ភ្នំពេញ៖ ខ្សែបម្រើ លីម អារុណរ៉េយមិន ដែលទើបបញ្ចប់កិច្ចសន្យា២ឆ្នាំជាមួយក្លឹបកីឡាកងយោធពលខេមរភូមិន្ទ ឬហៅថាក្លឹបទ័ពទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការវិលត្រឡប់ទៅក្លឹបកីឡាបាល់ទាត់បឹងកេតវិញ ដោយការចាកចេញនេះត្រូវបានលោក ភា សុភ័ក្ត្រា គ្រូបង្គោលក្លឹបទ័ពបានចាត់ទុកថា ជាការចាកចេញដែលបន្សល់ទុកនូវការចងចាំ ពិបាកក្នុងការបំភ្លេច។
លោក ភា សុភ័ក្ត្រា បានកត់សម្គាល់៤ចំណុចសំខាន់ចំពោះយុវជន លីម អារុណ បែបនេះថា ៖«និយាយពីអារុណ ជាមួយទ័ព ក្រោមការដឹកនាំរបស់ខ្ញុំ ខ្ញុំអាចវាយតម្លៃបានទៅលើចំណុចសំខាន់ៗមួយចំនួន ដូចជា ទី១. performance (បច្ចេកទេស កម្លាំង និងរបៀបលេង) ទី២.ការព្យាយាម និងប្រឹងប្រែង ទី៣.ការទំនាក់ទំនងក្រុម និងទី៤. គឺចរិតលក្ខណៈ។ ទី១៖ performance គុណផល+បច្ចេកទេស៖ គុណភាពនៃការបញ្ជូនបាល់រាបល្អទាំងល្បឿន និងចំណេញសម្រាប់អ្នកទទួល គុណភាពបាល់វែងច្បាស់គោលដៅ និងល្បឿន។ ពិសេសគាត់ព្យាយាមបោះបាល់ពីក្រោយខ្នងការពារបានច្រើន ហើយបានផលនៃការសម្រេចទីរបស់ខ្សែប្រយុទ្ធ ប៉ុន្តែគាត់នៅស្ទើរពីការទាត់ទី ទាំងក្នុងប្រអប់ និងពីចម្ងាយក្រៅប្រអប់។ កម្លាំង៖ ផ្នែកកាយសម្បទា (Gym) គាត់មិនហាត់រួមជាមួយក្រុមទេ ព្រោះគាត់ហាត់ផ្សេង ដោយឡែកកម្លាំងនៃការលេង គឺមានភាពល្អប្រសើរច្រើន ទាំងអំណត់ ថាមពលកម្លាំង ល្បឿនប្រតិកម្មខ្លី ក៏រហ័សជាងមុន ជាហេតុធ្វើឱ្យគាត់អាចចលនាបានច្រើនលើទីលាន ពិសេសប្រតិកម្មទៅដណ្តើមបាល់ ទោះដណ្តើមបាន ឬមិនបាន ក៏គាត់បានទៅដល់ការប្រជែងភ្លាម (approching)។ ការលេង៖ គាត់អាចសម្រប ឬឆាប់យល់ពីគោលបំណងនៃការលេងរបស់ក្រុមជាមួយទីតាំងបម្រើការពារ ឬបម្រើកណ្តាល (Role No.6) ចំណុចរីកចម្រើនខ្ពស់ គឺមិនបាត់បាល់ពេលគេដណ្តើម ហើយអាចលេងទៅមុខ ឬរក្សាបាល់បានតាមស្ថានភាពហ្គេម ប៉ុន្តែគាត់ត្រូវការបន្ថែមបាល់ចោះទៅមុខ (penentrate pass) ដើម្បីបង្កើតឱកាសសម្រេចទីឱ្យខ្សែប្រយុទ្ធ។
ចំពោះ៣ចំណុចទៀត ត្រូវបានលោក ភា សុភ័ក្ត្រា សង្កត់ធ្ងន់បែបនេះថា ទី២៖ ការប្រឹងប្រែង និងព្យាយាម៖ លីម អារុណ តែងតែហាត់បន្ថែមខ្លួនឯងជាប្រចាំ ក្រោយពេលចប់ហ្វឹកហាត់ និងថ្ងៃសម្រាក ព្រោះខ្ញុំឧស្សាហ៍ឃើញមកហាត់នៅស្តាតខ្លួនឯង ដោយពេលខ្លះម្នាក់ឯង ពេលខ្លះមានគ្នា ដែលនេះជាចំណុចគួរចែករំលែកដល់កីឡាករដទៃត្រូវអនុវត្តតាម។ ទី៣៖ គាត់មានទំនាក់ទំនងល្អជាមួយក្រុម ទាំងក្រុមការងារគ្រូ និងមិត្តរួមក្រុម។ មានន័យថាគាត់តែងតែសប្បាយរីករាយជាមួយការហ្វឹកហាត់ ដែលពេលខ្លះបង្កើតភាពសប្បាយរីករាយដល់ក្រុមទៀតផង ខ្ញុំគិតថាប្រហែលមានគ្រូៗមួយចំនួនច្បាស់ជានឹកអារុណខ្លាំង។ ទី៤៖ ចរិតលក្ខណៈនៃសីលធម៌របស់ អារុណ ទាំងក្នុង និងក្រៅទីលាន គឺគួរឱ្យស្រឡាញ់។ គាត់បានព្យាយាមនិយាយខ្មែរយ៉ាងច្បាស់ ប្រកបដោយសុជីវធម៌ខ្ពស់ ដែលនេះជាចំណុចដែលយើងទាំងអស់គ្នានឹកនិងពិបាកបំភ្លេច អារុណ ដូចពេលដែល ញាន សុខស៊ីដាន់ ចាកចេញពីយើងដូចគ្នា។
ខ្សែបម្រើរូបនេះបានជួយក្លឹបទ័ព រយៈពេល២រដូវកាល ក្រោមការបង្វឹករបស់គ្រូបង្គោល លោក ភា សុភ័ក្ត្រា។ ជាមួយគ្នានេះ ក្លឹបទ័ពបានបង្ហោះសារតាមរយៈផេកផ្លូវការរបស់ខ្លួនថា ៖«ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹកក្រុមកីឡាករទាំងអស់របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សូមអរគុណជាពិសេសទៅកាន់កីឡាករ លឹម អារុណរ៉េយមិន សម្រាប់ការខិតខំប្រឹងប្រែងជួយក្លឹបយើងកន្លងមក។ យើងទាំងអស់គ្នាសូមជូនពរដល់កីឡាករ លឹម អារុណរ៉េយមិន ទទួលបានជោគជ័យក្នុងអាជីពមួយនេះបន្ដទៀត»។
ជាមួយគ្នានេះដែរ លោក លីម គុណ ដែលជាឪពុករបស់កីឡាករ លីម អារុណរ៉េយមិន បានមានប្រសាសន៍ថា កិច្ចសន្យា២រដូវកាលរបស់ លីម អារុណ ជាមួយក្លឹបទ័ព ត្រូវបានដល់ទីបញ្ចប់ ហើយស្របពេលនោះដែរ ក្លឹបបឹងកេត ដែលជាក្លឹបចាស់ និងជាក្លឹបដំបូងគេនៅកម្ពុជា ដែល លីម អារុណ បានចូលជាសមាជិកតាំងតែពីគាត់មានអាយុ ១៦ឆ្នាំ បានទាក់ទង និងបើកទ្វារទទួលស្វាគមន៍ទទួលយក លីម អារុណ ត្រឡប់ទៅវិញ សម្រាប់រដូវកាល ២០២៥-២០២៦។ ទោះបីជាមានក្លឹបមួយចំនួននៃលីគកំពូលកម្ពុជាបានព្យាយាមទាក់ទងចង់បានគាត់ ក៏ប៉ុន្តែ អារុណ បានសម្រេចចិត្តជ្រើសយកការវិលត្រឡប់ទៅចូលរួមជាមួយក្លឹបបឹងកេតវិញ ដែលជាទ្រនំចាស់របស់គាត់ ដោយហេតុគាត់មានអ្នកគាំទ្រច្រើននៅទីនោះ។
លោក លីម គុណ គូសបញ្ជាក់បន្ថែមថា ៖«ក្នុងនាមខ្ញុំជាឪពុក ខ្ញុំសូមឆក់យកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្លឹបទ័ព ថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រទាំងអស់ ដែលបានយកចិត្តទុកដាក់ និងផ្តល់ឱ្យកូនរបស់ខ្ញុំ ក្នុងការចូលរួមប្រកបអាជីពបាល់ទាត់អស់រយៈពេល២រដូវកាល កន្លងមកនេះ។ ជាពិសេសទៅទៀតនោះ គឺខ្ញុំសូមគោរពថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះលោកគ្រូ ភា សុភ័ក្ត្រា ដែលលោកតែងតែបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយបណ្តុះបណ្តាល ណែនាំ និងតម្រង់ទិសឱ្យ អារុណ បានរីកចម្រើនខ្លាំងខាងផ្នែកបាល់ទាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកគ្រូ ភា សុភ័ក្ត្រា បានចាប់អារម្មណ៍លើចរិត និងសក្តានុពលរបស់ អារុណ ផ្នែកខាងបាល់ទាត់ចាប់តាំងពីគាត់បានជួប អារុណ ពីដំបូងកាលដែល អារុណ ទើបមានអាយុ ១៥ឆ្នាំ»៕