Madura United ទាំងពីរជើង និងត្រៀមប្រជែងជើងឯក ជាមួយទឹកប្រាក់ ១លានដុល្លារ។
គួររំលឹកផងថា ព្រះខ័នរាជស្វាយរៀង មុនការឈានមកដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ក្រុមនៃលីគកំពូលកម្ពុជាមួយនេះ បានឆ្លងកាត់ការលេងវគ្គចែកពូលនាមជាក្រុមលេខ២ ចេញពីពូល E បន្ទាប់ពីរកបាន ៣ពិន្ទុ ហើយនៅវគ្គ ៨ក្រុមបន្តយកឈ្នះក្រុម Shan United សរុបទាំងពីរជើង ៧-៤ ខណៈជើងទី២ លេងស្មើជាមួយក្រុម Madura United ៣-៣ យ៉ាងស្វិតស្វាញ តែសរុបទាំងពីរជើង ៦-៣ ដោយជើងទី១យកឈ្នះ ៣-០។
សម្រាប់គូប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024-25 របស់ព្រះខ័នរាជស្វាយរៀង មានអាយុទើបតែ ២ឆ្នាំប៉ុណ្ណោះ និងបង្កើតឡើងដោយប្រធានាធិបតីរបស់ប្រទេសតួរមេនីស្ថាន។
FK Arkadag ជាក្លិបក្មេងខ្ចីមួយដែលបានបង្កើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយអតីត ប្រធានាធិបតីរបស់ប្រទេសតួរមេនីស្ថាន លោក Gurbanguly Berdimuhamedow។
FK Arkadag ក៏ជាក្រុមដែលទទួលបានជោគជ័យយ៉ាងខ្លាំងដោយឈ្នះពាន គ្រប់ព្រឹត្តិការណ៍ក្នុងស្រុកទាំងអស់ ដែលខ្លួនចូលរួមប្រកួត៕