ឯកឧត្តមបណ្ឌិត ជ័យ ចាប៖ សមិទ្ធផលនៃការប្រកួតតេក្វាន់ដូ ជើងឯកកុមារ អបអរទិវាអន្តរជាតិកុមារ ១មិថុនា ពិតជាសំខាន់ខ្លាំងបំផុត

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត ជ័យ ចាប ទេស​រដ្ឋមន្ត្រី ទីប្រឹក្សា​ក្រសួងព្រះបរមរាជវាំង​និង​ជា​ប្រធាន​សមាគម​តេ​ក្វា​ន់​ដូ​រាជធានី​ភ្នំពេញ​ថ្លែង​ថា សមិទ្ធផល​នៃ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជ្រើសរើស​ជើងឯក​កុមារ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៧៦ ទិវា​អន្តរជាតិ​កុមារ ១​មិថុនា ឆ្នាំ​២០២៥ នា​ពេល​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​បំផុត សម្រាប់​កុមា​រា កុមារី យុវជន យុវតី និង​សង្គម​ជាតិ​ទាំងមូល នា​ពេល​អនាគត​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត ជ័យ ចាប ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជ្រើសរើស​ជើងឯក​កុមារ ដើម្បី​អបអរសាទរ ខួប​លើក​ទី​៧៦ ទិវា​អន្តរជាតិ​កុមារ ១​មិថុនា ឆ្នាំ​២០២៥ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​សមាគម​កីឡា​តេ​ក្វា​ន់​ដូ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​វិទ្យាល័យ​បឹង​ត្របែក រាជធានី​ភ្នំពេញ​។

ឯកឧត្តម​បណ្ឌិត ជ័យ ចាប មាន​ប្រសាសន៍​ថា ជាមួយនឹង​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​កុមា​រា កុមារី យុវជន យុវតី និង​សង្គម​ជាតិ​ទាំងមូល​បែប​នេះ ហើយ​ទើប​ឯកឧត្តម​បាន​ស្នើ​សុំ​ឱ្យ​មានការ​គាំទ្រ​សកម្មភាព​នេះ​ឱ្យ​មាន​ជា​និរន្ត រៀង​រាល់​ឆ្នាំ​។ ក្នុង​ម​នាម​ប្រធាន​សមាគម​តេ​ក្វា​ន់​ដូ​រាជធានី​ភ្នំពេញ ឯកឧត្តម​បណ្ឌិត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ប្រកបដោយ​ក្ដី​សោមនស្ស​រីករាយ​ក្រៃ​លែង​ចំពោះ ឯកឧត្តម សាយ សំ​អាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ ដែល​កន្លង​មក​បាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​សមាគម​តេ​ក្វា​ន់​ដូ រាជធានី​ភ្នំពេញ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បណ្ឌិត​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈកម្មាធិការ​ប្រតិបត្តិ លោកគ្រូ អ្នកគ្រូ មាតាបិតា​អាណាព្យាបាល កីឡាករ កីឡាការិនី ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ អ្នកឧកញ៉ា ឧកញ៉ា និង​អ្នកគាំទ្រ​ទាំងអស់​ដែល​តែងតែ​គាំទ្រ​សកម្មភាព​របស់​សមាគម​តេ​ក្វា​ន់​ដូ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់​កន្លង​មក បានជា​សម្ភារ ថវិកា ពិសេស​ការ​ផ្តល់​កម្លាំងចិត្ត ដល់​ចៅ​ៗ​កីឡាករ កីឡាការិនី​យើង បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ការ​ប្រកួត​តេ​ក្វា​ន់​ដូ​ជ្រើសរើស​ជើងឯក​កុមារ អបអរសាទរ ខួប​លើក​ទី​៧៦ ទិវា​អន្តរជាតិ​កុមារ ១​មិថុនា ឆ្នាំ​២០២៥ បញ្ចប់​ដោយ​ជោគជ័យ ទទួល​បាន​ផ្លែផ្កា​នា​ពេល​នេះ គឺ​ក៏​អាស្រ័យ​ដោយ​គណៈកម្មការ​បច្ចេកទេស លោកគ្រូ អ្នកគ្រូ មាតាបិតា​អាណាព្យាបាល​ទាំងអស់ ដែល​បាន​បញ្ជូន​កូន​ៗ​កីឡាករ កីឡាការិនី មក​ចូលរួម​។

ឯកឧត្តម​បណ្ឌិត ជ័យ ចាប គូសបញ្ជាក់​បែប​នេះ​ថា ៖«​ខ្ញុំ​សូម​យក​ឱកាស​នេះ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​សម្រេច​នូវ​ក្តី​ប្រាថ្នា​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា គឺ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស ជា​កត្តា​ដែល​ចាំបាច់​បំផុត ពិសេស​កុមា​រា កុមារី ជា​ទំ​ពាំ​ស្នង​ឫស្សី​ដូចនេះ​ត្រូវ​ឱ្យ​កុមារ​លេង​កីឡា​មួយ​ប្រភេទ​ប្រចាំជីវិត និង​ចូលរួម​ការ​ប្រកួត​នានា ដើម្បី​បញ្ចេញ​សមត្ថភាព ពង្រឹង​សាមគ្គីភាព ឥរិយាបថ​ផ្ទាល់ខ្លួន សិស្ស​ល្អ មិត្ត​ល្អ កូន​ល្អ​»​។

ជាមួយ​គ្នា​នេះ លោក សំ សុខ​យី អគ្គលេខាធិការ សមាគម​កីឡា​តេ​ក្វា​ន់​ដូ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ការ​ប្រកួត​តេ​ក្វា​ន់​ដូ​ជ្រើសរើស ជើងឯក​កុមារ​អបអរសាទរ ខួប​លើក​ទី​៧៦ ទិវា​អន្តរជាតិ​កុមារ ១​មិថុនា ឆ្នាំ​២០២៥​នេះ​មាន​៧​ក្លឹ​ប​ចូលរួម​ប្រកួតប្រជែង​មេដាយ ២៨​វិ​ញ្ញា និង​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី​ចូលរួម​សរុប ១៣១​នាក់ ក្នុង​នោះ​មាន​កីឡាការិនី ៦០​នាក់​។ ចំពោះ​ចំណាត់ថ្នាក់​ជ័យ​លា​ភី រួម​មាន​៖ ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​បឹង​ត្របែក ដណ្តើម​បាន​មេដាយ​៤៤​គ្រឿង (​មាស​១៦ ប្រាក់​១៤ សំរឹទ្ធ​១៤) លេខ​២ វិទ្យាល័យ​ហ៊ុន​សែន​ចាក់​អង្រែ មេដាយ​២០​គ្រឿង (​មាស​៤ ប្រាក់​៩ សំរឹទ្ធ ៧) លេខ​៣ សមាគម​តេ​ក្វា​ន់​ដូ​ខេត្តសៀមរាប មេដាយ​៧ (​មាស​៤ ប្រាក់​២ សំរឹទ្ធ​១)៕

Previous articleភ្នំពេញក្រោនឈ្នះពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ក្រោយឈ្នះព្រះខ័នរាជស្វាយរៀង វគ្គផ្តាច់ព្រ័ត្រ
Next articleសហព័ន្ធប្រដាល់គុនខ្មែរប្រកាសថា ការកាត់សេចក្តីពីគណៈវិនិច្ឆ័យ លើការប្រកួត សុទ្ធតែឈរលើគោលការណ៍ច្បាស់លាស់