អគ្គនាយកកីឡាណែនាំឱ្យប្រតិភូកីឡារាជធានីខេត្តរួមគ្នាជំរុញឱ្យការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដំណើរការដោយរលូន

ភ្នំពេញ៖ ឯកឧត្តម ប៉ុន សុខ អគ្គ​នាយ​កីឡា​តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជំរុញ​ប្រតិភូ​កីឡា​រាជធានី​ខេត្ត​ណែនាំ​បន្ត​ដល់​គ្រូបង្វឹក កីឡាករ កីឡាការិនី​វ័យក្មេង​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​បច្ចេកទេស វិន័យ ក្រមសីលធម៌ ដើម្បី​រួម​គ្នា​ជំរុញ​ឱ្យ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ពី​ថ្ងៃ​ទី​០២-១១ ខែឧសភា ២០២៥ ឱ្យ​ដំណើរការ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​។

នៅ​ក្នុង​កិច្ចប្រជុំ​នាយ​បេសកកម្ម​លើក​ទី​២ នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែមេសា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្នុង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ប៉ុន សុខ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​កិច្ចប្រជុំ និង​ការ​ត្រៀមខ្លួន​របស់​សហព័ន្ធ​កីឡា​ជាតិ និង​ប្រតិភូ​កីឡា​រាជធានី​ខេត្ត​ទាំង​២៥ ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ក្រោម​ប្រធានបទ «​កីឡា​ដើម្បី​សុខភាព​សិក្សា​»​។ ជាមួយ​គ្នា​នេះ ក្នុង​នាម​តំណាង​ក្រសួង​អប់រំ ឯកឧត្តម​អគ្គនាយក​កីឡា​ក៏​បាន​ផ្តល់​អនុសាសន៍​ចំនួន​១១​ចំណុច ក្នុង​នោះ​ដូច​ជា​សូម​ឱ្យ​ប្រតិភូ​កីឡា​រាជធានី​ខេត្ត​រក្សា​ឱ្យ​បាន​នូវ​ការ​យោគយល់ ការ​អធ្យាស្រ័យ និង​កិច្ចសហការ​គ្នា​រវាង​ខេត្ត និង​គណៈកម្មការ​គ្រប់​ផ្នែក ដើម្បី​សម្របសម្រួល​ការងារ​ចំ​បាច់​ទូទៅ​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ណែនាំ​ឱ្យ​ចូលរួម​សហការ និង​ដោះស្រាយ​បញហា​ចំពោះ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​នានា ដែល​ផ្តល់​នូវ​ល​ផល​អវិជ្ជមាន​មក​កាន់ការ​ប្រកួត ដោយ​ត្រូវ​យកចិត្ត​ទុក​ដាល់ និង​រក​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ពេលវេលា​។ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​គ្រូបង្វឹក ក្មួយ​ៗ​កីឡាករ កីឡាការិនី ដោយ​ត្រូវ​សហការ ឬ​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រូពេទ្យ​ប្រចាំការ ទាំង​ទីតាំង​ស្នាក់​នៅ និង​ទីលាន​ប្រកួត ដើម្បី​បង្ការ​បញ្ហា​សុខភាព ដែល​កើត​មាន​ឡើងជា​យថាហេតុ​។ សូម​ចូលរួម​ទាំង​គ្នា គោរព​ឱ្យ​បាន​នូវ​គោលការណ៍​ត្រឹមត្រូវ និង​សុក្រឹត ក្នុង​ការ​អនុញ្ញាត​ឱ្យ​កីឡាករ កីឡាការិនី តាម​អាយុ​កំណត់ ដែល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត មាន​ចែង​ក្នុង​បទបញ្ញត្តិ​ទូទៅ និង​បទបញ្ជា​បច្ចេកទេស តាម​ប្រភេទ​កីឡា​នីមួយ​ៗ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ លោក ហួត សេង​ទ្រី ប្រធាន​នាយកដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍ និង​ស្ថិតិ​កីឡា​បាន​ជម្រាប​ជូន​ថា ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ ២០២៥ មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ៣ ១០០ នាក់​មក​ពី​២៥​រាជធានី​ខេត្ត ដោយ​រៀបចំ​លើ​១៣​ប្រភេទ​កីឡា និង​មាន​៦៨​វិញ្ញាសា និង​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​។

ចំពោះ​គោលបំណង​សំខាន់​ៗ​នៃ​ព្រឹត្តិការណ៍​កីឡា​នេះ គឺ​ដើម្បី​បំផុសសកម្មភាព​អប់រំ​កាយ និង​កីឡា​នៅ​ក្នុង​គ្រឹះស្ថាន​បឋម​សិក្សា ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ចូលរួម​ប្រកួតប្រជែង ដើម្បី​ជ្រើសរើស​សិស្ស​ដែល​មាន​ទេព​កោសល្យ​តំណាង​ជាតិ​ចូលរួម​ប្រកួត​កីឡា​កម្រិត​អន្តរជាតិ​។ ផ្តល់​លទ្ធភាព​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​យក​ការ​ប្រកួត​នេះ​ជា​ការ​ព​និត្យ​មើល​ទេព​កោសល្យ និង​សមត្ថភាព​របស់​កុមា​រា កុមារី ក្នុង​ការ​ជ្រើសរើស​ចូលរួម​ជាមួយ​សហព័ន្ធ​របស់​ខ្លួន​។ បន្ថែម​ពីលើ​នេះ ជួយ​លើកកម្ពស់​សិស្សានុសិស្ស​ឱ្យ​មាន​សុខភាព​ល្អ កាយសម្បទា​មាំ​មួយ អំណត់​ព្យាយាម គំនិត​ច្នៃប្រឌិត និង​សំដៅ​ដណ្តើម​បាន​លទ្ធផល​ល្អ​លើ​ការ​ប្រកួត​ជាដើម​។ តាម​រយៈ​ព្រឹត្តិការណ៍​នេះ ក៏​ជា​ការ​បំផុសស្មារតី​ស្នេហា​ជាតិ និង​រួមចំណែក​កាត់​បន្ថយ​ភាព​អសកម្ម​ក្នុង​សង្គម​ផង​ដែរ​៕

Previous articleទ្រីយ៉ាត្លុងកម្ពុជា ត្រៀមកីឡាករក្រោម១៧ឆ្នាំ២នាក់ចូលរួមប្រកួតកីឡាយុវជនអាស៊ី នាខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន
Next articleMan Utd កំពុងតែចាប់អារម្មណ៍កីឡាករវ័យក្មេងរបស់ក្លឹប River Plater