ឯកឧត្តម សរ សិទ្ធិ ជំរុញឱ្យអភិបាលរាជធានីខេត្តទាំងអស់បំផុសឱ្យយុវជន ចូលរួមលេងកីឡាទូក ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩

ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ទី​២​សហព័ន្ធ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា​តំណាង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រធាន​សហព័ន្ធ​បាន​ជំរុញ​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដែល​ជា​សមាជិក​សហព័ន្ធ​មេត្តា​ជួយ​បំផុស​ដល់​យុវជន ងាក​នាំ​គ្នា​ចូលរួម​លេង​កីឡា​ទូក​ឱ្យ​បាន​ច្រើន ដើម្បី​ជ្រើសរើស​បាន​យុវជន​មាន​ឧបនិស្ស័យ​មក​ហ្វឹកហាត់​ត្រៀម​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​។

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ និង​ប្រចាំ​ខែមេសា ឆ្នាំ​២០២៥ នៅ​ដើម​ស​ប្តា​ហ៍​នេះ ឯកឧត្តម សរ សិទ្ធិ មាន​ប្រសាសន៍​ទៀត​ថា សហព័ន្ធ​គ្រោង​បង្កើត​កម្មវិធី​បោះជំរុំ​ហ្វឹកហាត់​តាម​បណ្តា​ខេត្ត ដែល​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​បាន​ចូលរួម​ហ្វឹកហាត់​។ ឯកឧត្តម​បាន​ណែនាំ​ដល់​អគ្គលេខាធិការ​ជួយ​ទំនាក់ទំនង​ឱ្យ​បាន​ស៊ីជម្រៅ​ជាមួយ​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ការ​ស្នើ​សុំ​បញ្ជូន​កីឡាករ​កីឡាការិនី​វ័យក្មេង​ទៅ​ហ្វឹកហាត់​នៅ​ចិន រយៈពេល​វែង ហើយ​កីឡាករ​កីឡាការិនី ដើម្បី​ហ្វឹកហាត់​ឱ្យ​មានគុណ​ភាព​បច្ចេកទេស​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម សរ សិទ្ធិ ក៏​បាន​ស្នើ​ដល់​អភិបាល​ខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍​សា សូម​មេត្តា​ជួយ​ព​ន្លឿ​ន​ការ​ចាក់​ដី​ធ្វើ​ផ្លូវ សម្រាប់​សាងសង់​មជ្ឈមណ្ឌល​កីឡដ្ឋាន​លើ​ទឹក​ខេត្តស្វាយរៀង ដើម្បី​សហព័ន្ធ​បាន​រៀបចំ​កម្មវិធី​ហ្វឹកហាត់ និង​ការ​ប្រកួត​ជាតិ​-​អន្តរជាតិ ជា​ពិសេស​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩​ផង​ដែរ​៕

Previous articleកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាអេឡិចត្រូនិក VIKINGZ WARRIOR MEKONG INVITATIONAL 2025
Next articleព្រះខ័នរាជស្វាយរៀងឈ្នះណាហ្គាវើល ២-១ ឈ្នះជើងឯកមុនបញ្ចប់រដូវកាល