ភ្នំពេញ៖ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសពីការត្រៀមរៀបចំការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ រយៈពេល៧ថ្ងៃ ពីថ្ងៃទី២២-២៨ ខែមេសា ឆ្នាំ ២០២៥ នៅតាមទីលានរបស់ខេត្តកណ្តាលតែម្តង។
នេះបើតាមការគូសបញ្ជាក់របស់លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូល លើប្រភេទកីឡាទាំង៣ នៅការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល កាលពីចុងសប្តាហ៍នេះ។
លោក ពៅ វណ្ណា បានលើកឡើងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥នេះមានគោលបំណងដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២៥ នាពេលខាងមុខនេះ។ បន្ថែមពីលើនេះ តាមរយៈព្រឹត្តិការណ៍នេះក៏ជាការបំផុស្មារតីដល់យុវជន មហាជនឱ្យចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាបញ្ជៀសឱ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗជាពិសេសគឺជៀសឆ្ងាយពីគ្រឿងញៀនតែម្តង។
ព្រឹត្តិការណ៍កីឡាមហាជនខេត្តកណ្តាលត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលរៀបចំលើ៣ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់បោះ និងបាល់ទះ។ ចំពោះប្រភេទបាល់ទាត់មាន ១០ ក្រុមចូលរួមប្រកួត រួមមានក្រុម SCV FC ក្រុម ME FC ក្រុម ព្រះនរាយ៍ FC ក្រុមបក្សីក្រហម ក្រុម៩៩៩ ក្រុមវិទ្យាល័យជ័យវរ័ន្មទី៧ ក្រុមយុវជនវត្តសិរីបន្ទាយដែក ក្រុមយុជនស្រុកកណ្តាលស្ទឹង ក្រុមយុវជនលើកដែក និងក្រុមតាខ្មៅស្រុកយើង។ រីឯប្រភេទកីឡាបាល់បោះ មាន ១២ ក្រុមក្នុងនោះក្រមកីឡាករមាន ៦ ក្រុម និងក្រុមកីឡាការិនីមាន ៦ ក្រុម ខណៈប្រភេទកីឡាបាល់ទះ មាន ៩ ក្រុមក្នុងនោះក្រុមកីឡាករ ៤ក្រុម និងក្រុមកីឡាការិនី ៥ក្រុម៕