អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ឆ្នាំ២០២៥ រំពឹងមានកីឡាករជាតិ-អន្តរជាតិចូលរួមជាង ២០០នាក់

ភ្នំពេញ៖ កីឡាករ​ប្រណាំង​ម៉ូតូ​ត្រៃ ដែល​ត្រៀម​ចូលរួម​ប្រកួត ក្នុង​មហា ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ ENEOS ប្រចាំឆ្នាំ​២០២៥​បាន​ចូលរួម​ហាត់​សម កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ នៅ​ទីលានប្រណាំង​ម៉ូតូ ក្នុង​ដី​ឡូ​តិ៍​អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់ នៅ​ជាប់​ច្រកចូល​សួនសត្វ ភ្នំពេញ​សា​ហ្វា​រី តាម​បណ្តោយ​មហាវិថី ឈ្នះ ឈ្នះ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ខណៈ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​រំពឹង​ថា​នឹង​មាន​កីឡាករ​ជាតិ​-​អន្តរជាតិ​ចូលរួម​ប្រជែង​ជើងឯក​ជាង ២០០​នាក់​។

លោក ពេជ្រ សុខា អ្នក​រៀបចំ​មហា​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ ENEOS ប្រចាំឆ្នាំ​២០២៥ នៅ​ទីលាន​អ្នកឧកញ៉ា​លី​យ៉ុ​ង​ផាត់ រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១០-១១ ខែឧសភា ឆ្នាំ​២០២៥ ដែល​ជាទី​លាន​ថ្មី ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ប្រេងម៉ាស៊ីន ENEOS ដែល​ជួយ​ជំរុញ​គាំទ្រ​ឱ្យ​មានការ​ប្រណាំង​ម៉ូត​នេះ​កើតឡើង ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ជំនាញ​កីឡា​ប្រណាំង​ម៉ូតូ​មួយ​នេះ​ឱ្យ​កាន់តែ​រីក​ច​ម្រើ​បន្ថែម​ទៀត​។ អ្នក​រៀបចំ​រូប​នេះ​បន្ថែម​ថា ការ​រៀបចំ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ធំ​ជាង​រាល់​ឆ្នាំ ដោយ​លោក​រំពឹង​ថា​នឹង​មានការ​ចូលរួម​ប្រកួតប្រជែង​ពី​កីឡាករ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​កុះករ​ច្រើន​ជាង ២០០​នាក់ និង​លើ​វិញ្ញាសា​ទាំង​១០​។

លោក ពេជ្រ សុខា គូសបញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​ទីលាន​ចាស់ ដោយសារ​តែ​ទីលាន​ថ្មី​នេះ​អាច​នឹង​រៀបចំ​បាន​យូរអង្វែង ដែល​ទទួល​បាន​កិច្ចសហការ​ជាមួយ​អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​បាន​ចូលរួម​ហាត់​សមលេង​កីឡា​ប្រណាំង​ម៉ូតូ​ត្រៃ ក៏​ដូច​ជា​ប្រកួតប្រជែង ក្នុង​មហា​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ ដណ្តើម​ជើងឯក ENEOS ឆ្នាំ​២០២៥​នេះ​ផង​ដែរ​។

ក្នុង​បទ​ពិសោធ​រៀបចំ​ជំនាញ​កីឡា​ប្រណាំង​ម៉ូតូ​រយៈពេល​១០​ឆ្នាំ លោក ពេជ្រ សុខា បាន​លើក​បង្ហាញ​ទៀត​ថា ទីលាន​ថ្មី​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង ដោយសារ​តែ​ទីលាន​នៅ​ឆ្ងាយ​ពី​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ ដោយ​មិន​បង្ក​សំឡេង​រំខាន​ក្នុង​ការ​ប្រណាំង​ដល់​ប្រជាពលរដ្ឋ ហើយ​ក៏​មាន​ភាព​ងាយស្រួល​នៅ​ជិត​ផ្លូវ​ធំ ខណៈ​ទីលានប្រណាំង​នេះ​មាន​ទំហំ​ជាង​៦​ហិ​កតា និង​មាន​រយៈពេល​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ​។

ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ ដណ្តើម​ជើងឯក ENEOS ឆ្នាំ​២០២៥​ត្រូវ​បាន​រៀបចំ​លើ​១០​វិញ្ញាសា ដែល​មាន​គ្រប់​កម្រិត និង​វិញ្ញាសា​ចំនួន​១០ ទាំង​ផ្នែក​ជំនាញ​កម្រិត​ខ្ពស់ បូក​រួម​ទាំង​ផ្នែក​យុវជន និង​វ័យចាស់​ចាប់ពី​៤០​ឆ្នាំ​ឡើង​ក៏​អាច​ចូលរួម​ប្រកួតប្រជែង​បាន​ដែរ​។ ជា​ការ​កត់សម្គាល់ អ្នក​រៀបចំ​រូប​នេះ​សង្កត់ធ្ងន់​ថា ការ​ប្រកួត​នេះ​នឹង​មាន​កីឡាករ​បរទេស​៨​ប្រទេស ដែល​រស់នៅ​កម្ពុជា និង​មាន​កីឡាករ​ថ្មី​ៗ​មួយ​ចំនួន​ទៀត មក​ពី​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង អ៊ី​តា​លី តួ​ក​គី ថៃ និង​វៀតណាម ជាដើម​។ ជាមួយនឹង​ការ​ចូលរួម​ប្រណាំង​របស់​កីឡាករ​បរទេស យើង​នឹង​អាច​វាស់​ស្ទង់​ពី​គុណភាព​បច្ចេកទេស​របស់​កីឡាករ​ក្នុង​ស្រុង​របស់​យើង​បាន​ថា​តើ​កីឡាករ​ក្នុងស្រុក​យើង​មាន​សមត្ថភាព​ប៉ុណ្ណា​ដែរ​។ ជាមួយ​គ្នា​នេះ លោក ពេជ្រ សុខា ក៏​បាន​អំពាវ​អាវ​ដល់​អ្នក​ប្រណាំង​ម៉ូតូ​នានា ចុះ​ឈ្មោះ​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង នា​ថ្ងៃ​ទី​១០-១១ ខែឧសភា ឆ្នាំ​២០២៥​ខាង​មុខ​។

តាម​រយៈ​ការ​ខិតខំ​រៀបចំ និង​ស្វែងរក​ដៃគូ​អភិវឌ្ឍ ដើម្បី​គាំទ្រ​ដល់​ដំណើ​ការ​ប្រកួត​នានា នា​ពេល​កន្លង​មក លោក​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​លើ​វិស័យ​កីឡា​ប្រណាំង​ម៉ូតូ​ត្រៃ នៅ​កម្ពុជា​ថា ពី​ពេល​មុន កីឡាករ​កម្រិត A មាន​ត្រឹមតែ ៧-៨​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​បាន​កើនឡើង​ដល់ ១៨​នាក់ រីឯ​កម្រិត B កើនឡើង​ដល់​៤០​នាក់ ខណៈ​កម្រិត C កើនឡើង​ដល់ ៥០​នាក់ ដែល​នេះ​ជា​ការ​ចូលរួម​ហ្វឹកហាត់​ដុសខាត់​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​៕

Previous articleមន្ទីអប់រំខេត្តកណ្តាលប្រកាសរៀបចំកីឡាមហាជនប្រចាំឆ្នាំ២០២៥ ដើម្បីស្វែងរកធនធានឆ្នើមៗប្រចាំថ្នាក់ខេត្ត
Next articleទ្រីយ៉ាត្លុងកម្ពុជា ត្រៀមកីឡាករក្រោម១៧ឆ្នាំ២នាក់ចូលរួមប្រកួតកីឡាយុវជនអាស៊ី នាខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន