ភ្នំពេញក្រោនឈ្នះពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ក្រោយឈ្នះព្រះខ័នរាជស្វាយរៀង វគ្គផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ នៅ​ទីបំផុត ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ឈ្នះ​ម្ចាស់​ជើងឯក ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវ​កាល ២០២៤-២០២៥ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​ការពារ​ម្ចាស់​ជើងឯក​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង រដូវ​កាល​មុន ដោយ​លទ្ធផល​បច្ចេកទេស ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រជែង​ម្ចាស់​ដំ​ណែ​ជើងឯក​នេះ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បើក​ការ​នាំមុខ​១​គ្រាប់​មុន នៅ​នាទី​ទី​២៤ ដោយ​ធ្វើ​សម្រេច​ដោយ​កីឡាករ ឡុ​ង ភា​រ៉ាត ហើយ​បញ្ចប់​ការ​ប្រកួត​នៅ​វគ្គ​ទី​១ ភ្នំពេញ​នាំមុខ​១-០​។ ចូល​ដល់​វគ្គ​ទី​២ នៅ​នាទី​៦២ កីឡាករ ញាន សុ​ស៊ី​ដាន របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ធ្វើ​ស​ម្រ​ច​បាន​១​គ្រាប់​តាម​ស្មើ​វិញ ១-១​។ នៅ​នាទី ៧៨ ភ្នំពេញ​ក្រោ​ន​ធ្វើ​សម្រេច​បាន​១​គ្រាប់​បន្ថែម​បើក​ការ​នាំ​មុខជា​ថ្មី ដែល​រកបាន​ដោយ​កីឡាករ Nieto Rondon Rafael Andres​។ លទ្ធផល ២-១ នេះ​រក្សា​បាន​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង ដែល​ធ្វើ​ឱ្យ ភ្នំពេញ​ក្រោ​ន ឈ្នះ​ជើងឯក ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៨ រដូវ​កាល ២០២៤-២០២៥​។

ចំពោះ​១​ប្រកួត​ទៀត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ គឺ​បឹង​កេ​ត​បាន​យកឈ្នះ​វិសាខា ដោយ​លទ្ធផល ៣-០​។ ដូច្នេះ ភ្នំពេញ​ក្រោ​ន ជើងឯក ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ជើងឯក​រង និង​បឹង​កេ​ត ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​ក្រុម​វិសាខា​ទទួល​បាន​ពាន​លេង​ដោយ​យុត្តិធម៌​។

ចំពោះ​ចំណាត់ថ្នាក់​ក្រុម និង​ពានរង្វាន់​ឯកត្តជន រួម​មាន​៖ ជើងឯក ភ្នំពេញ​ក្រោ​ន ទទួល​បាន​មេដាយមាស ពានរង្វាន់ អម​ដោយ​ថវិកា ១៥០​លាន​រៀល​, ជើងឯក​រង ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ទទួល​បាន​មេដាយ​ប្រាក់ (៤៥​គ្រឿង​) អម​ដោយ​ប្រាក់​រង្វាន់ ១០០​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​៣ បឹង​កេ​ត ទទួល​បាន​មេដាយ​សំរឹទ្ធ (៤៥​គ្រឿង​) អម​ដោយ​ប្រាក​រង្វាន់ ៧០​លាន​រៀល​, ក្រុម​វិសាខា ទទួល​បាន​ពាន​ក្រុម​លេង​ដោយ​យុត្តិធម៌​ជាងគេ អម​ដោយ​ប្រាក់​រង្វាន់ ១០​លាន​រៀល​។ កីឡាករ សៀង ច​ន្ធា (​បឹង​កេ​ត​) ឈ្នះ​ពាន​ស្បែកជើង​មាស ទទួល​បាន​ប្រាក់​រង្វាន់ ៥​លាន​រៀល​, កីឡាករ ម៉ាត់ ន​រុណ (​បឹង​កេ​ត​) ឈ្នះ​ពាន​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ ប្រាក់​រង្វាន់ ៥​លាន​រៀល​, អ្នកចាំទី អ៊ុ វិចិត្រ (​ភ្នំពេញ​ក្រោ​ន​) ឈ្នះ​ស្រោមដៃ​មាស ប្រាក់​រង្វាន់ ៥​លាន​រៀល​, លោក Oleg Starynskyi (​គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន​) ឈ្នះ​ពាន​គ្រូបង្វឹក​ល្អ​ជាងគេ អម​ដោយ​ប្រាក់​រង្វាន់ ៥​លាន​រៀល និង​ក្រុម​អាជ្ញាកណ្តាល​ល្អ ប្រាក់​រង្វាន់ ៨​លាន​រៀល​៕

Previous articleភ្នាក់ងាររបស់កីឡាករ Rashford បានទៅជួបក្លឹបមួយក្នុងប្រទេសអេស្ប៉ាញ
Next articleឯកឧត្តមបណ្ឌិត ជ័យ ចាប៖ សមិទ្ធផលនៃការប្រកួតតេក្វាន់ដូ ជើងឯកកុមារ អបអរទិវាអន្តរជាតិកុមារ ១មិថុនា ពិតជាសំខាន់ខ្លាំងបំផុត