មន្ទីអប់រំខេត្តកណ្តាលប្រកាសរៀបចំកីឡាមហាជនប្រចាំឆ្នាំ២០២៥ ដើម្បីស្វែងរកធនធានឆ្នើមៗប្រចាំថ្នាក់ខេត្ត

ភ្នំពេញ៖ ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​បាន​ប្រកាស​ពី​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​មហាជន​ជ្រើសរើស ជើងឯក​ខេត្តកណ្តាល ប្រចាំឆ្នាំ​២០២៥ រយៈពេល​៧​ថ្ងៃ ពី​ថ្ងៃ​ទី​២២-២៨ ខែមេសា ឆ្នាំ ២០២៥ នៅ​តាម​ទីលាន​របស់​ខេត្តកណ្តាល​តែ​ម្តង​។

នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក ពៅ វ​ណ្ណា ប្រធាន​ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស និង​ចាប់ឆ្នោត​ចែក​ពូ​ល លើ​ប្រភេទ​កីឡា​ទាំង​៣ នៅ​ការិយាល័យ អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល កាលពី​ចុង​ស​ប្តា​ហ៍​នេះ​។

លោក ពៅ វ​ណ្ណា បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល​ប្រចាំឆ្នាំ​២០២៥​នេះ​មាន​គោលបំណង​ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​នៃ​ប្រភេទ​កីឡា​ទាំង​៣​នេះ សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២៥ នា​ពេល​ខាង​មុខ​នេះ​។ បន្ថែម​ពីលើ​នេះ តាម​រយៈ​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ការ​បំ​ផុ​ស្មារតី​ដល់​យុវជន មហាជន​ឱ្យ​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព ក៏​ដូច​ជា​បញ្ជៀ​ស​ឱ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេង​ៗ​ជា​ពិសេស​គឺ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​តែ​ម្តង​។

ព្រឹត្តិការណ៍​កីឡា​មហាជន​ខេត្តកណ្តាល​ត្រូវ​បាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល​រៀបចំ​លើ​៣​ប្រភេទ​កីឡា ដូច​ជា​បាល់ទាត់ បាល់បោះ និង​បាល់ទះ​។ ចំពោះ​ប្រភេទ​បាល់ទាត់​មាន ១០ ក្រុម​ចូលរួម​ប្រកួត រួម​មាន​ក្រុម SCV FC ក្រុម ME FC ក្រុម ព្រះ​នរាយ៍ FC ក្រុម​បក្សី​ក្រហម ក្រុម​៩៩៩ ក្រុម​វិទ្យាល័យ​ជ័យ​វ​រ័​ន្ម​ទី​៧ ក្រុម​យុវជន​វត្ត​សិរី​បន្ទាយដែក ក្រុម​យុ​ជន​ស្រុក​កណ្តាលស្ទឹង ក្រុម​យុវជន​លើក​ដែក និង​ក្រុម​តា​ខ្មៅ​ស្រុក​យើង​។ រីឯ​ប្រភេទ​កីឡាបាល់បោះ មាន ១២ ក្រុម​ក្នុង​នោះ​ក្រម​កីឡាករ​មាន ៦ ក្រុម និង​ក្រុមកីឡា​ការិនី​មាន ៦ ក្រុម ខណៈ​ប្រភេទ​កីឡាបាល់ទះ មាន ៩ ក្រុម​ក្នុង​នោះ​ក្រុម​កីឡាករ ៤​ក្រុម និង​ក្រុមកីឡា​ការិនី ៥​ក្រុម​៕

Previous articleJaidon Anthony អាចនឹងទៅចូលរួមជាមួយ Burnley ជាអចិន្ត្រៃយ៍ ព្រោះតែលក្ខខណ្ឌមួយនេះ
Next articleអ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ឆ្នាំ២០២៥ រំពឹងមានកីឡាករជាតិ-អន្តរជាតិចូលរួមជាង ២០០នាក់