ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានត្រៀមកីឡាករយុវជនអាយុក្រោម១៧ឆ្នាំចំនួន២នាក់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ដែលគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២២ ខែមេសានេះថា ម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន បានរៀបចំប្រភេទកីឡាចំនួន២១ ខណៈកម្ពុជាកំពុងបង្កើនការហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាលយុវជន ត្រៀមចូលរួមប្រកួតប្រជែងកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន ចំនួន១៧ប្រភេទកីឡា។ នៅក្នុងចំណោមប្រភេទកីឡាទាំង១៧នេះ ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាក៏ត្រៀមយុវជនក្រោមអាយុ១៧ឆ្នាំ២នាក់ផងដែរ ដើម្បីចូលរួមប្រកួតប្រជែង លើវិញ្ញាសាទ្រីយ៉ាត្លុង ដែលមានវិញ្ញាសាតូចៗចំនួន៣បូកបញ្ជូលគ្នា គឺហែលទឹក រត់ប្រណាំង និងជិះកង់។
លោក ងិន សុខបញ្ញា គូសបញ្ជាក់ថា ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជាទាំងឈុតធំ និងឈុតយុវជនកំពុងបង្កើនការហ្វឹកហាត់ជុំគ្នា ក្រោមការប្រមូលផ្តុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសប៉ារ៉ែនផង និងត្រៀមចូលរួមប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ផង។ ប៉ុន្តែចំពោះកីឡាករក្រោម១៧ឆ្នាំរបស់ប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជាចំនួន២នាក់នោះ មិនទាន់ជ្រើសរើសថាកីឡាកររូបណានៅឡើយទេ ដោយកំពុងដំណើរការហ្វឹកហាត់បំប៉នបច្ចេកទេសសិន ហើយនៅជិតដល់ពេលចុះឈ្មោះប្រកួត ទើបគ្រូបង្វឹកពិនិត្យមើលសិទ្ធផលកីឡាករក្រោម១៧ឆ្នាំ២នាក់ ដែលមានកម្រិតខ្ពស់ៗជាងគេ ដាក់ឈ្មោះចូលរួមប្រកួតតែម្តង។
អគ្គលេខាធិការរូបនេះសង្កត់ធ្ងន់ថា ៖«U17 ទ្រីយ៉ាត្លុងកម្ពុជា យើងទើបហ្វឹកហាត់ត្រៀម យើងមិនទាន់ហ៊ាននិយាយទេអំពីថាតើពួកគាត់អាចនឹងប្រជែងបានមេដាយ ឬមានសិទ្ធផលកៀកនឹងមេដាយកម្រិតណាទេ ដោយឱ្យខំហ្វឹកហាត់បន្តសិន ជិតដល់ពេល ទើបយើងអាចពិនិត្យលើ Performance គាត់ចុងក្រោយ។ នោះយើងអាចសន្និដ្ឋានបានហើយថា នៅនៅក្នុងកម្រិតមេដាយ ឬកៀកមេដាយ។ល។ ការប្រកួតកីឡាយវុជនអាស៊ី (AYG) នៅប្រទេសប៉ារ៉ែននេះ ទោះប្រកួតក្នុងកម្រិតយុវជន ក្រោម១៧ឆ្នាំក្តី ប៉ុន្តែនេះជាការប្រកួតម្រិតទ្វិបអាស៊ី ដែលមានប្រទេសធំៗខ្លាំងៗ ដូចជា ជប៉ុន កូរ៉េជាដើម ហើយវាពិបាកសម្រាប់យើងក្នុងការដណ្តើមេដាយ ដូច្នេះត្រូវបន្តហ្វឹកហាត់ឱ្យខ្លាំក្លាបន្ថែមទៀត មុនដល់ពេលចេញប្រកួត»។
គួរបញ្ជាក់ថា ក្រៅពីការចូលរួមប្រកួតប្រជែងលើ១៧ប្រភេទកីឡារបស់កម្ពុជា ក្នុងការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៣ នៅប្រទេសបារ៉ែន នៅឆ្នាំ២០២៥នេះហើយ នឹងដល់វេនទទួលរៀបចំធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៩ខាងមុខរបស់កម្ពុជាវិញម្តង ដោយក្នុងកម្មវិធីបិទការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥នេះ កម្ពុជាក៏បានត្រៀមក្រុមអត្តពលិក សិល្បៈចូលរួមសម្តែងបង្ហាញខ្លួន និងទទួលទង់ ក្នុងនាមជាម្ចាស់ផ្ទះបន្តវេនពីប្រទេសបារ៉ែន មកកម្ពុជា នាឆ្នាំ២០២៩ ផងដែរ៕