កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអេឡិចត្រូនិក VIKINGZ WARRIOR MEKONG INVITATIONAL 2025

ភ្នំពេញ៖ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន T.Y Media និង​ក្រុមហ៊ុន Khmer Beverages ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ VIKINGZ WARRIOR MEKONG INVITATIONAL 2025 ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ថ្មី​ៗ​នេះ ក្រោម​ក្រោម​វត្តមាន​ឯកឧត្តម លន់ សាម​ឌី អគ្គលេខាធិការ សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា អ្នក​ឧក​ញ្ញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន Khmer Beverages និង​លោក ឈុ​ន សំណាង តំណាង​ក្រុមហ៊ុន T.Y Media​។

ក្នុង​នាម​ឯកឧត្តម​ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា និង​គ្រួសារ Esports កម្ពុជា ឯកឧត្តម លន់ សាម​ឌី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភេសជ្ជៈ VIKINGZ ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​ការណ៍​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក VIKINGZ WARRIOR MEKONG INVITATIONAL 2025 លើ​វិញ្ញាសា Mobile Legends: Bang Bang នេះ​ឡើង​។ ការ​ប្រកួត​នេះ​គឺ​ស្រប​ទៅ​តាម​ផែនការអភិវឌ្ឍន៍​របស់​សហព័ន្ធ ដែល​ចង់ឱ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឱ្យ​បាន​ច្រើន ដើម្បី​បន្តដំណើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស រួម​មាន​គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រី​បច្ចេកទេស និង​អាជ្ញាកណ្តាល​។ ការ​ប្រកួត​នេះ ក៏​ស្រប​តាម​ស្មារតី​អង្គប្រជុំ​រវាង​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​តាម​បណ្តា​ប្រទេស​ដង​ទន្លេមេគង្គ ដែល​ធ្វើ​យ៉ាងណា​បង្កើន​កិច្ច​សហប្រតិបត្តិការ​រួម​មាន​ដូច​ជា​៖ ការ​ប្រកួត ការ​ហ្វឹកហាត់ និង​ផ្លាស់​ប្តូរ​បទ​ពិសោធ​ជាដើម​។

ជាមួយ​គ្នា​នេះ អ្នក​ឧក​ញ្ញ៉ា លាង ម៉េ​ង បាន​បង្ហាញ​ពី​មោទនភាព ដែល​បាន​ចាប់​ដៃគូ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន T.Y. Media សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ​ក្នុង​វិស័យ Esports នៅ​កម្ពុជា ហើយ​ក៏​មានការ​ប្តេជ្ញា​យ៉ាង​មុតមាំ បន្ត​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​បន្ត​ទៀត ដោយ​នាំ​មក​នូវ​ព្រឹត្តិការណ៍ Esports ផ្សេង​ៗ​ជា​ច្រើន​ទៀត​មក​កាន់​ប្រទេស​កម្ពុជា​។ Vikingz មាន​វត្ត​មាននៅ​ទី​នេះ​មិនមែន​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ ប៉ុន្តែ​មាន​ចក្ខុវិស័យ​យ៉ាង​វែង​ឆ្ងាយ​ក្នុង​ដំណើរការ​អភិវឌ្ឍ​រួម​គ្នា​នេះ ហើយ​ជឿជាក់​ថា វិស័យ Esports កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​ថែម​ទាំង​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​។

ជាមួយ​គ្នា​នោះ​ដែរ Vikingz និង T.Y Media ក៏​បាន​ប្រកាស​ផ្លូវការ​អំពី​ព្រឹត្តិការណ៍​ការ​ប្រកួត​ថ្មី​មួយ​របស់​ក្រុមហ៊ុន Vikingz នោះ គឺ Vikingz Mekong Invitational ដែល​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​កម្រិត​អន្តរជាតិ​ដែល​មាន​ប្រទេស​ចូលរួម​មក​ពី​កម្ពុជា វៀតណាម ថៃ និង​ឡាវ​។ គោលបំណង​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​ថ្មី​នេះ​ឡើង គឺ​មែន​គ្រាន់តែ​បង្កើត​ព្រឹត្តិការណ៍​នោះ​ទេ ប៉ុន្តែ​ជា​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​វិស័យ Esports កម្ពុជា​។ ព្រឹត្តិការណ៍​មួយ​នេះ​នឹង​ផ្តល់​ឱកាស​ដ៏​សំខាន់ សម្រាប់​កីឡាករ​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​របស់​ពួក​គេ​ទៅ​កាន់​អន្តរជាតិ និង​ការ​ទទួល​បាន​បទ​ពិសោធ​បន្ថែម ដើម្បី​ជាដើម​ទុន​ក្នុង​ការ​ចូលរួម​ប្រកួត​តំណាង​ជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​នា​ពេល​ខាង​មុខ​។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​រីករាយ​នេះ​ផង​ដែរ អ្នក​ឧក​ញ្ញ៉ា លាង ម៉េ​ង ក៏​បាន​ប្រកាស​ឧបត្ថម្ភ​ជា​ថវិកា​បន្ថែមចំនួន ២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រ​សិន​អត្ត​ព​លិ​ក​អេ​ឡិច​ត្រូ​និក​កម្ពុជា​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​នេះ​ផង​ដែរ​៕

Previous articleMan Utd ខិតជិតការផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេង Enzo Kana-Biyik
Next articleឯកឧត្តម សរ សិទ្ធិ ជំរុញឱ្យអភិបាលរាជធានីខេត្តទាំងអស់បំផុសឱ្យយុវជន ចូលរួមលេងកីឡាទូក ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩