ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមណាហ្គាវើលដ៍ ២-១ ក្នុងជំនួបប្រកួតសប្តាហ៍ទី៣១នៃក្របខណ្ឌលីគកំពូលកម្ពុជា ដោយជ័យជម្នះរបស់ក្រុមកំពុងក្តោបក្តាប់ដំណែងលើកំពូលតារាង និងជាក្រុមការពារដំណែងជើងឯកមួយនេះមានពិន្ទុកាន់តែដាច់ឆ្ងាយ ពោលគឺ១០ពិន្ទុឯណោះពីក្រុមភ្នំពេញក្រោន ដែលឈរនៅលេខ២ ដោយនេះក៏ជាការឈ្នះជើងឯកមុនបញ្ចប់រដូវកាលដែរ។
នៅក្នុងការប្រកួតដ៏ស្វិតស្វាយញកាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀងបានបើកការនាំមុខ១គ្រាប់មុន នៅវគ្គទី១ ហើយនៅវគ្គទី២ ក្រុមទាំងពីរធ្វើសម្រេចបានម្នាក់១គ្រាប់ដូចគ្នា។ ឆ្លងកាត់២៨ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះ២៤ ស្មើ១ និងចាញ់៣ មាន៧៣ពិន្ទុ ខណៈ២៨ប្រកួតរបស់ណាហ្គាវើលដ៍ ឈ្នះ១៣ ស្មើ៤ និងចាញ់១១ មាន៤៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤។ ក្នុងការប្រកួតដំណាក់កាលទី២ វគ្គ៦ក្រុមខាងលើនេះ គឺភ្នំពេញក្រោន ឈរនៅលេខ២ មាន៦៣ពិន្ទុ ក្រោយឆ្លងកាត់២៧ប្រកួត ឈ្នះ២០ ស្មើ៣ និងចាញ់៤ ស្របពេលដែល វិសាខា ឈរលេខ៣ មាន ៥៩ពិន្ទុ បន្ទាប់ពីឆ្លងកាត់២៧ប្រកួត ឈ្នះ១៩ ស្មើ២ និងចាញ់៦ប្រកួត។
បើទោះជា ព្រះខ័នរាជស្វាយរៀង នៅសល់២ប្រកួតទៀត ទើបបញ្ចប់រដូវកាល ដោយត្រូវបន្តប៉ះជាមួយវិសាខា សម្រាប់សប្តាហ៍ទី៣០ និងប៉ះជាមួយភ្នំពេញក្រោន សម្រាប់ជំនួបសប្តាហ៍ទី៣២ក្តី ក៏ព្រះខ័នរាជស្វាយរៀងបានឈ្នះម្ចាស់ជើងឯករួចទៅហើយ ពីព្រោះពិន្ទុមានគម្លាតដាច់ឆ្ងាយទៅលើក្រុមតាមពីក្រោយហើយ។ យ៉ាងណា ព្រះខ័នស្វាយរៀង បានប្រារព្ធពិធីលើកពានក្នុងដីផ្ទាល់ខ្លួន ដើម្បីជាការអបអរសាទរដល់ការឈ្នះជើងឯក ដែលជាការការពារម្ចាស់ជើងឯកបានសម្រេចតែម្តង៕