ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោនរក្សាបានត្រឹមលទ្ធផលស្មើគ្នា ២ទល់២ ជាមួយក្រុមភ្ញៀវ វិសាខា នៅក្នុងការប្រកួតដ៏ជក់ចិត្ត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាលទី១៨ ឆ្នាំ២០២៤-២០២៥។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ភ្នំពេញក្រោនបានបើកការនាំមុខ១គ្រាប់មុន ប៉ុន្តែក្រុមភ្ញៀវ វិសាខា តាមបានស្មើ ១ទល់១ នៅវគ្គទី១ ហើយនៅចុងម៉ោងនៃវគ្គទី២ ក្រុមទាំងពីរធ្វើសម្រេចបាន១គ្រាប់ម្នាក់បន្ថែមដូចគ្នា ដោយលទ្ធផលការប្រកួត៩០នាទីរក្សាបានត្រឹមស្មើគ្នា ១ទល់១។ ដូច្នេះ ក្រុមទាំងពីរនឹងត្រូវផ្លាស់ប្តូរទឹកដីគ្នាវិញ នៅក្នុងការប្រកួតជើងទី២ នាថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីកាត់សេចក្តីស្វែងរកក្រុមឈ្នះ១ក្រុមឡើងទៅប្រជែងម្ចាស់ដំណែងជើងឯក នៅវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
សម្រាប់២ក្រុមទៀត ក៏បានឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចហើយ កាលពីជើងទី១ គឺព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមបឹងកេត ដោយលទ្ធផលបច្ចេកទេស ១-០ កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅ ហើយនៅជើងទី២ ក្រុមព្រះខ័នរាជស្វាយរៀងនឹងទទួលក្រុមភ្ញៀវបឹងកេត វិញម្តង នាថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចែកចេញជាពីរថ្នាក់ គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយថ្នាក់ខេត្តគឺជាការប្រកួតរវាងក្រុមខេត្តនានា ហើយក្រុមជ័យលាភីបានឡើងមកប្រកួតបន្តជាមួយក្រុមនានា ដែលកំពុងឈរជើង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា៕