ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន Khmer Beverages ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ VIKINGZ WARRIOR MEKONG INVITATIONAL 2025 ត្រូវបានប្រារព្ធធ្វើឡើងថ្មីៗនេះ ក្រោមក្រោមវត្តមានឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អ្នកឧកញ្ញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន Khmer Beverages និងលោក ឈុន សំណាង តំណាងក្រុមហ៊ុន T.Y Media។
ក្នុងនាមឯកឧត្តមប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងគ្រួសារ Esports កម្ពុជា ឯកឧត្តម លន់ សាមឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភេសជ្ជៈ VIKINGZ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ការណ៍ប្រកួតកីឡាអេឡិចត្រូនិក VIKINGZ WARRIOR MEKONG INVITATIONAL 2025 លើវិញ្ញាសា Mobile Legends: Bang Bang នេះឡើង។ ការប្រកួតនេះគឺស្របទៅតាមផែនការអភិវឌ្ឍន៍របស់សហព័ន្ធ ដែលចង់ឱ្យមានការប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើន ដើម្បីបន្តដំណើការអភិវឌ្ឍធនធានមនុស្ស រួមមានគ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាល។ ការប្រកួតនេះ ក៏ស្របតាមស្មារតីអង្គប្រជុំរវាងសហព័ន្ធកីឡាអេឡិចត្រូនិកតាមបណ្តាប្រទេសដងទន្លេមេគង្គ ដែលធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការរួមមានដូចជា៖ ការប្រកួត ការហ្វឹកហាត់ និងផ្លាស់ប្តូរបទពិសោធជាដើម។
ជាមួយគ្នានេះ អ្នកឧកញ្ញ៉ា លាង ម៉េង បានបង្ហាញពីមោទនភាព ដែលបានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុន T.Y. Media សម្រាប់ដំណើរដ៏វែងឆ្ងាយក្នុងវិស័យ Esports នៅកម្ពុជា ហើយក៏មានការប្តេជ្ញាយ៉ាងមុតមាំ បន្តអភិវឌ្ឍន៍វិស័យមួយនេះឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត ដោយនាំមកនូវព្រឹត្តិការណ៍ Esports ផ្សេងៗជាច្រើនទៀតមកកាន់ប្រទេសកម្ពុជា។ Vikingz មានវត្តមាននៅទីនេះមិនមែនក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែមានចក្ខុវិស័យយ៉ាងវែងឆ្ងាយក្នុងដំណើរការអភិវឌ្ឍរួមគ្នានេះ ហើយជឿជាក់ថា វិស័យ Esports កម្ពុជានឹងបន្តរីកចម្រើនថែមទាំងមានសក្ដានុពលយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។
ជាមួយគ្នានោះដែរ Vikingz និង T.Y Media ក៏បានប្រកាសផ្លូវការអំពីព្រឹត្តិការណ៍ការប្រកួតថ្មីមួយរបស់ក្រុមហ៊ុន Vikingz នោះ គឺ Vikingz Mekong Invitational ដែលជាការប្រកួតដ៏ធំមួយកម្រិតអន្តរជាតិដែលមានប្រទេសចូលរួមមកពីកម្ពុជា វៀតណាម ថៃ និងឡាវ។ គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ថ្មីនេះឡើង គឺមែនគ្រាន់តែបង្កើតព្រឹត្តិការណ៍នោះទេ ប៉ុន្តែជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យ Esports កម្ពុជា។ ព្រឹត្តិការណ៍មួយនេះនឹងផ្តល់ឱកាសដ៏សំខាន់ សម្រាប់កីឡាករក្នុងការបង្ហាញពីសមត្ថភាពរបស់ពួកគេទៅកាន់អន្តរជាតិ និងការទទួលបានបទពិសោធបន្ថែម ដើម្បីជាដើមទុនក្នុងការចូលរួមប្រកួតតំណាងជាតិ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានានាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសដ៏រីករាយនេះផងដែរ អ្នកឧកញ្ញ៉ា លាង ម៉េង ក៏បានប្រកាសឧបត្ថម្ភជាថវិកាបន្ថែមចំនួន ២ម៉ឺនដុល្លារអាមេរិក ប្រសិនអត្តពលិកអេឡិចត្រូនិកកម្ពុជាឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥នេះផងដែរ៕