ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ័យ ចាប ទេសរដ្ឋមន្ត្រី ទីប្រឹក្សាក្រសួងព្រះបរមរាជវាំងនិងជាប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញថ្លែងថា សមិទ្ធផលនៃការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកកុមារ ដើម្បីអបអរសាទរ ខួបលើកទី៧៦ ទិវាអន្តរជាតិកុមារ ១មិថុនា ឆ្នាំ២០២៥ នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងបំផុត សម្រាប់កុមារា កុមារី យុវជន យុវតី និងសង្គមជាតិទាំងមូល នាពេលអនាគត។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជ័យ ចាប ក្នុងឱកាសបិទការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកកុមារ ដើម្បីអបអរសាទរ ខួបលើកទី៧៦ ទិវាអន្តរជាតិកុមារ ១មិថុនា ឆ្នាំ២០២៥ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ស្ថិតក្នុងវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ជ័យ ចាប មានប្រសាសន៍ថា ជាមួយនឹងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុតសម្រាប់កុមារា កុមារី យុវជន យុវតី និងសង្គមជាតិទាំងមូលបែបនេះ ហើយទើបឯកឧត្តមបានស្នើសុំឱ្យមានការគាំទ្រសកម្មភាពនេះឱ្យមានជានិរន្ត រៀងរាល់ឆ្នាំ។ ក្នុងមនាមប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយក្ដីសោមនស្សរីករាយក្រៃលែងចំពោះ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលកន្លងមកបានសហការយ៉ាងជិតស្និតជាមួយសមាគមតេក្វាន់ដូ រាជធានីភ្នំពេញ ក្នុងការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ទទួលបានជោគជ័យគួរជាទីមោទនៈ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាល កីឡាករ កីឡាការិនី ស.ស.យ.ក រាជធានីភ្នំពេញ អ្នកឧកញ៉ា ឧកញ៉ា និងអ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រសកម្មភាពរបស់សមាគមតេក្វាន់ដូរាជធានីភ្នំពេញ ជាបន្តបន្ទាប់កន្លងមក បានជាសម្ភារ ថវិកា ពិសេសការផ្តល់កម្លាំងចិត្ត ដល់ចៅៗកីឡាករ កីឡាការិនីយើង បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកកុមារ អបអរសាទរ ខួបលើកទី៧៦ ទិវាអន្តរជាតិកុមារ ១មិថុនា ឆ្នាំ២០២៥ បញ្ចប់ដោយជោគជ័យ ទទួលបានផ្លែផ្កានាពេលនេះ គឺក៏អាស្រ័យដោយគណៈកម្មការបច្ចេកទេស លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាលទាំងអស់ ដែលបានបញ្ជូនកូនៗកីឡាករ កីឡាការិនី មកចូលរួម។
ឯកឧត្តមបណ្ឌិត ជ័យ ចាប គូសបញ្ជាក់បែបនេះថា ៖«ខ្ញុំសូមយកឱកាសនេះបញ្ជាក់ផងដែរថា ដើម្បីសម្រេចនូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាដែលចាំបាច់បំផុត ពិសេសកុមារា កុមារី ជាទំពាំស្នងឫស្សីដូចនេះត្រូវឱ្យកុមារលេងកីឡាមួយប្រភេទប្រចាំជីវិត និងចូលរួមការប្រកួតនានា ដើម្បីបញ្ចេញសមត្ថភាព ពង្រឹងសាមគ្គីភាព ឥរិយាបថផ្ទាល់ខ្លួន សិស្សល្អ មិត្តល្អ កូនល្អ»។
ជាមួយគ្នានេះ លោក សំ សុខយី អគ្គលេខាធិការ សមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញបានឱ្យដឹងថា ការប្រកួតតេក្វាន់ដូជ្រើសរើស ជើងឯកកុមារអបអរសាទរ ខួបលើកទី៧៦ ទិវាអន្តរជាតិកុមារ ១មិថុនា ឆ្នាំ២០២៥នេះមាន៧ក្លឹបចូលរួមប្រកួតប្រជែងមេដាយ ២៨វិញ្ញា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៣១នាក់ ក្នុងនោះមានកីឡាការិនី ៦០នាក់។ ចំពោះចំណាត់ថ្នាក់ជ័យលាភី រួមមាន៖ ចំណាត់ថ្នាក់លេខ១ វិទ្យាល័យបឹងត្របែក ដណ្តើមបានមេដាយ៤៤គ្រឿង (មាស១៦ ប្រាក់១៤ សំរឹទ្ធ១៤) លេខ២ វិទ្យាល័យហ៊ុនសែនចាក់អង្រែ មេដាយ២០គ្រឿង (មាស៤ ប្រាក់៩ សំរឹទ្ធ ៧) លេខ៣ សមាគមតេក្វាន់ដូខេត្តសៀមរាប មេដាយ៧ (មាស៤ ប្រាក់២ សំរឹទ្ធ១)៕