ក្រុមជម្រើសជាតិវាយកូនឃ្លីលើតុបង្កើនការហ្វឹកហាត់ ដុសខាត់គុណភាពបច្ចេកទេស ត្រៀមព្រឹត្តិការណ៍អន្តរជាតិធំៗពីរ

ភ្នំពេញ៖ ក្រុម​ជម្រើសជាតិ​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​កំពុង​បង្កើន​ការ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​យ៉ាង​សកម្ម ក្នុង​ចំណោម​ប្រភេទ​កីឡា​ផ្សេង​ៗ​ទៀត​របស់​កម្ពុជា ដែល​កំពុង​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ធំ​ៗ​ចំនួន​ពីរ គឺ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី នា​ខែតុលា ឆ្នាំ​២០២៥ នៅ​ប្រទេស​បា​រ៉ែ​ន និង​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​។

លោក ហេង សុ​ជាតិ អគ្គលេខាធិការ​រង សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បានឱ្យ​ដឹង​ថា កីឡាករ កីឡាការិនី​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ដែល​កំពុង​ប្រមូលផ្តុំ​ហ្វឹកហាត់​នេះ​មាន​ចំនួន​១០​នាក់ ក្នុង​នោះ​កីឡាករ​មាន ៦​នាក់ និង​កីឡាការិនី​៤​នាក់​។ ក្នុង​ចំណោម​១០​នាក់​នេះ គឺ​មាន​កីឡាករ​ម្នាក់ និង​កីឡាការិនី​ម្នាក់​កំពុង​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក ដោយសារ​ពួក​គាត់​ទាំង​ពីរ​នាក់​មាន​ឈាមជ័រ​ជា​កូន​ខ្មែរ ហើយ​ការ​ចំណាយ​លើ​ការ​ហ្វឹកហាត់​របស់​កូន​ខ្មែរ​នៅ​អា​មេ​រិ​ក​ទាំង​ពីរ​នាក់​នេះ គឺ​អាណាព្យាបាល​របស់​ពួក​គាត់​ជា​អ្នក​ទទួល​បន្ទុក​រ៉ាប់រង​។

សម្រាប់​ការ​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​កីឡា​យុវជន​អាស៊ី​នៅ​ប្រទេស​បា​រ៉ែ​ន នា​ខែតុលា ឆ្នាំ​២០២៥​នេះ សហព័ន្ធ​មាន​យុវជន​ថ្នាល​៤​នាក់ ក្រោម​ការ​ផ្គត់ផ្គង់​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ហើយ​វិញ្ញាសា​ដែល​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា​ត្រៀម គឺ​មាន​៣​វិញ្ញាសា ដូច​ជា​វិញ្ញាសា​ឯកត្តជន​បុរស​-​នារី និង​វាយ​គូ​ចម្រុះ​បុរស​-​នារី​។

ដោយឡែក​សម្រាប់​ការ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥ លោក ហេង សុ​ជាតិ សង្ឃឹមថា ក្រុម​ជម្រើសជាតិ​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ខ្លះ បន្ទាប់​ពី​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​មិន​ទទួល​បាន​មេដាយ​នោះ​ឡើយ ដោយ​លោក​ចាត់​ទុក​ថា គុណភាព​របស់​អត្ត​ព​លិ​ក​កម្ពុជា​នៅ​មាន​កម្រិត ដែល​មិន​ទាន់​អាច​ឈាន​ដល់​ការ​ប្រកួតប្រជែង​កម្រិត​មេដាយ​។

គួរ​បញ្ជាក់​ថា ក្រុម​វាយ​កូន​ឃ្លី​លើ​តុ​ជម្រើសជាតិ​កម្ពុជា​មាន​សរុប​ចំនួន​១២​នាក់ ក្នុង​នោះ​គ្រូបង្វឹក គ្រូ​ជំនួយ ២​នាក់ និង​កីឡាករ​-​កីឡាការិនី​១០​នាក់​។ ការ​ប្រមូលផ្តុំ​នេះ ស្ថិត​ក្រោម​ការ​រៀបចំ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​ពីរ ពោល​គឺ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​យុវជន​អាស៊ី នៅ​ប្រទេស​បា​រ៉ែ​ន នា​ខែតុលា ឆ្នាំ​២០២៥ និង​ក្រុម​ឈុត​ធំ ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នា​ខែធ្នូ ឆ្នាំ​២០២៥ ដែល​ប្រទេស​ថៃ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ បន្តវេន​ពី​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​របស់​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។ ដោយឡែក​សម្រាប់​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​នេះ កម្ពុជា​នឹង​បន្តវេន​បន្ត​មក​រៀបចំ នា​ឆ្នាំ​២០២៩ ខាង​មុខ ស្រប​ពេល​ដែល​កម្ពុជា ក្រៅពី​ចូលរួម​ប្រកួតប្រជែង ក៏​កម្ពុជា​កំពុង​ត្រៀម​ក្រុម​ប្រតិភូ ក្រុម​សិល្បៈ អត្ត​ព​លិ​ក​ចូលរួម​សម្តែង​ក្នុង​ពិធី​ទទួល​ទង់​បន្តវេន មក​ឆ្នាំ​២០២៩​ផង​ដែរ​៕

Previous articleMan Utd សង្ឃឹមរកបាន ១៥០លានផោនពីការលក់កីឡាករ ៤រូបនេះ
Next articleកីឡាការិនីបាល់ទាត់ ៤៥នាក់ ចូលរួមធ្វើតេស្ដជម្រើសជាតិ U19 ត្រៀមប្រកួតជើងឯកអាស៊ាន