ជម្រើសជាតិនារីកម្ពុជាត្រៀមប្រកួតមិត្តភាពជាមួយ ហ្គាំ មុនធ្វើម្ចាស់ផ្ទះ វគ្គជម្រុះពូល G ពាន AFC Women’s Asian Cup

ភ្នំពេញ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ប្រកាស​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​នារី​ហ្គាំ នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ដែល​ជំនួប​មិត្តភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់ AFC Women’s Asian Cup Australia 2026​។

FFC បានឱ្យ​ដឹង​ថា នេះ​គឺជា​ការ​ប្រកួត​មិត្តភាព ក្នុង​ដី​លើក​ដំបូង​បំផុត​របស់​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ស្រប​ពេល​ក្រុមកីឡា​ការិនី​កម្ពុជា​កំពុង​ត្រៀមខ្លួន​ប្រកួត​ជម្រុះ ក្នុង​ពានរង្វាន់​បាល់ទាត់​នារី​ជើងឯក​អាស៊ី AFC Women’s Asian Cup Australia 2026 ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ដល់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥ ដែល​ប្រទេស​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ សម្រាប់​វគ្គ​ជម្រុះ​ប្រចាំ​ពូ​ល G ជាមួយ​ក្រុម​ជម្រើសជាតិ​ហ្វី​លី​ពី​ន ហុងកុង និង​ជម្រើសជាតិ​អា​រ៉ាប់​ប៊ី​សា​អូឌីត​។

យ៉ាងណា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​មិន​ទាន់​បង្ហាញ​ពី​សមាសភាព​កីឡាការិនី ដែល​ត្រូវ​កោះហៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​នេះ ក៏​ដូច​ជា​ត្រៀម​ការ​ប្រកួត​ផ្លូវការ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​នារី​ជើងឯក​អាស៊ី​នៅឡើយ​ទេ​។ សូម​បញ្ជាក់​ថា វគ្គ​ជម្រុះ​ពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រចាំ​ពូ​ល G ដែល​មាន​បេក្ខភាព ៤​ក្រុម ក្នុង​នោះ​មាន​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ហុងកុង ហ្វី​លី​ពី​ន និង​អា​រ៉ាប់​ប៊ី​សា​អូឌីត​។ នេះ​គឺជា​សករាជ​ថ្មី​មួយ ដែល​វិស័យ​បាល់ទាត់​នារី​នៅ​កម្ពុជា មាន​ភាព​រីក​ចម្រើន និង​មាន​សកម្មភាព​ក្នុង​ការ​ប្រកួត​កម្រិត​អន្ដរជាតិ ពិសេស​ការ​ចូលរួម​លើក​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប ៤​ឆ្នាំ​ម្ដងនេះ​៕

Previous articleលីគកំពូលកម្ពុជាប្រជែងគ្នាក្នុងសប្តាហ៍ចុងក្រោយខណៈកីឡាករ Ramon របស់វិសាខា ឈរដំណែងស្បែកជើងមាស
Next articleChelsea ត្រូវការកីឡាករលេខ៩ ដើម្បីមកប្រជែងជាមួយ Nicolas Jackson