ហ្ស៊កដានី៖ ក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជាបានបញ្ចប់ការប្រកួតហើយ នៅក្នុងការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៥ នៅប្រទេសហ្ស៊កដានី ពីថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២៥ ដោយដណ្តើមបានសមិទ្ធផលធំធេងជូនជាតិ ដែលឈ្នះមេដាយមាស២ ប្រាក់៦ និងសំរឹទ្ធ ៣គ្រឿង សរុប ១១គ្រឿង។
មន្ត្រីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានបញ្ជាក់ថា ក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយសរុប ១១គ្រឿងនេះ គឺមេដាយមាស ២គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ ៣គ្រឿង។ ចំពោះមេដាយមាស២គ្រឿង ដណ្តើមបានដោយកីឡាការិនី ទឹន សុវណ្ណបួរកែវ រួមគ្នាជាមួយកីឡាការិនី ហេង ស៊ីវហ៊ាង លើវិញ្ញាសាវិញ្ញាសា U21 Ju-jitsu Show Women និងលើវិញ្ញាសា U21 Ju-jitsu Duo Women។ ការប្រកួតកីឡាជឺជីតស៊ូជើងឯកទ្វីបអាស៊ី ២០២៥នេះ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតចំនួន ៦ នាក់ ក្នុងនោះមានកីឡាករ ៣ នាក់រួមមាន ទូច ពីរកក្កដា, មឿន លីមសុខបញ្ញា និង គង់ម៉ូណា មិថុរ៉ា។ ចំណែកកីឡាការិនីវិញមានចំនួន ៣ នាក់រួមមាន ហេង ស៊ីវហ៊ាង, គង់ម៉ូណា ជេសស៊ីកា និងកីឡាការិនី ទីន សុវណ្ណបួរកែវ។
ឯកឧត្តម ថោង ធន ប្រធានស្តីទីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាគូសបញ្ជាក់ថា ការចូលរួមប្រកួតក្នុងកម្រិតជើងឯកអាស៊ីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគុណភាពបច្ចេកទេសអត្តពលិកកម្ពុជា។ នេះជាការចូលរួមរបស់កម្ពុជា រៀងរាល់ឆ្នាំ បន្ទាប់ពីការចូលរួមប្រកួតជើងឯកពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការវាស់ស្ទង់បច្ចេកទេសរបស់អត្តពលិកកម្ពុជា៕