ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកសាងកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង និងបាល់ទាត់កម្ពុជា តាមរយៈការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ជាលើកដំបូង បន្ទាប់ពីយកឈ្នះក្រុមមកពីឥណ្ឌូនេស៊ី Madura United ក្នុងលទ្ធផល ៦-៣ គ្រាប់ (២ជើង)។ ជោគជ័យនេះបាននាំមកនូវចំណុចសំខាន់ៗចំនួន សម្រាប់វិស័យបាល់ទាត់កម្ពុជា៖
• ឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង: ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្លិបដំបូងរបស់កម្ពុជាដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ដែលជាពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ បន្ទាប់ពីការរង់ចាំអស់រយៈពេល ១៤ ឆ្នាំ ពេលដែលភ្នំពេញក្រោន ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC President’s Cup កាលពីឆ្នាំ២០១១ (ពានរង្វាន់នេះត្រូវបានរំសាយនៅឆ្នាំ២០១៤ ហើយទើបដំណើរការឡើងវិញក្នុងឆ្នាំ២០២៤ ក្រោមឈ្មោះ AFC Challenge League)។
• ប្រាក់រង្វាន់ធំ: សម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ ព្រះខ័នរាជស្វាយរៀង ធានាបានប្រាក់រង្វាន់ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក។ ប្រសិនបើពួកគេឈ្នះជើងឯក ពួកគេនឹងទទួលបានប្រាក់រង្វាន់បន្ថែមរហូតដល់ ១ លានដុល្លារអាមេរិក។
• កម្ពុជាធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ: ក្នុងរដូវកាល ២០២៤-២០២៥ នេះ កម្ពុជាត្រូវបានផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ដែលនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥។ នេះគឺជាលើកដំបូងហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាស៊ី គិតចាប់តាំងពីសម័យក្រោយសង្គ្រាមមក។
• ឱកាសក្នុងពានរង្វាន់ AFC Champions League Two: ការឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះបានធានាកៅអី ១កន្លះសម្រាប់ក្លិបកម្ពុជាក្នុងការចូលរួមពានរង្វាន់ AFC Champions League Two សម្រាប់រដូវកាល ២០២៦-២០២៧ (១កៅអីលេងវគ្គសន្សំពិន្ទុដោយស្វ័យប្រវត្តិ និងកន្លះកៅអីទៀតលេងវគ្គជម្រុះ)។
• សិទ្ធិចូលរួម AFC Champions League Two ភ្លាមៗបើឈ្នះជើងឯក: ប្រសិនបើ ព្រះខ័នរាជស្វាយរៀង អាចឈ្នះជើងឯក AFC Challenge League នាពេលខាងមុខ ពួកគេនឹងទទួលបានកៅអីលេងក្នុងពានរង្វាន់ AFC Champions League Two សម្រាប់រដូវកាល ២០២៥-២០២៦ តែម្តង ដោយមិនចាំបាច់រង់ចាំដល់រដូវកាល ២០២៦-២០២៧ ឡើយ៕