លោក ភា សុភ័ក្ត្រា ៖ កីឡាករ លីម អារុណ ចាកចេញពីក្លឹបទ័ព បន្សល់ទុកការចងចាំមិនអាចភ្លេច

ភ្នំពេញ៖ ខ្សែបម្រើ លី​ម អា​រុណ​រ៉េ​យ​មិន ដែល​ទើប​បញ្ចប់​កិច្ចសន្យា​២​ឆ្នាំ​ជាមួយ​ក្លឹ​ប​កីឡា​កង​យោធពលខេមរភូមិន្ទ ឬ​ហៅ​ថា​ក្លឹ​ប​ទ័ព​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ក្នុង​ការ​វិល​ត្រឡប់​ទៅ​ក្លឹ​ប​កីឡាបាល់ទាត់​បឹង​កេ​ត​វិញ ដោយ​ការ​ចាកចេញ​នេះ​ត្រូវ​បាន​លោក ភា សុ​ភ័​ក្ត្រា គ្រូ​បង្គោល​ក្លឹ​ប​ទ័ព​បាន​ចាត់​ទុក​ថា ជា​ការ​ចាកចេញ​ដែល​បន្សល់​ទុក​នូវ​ការ​ចង​ចាំ ពិបាក​ក្នុង​ការ​បំភ្លេច​។

លោក ភា សុ​ភ័​ក្ត្រា បាន​កត់សម្គាល់​៤​ចំណុច​សំខាន់​ចំពោះ​យុវជន លី​ម អា​រុណ បែប​នេះ​ថា ៖«​និយាយ​ពី​អា​រុណ ជាមួយ​ទ័ព ក្រោម​ការ​ដឹកនាំ​របស់ខ្ញុំ ខ្ញុំ​អាច​វាយតម្លៃ​បាន​ទៅ​លើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា ទី​១. performance (​បច្ចេកទេស កម្លាំង និង​របៀប​លេង​) ទី​២.​ការ​ព្យាយាម និង​ប្រឹងប្រែង ទី​៣.​ការ​ទំនាក់ទំនង​ក្រុម និង​ទី​៤. គឺ​ចរិតលក្ខណៈ​។ ទី​១៖ performance គុណ​ផល​+​បច្ចេកទេស​៖ គុណភាព​នៃ​ការ​បញ្ជូន​បាល់​រាប​ល្អ​ទាំង​ល្បឿន និង​ចំណេញ​សម្រាប់​អ្នក​ទទួល គុណភាព​បាល់​វែង​ច្បាស់​គោលដៅ និង​ល្បឿន​។ ពិសេស​គាត់​ព្យាយាម​បោះ​បាល់​ពីក្រោយ​ខ្នង​ការពារ​បាន​ច្រើន ហើយ​បាន​ផល​នៃ​ការ​សម្រេច​ទី​របស់​ខ្សែប្រយុទ្ធ ប៉ុន្តែ​គាត់​នៅ​ស្ទើរ​ពី​ការ​ទាត់​ទី ទាំង​ក្នុង​ប្រអប់ និង​ពី​ចម្ងាយ​ក្រៅ​ប្រអប់​។ កម្លាំង​៖ ផ្នែក​កាយសម្បទា (Gym) គាត់​មិន​ហាត់​រួម​ជាមួយ​ក្រុម​ទេ ព្រោះ​គាត់​ហាត់​ផ្សេង ដោយឡែក​កម្លាំង​នៃ​ការ​លេង គឺ​មាន​ភាពល្អ​ប្រសើរ​ច្រើន ទាំង​អំណត់ ថាមពល​កម្លាំង ល្បឿន​ប្រតិកម្ម​ខ្លី ក៏​រហ័ស​ជាង​មុន ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​អាច​ចលនា​បាន​ច្រើន​លើ​ទីលាន ពិសេស​ប្រតិកម្ម​ទៅ​ដណ្តើម​បាល់ ទោះ​ដណ្តើម​បាន ឬ​មិន​បាន ក៏​គាត់​បាន​ទៅ​ដល់​ការ​ប្រជែង​ភ្លាម (approching)​។ ការ​លេង​៖ គាត់​អាច​សម្រប ឬ​ឆាប់​យល់​ពី​គោលបំណង​នៃ​ការ​លេង​របស់​ក្រុម​ជាមួយ​ទីតាំង​បម្រើ​ការពារ ឬ​បម្រើ​កណ្តាល (Role No.6) ចំណុច​រីក​ចម្រើន​ខ្ពស់ គឺ​មិន​បាត់​បាល់​ពេល​គេ​ដណ្តើម ហើយ​អាច​លេង​ទៅ​មុខ ឬ​រក្សា​បាល់​បាន​តាម​ស្ថានភាព​ហ្គេ​ម ប៉ុន្តែ​គាត់​ត្រូវការ​បន្ថែម​បាល់​ចោះ​ទៅ​មុខ (penentrate pass) ដើម្បី​បង្កើត​ឱកាស​សម្រេច​ទី​ឱ្យ​ខ្សែប្រយុទ្ធ​។

ចំពោះ​៣​ចំណុច​ទៀត ត្រូវ​បាន​លោក ភា សុ​ភ័​ក្ត្រា សង្កត់ធ្ងន់​បែប​នេះ​ថា ទី​២៖ ការ​ប្រឹងប្រែង និង​ព្យាយាម​៖ លី​ម អា​រុណ តែងតែ​ហាត់​បន្ថែម​ខ្លួនឯង​ជា​ប្រចាំ ក្រោយ​ពេល​ចប់​ហ្វឹកហាត់ និង​ថ្ងៃ​សម្រាក ព្រោះ​ខ្ញុំ​ឧស្សាហ៍​ឃើញ​មក​ហាត់​នៅ​ស្តា​ត​ខ្លួនឯង ដោយពេល​ខ្លះ​ម្នាក់ឯង ពេល​ខ្លះ​មាន​គ្នា ដែល​នេះ​ជា​ចំណុច​គួរ​ចែករំលែក​ដល់​កីឡាករ​ដទៃ​ត្រូវ​អនុវត្ត​តាម​។ ទី​៣៖ គាត់​មាន​ទំនាក់ទំនង​ល្អជា​មួយ​ក្រុម ទាំង​ក្រុមការងារ​គ្រូ និង​មិត្ត​រួម​ក្រុម​។ មាន​ន័យ​ថា​គាត់​តែងតែ​សប្បាយ​រីករាយ​ជាមួយ​ការ​ហ្វឹកហាត់ ដែល​ពេល​ខ្លះ​បង្កើត​ភាព​សប្បាយ​រីករាយ​ដល់​ក្រុម​ទៀត​ផង ខ្ញុំ​គិត​ថា​ប្រហែល​មាន​គ្រូ​ៗ​មួយ​ចំនួន​ច្បាស់​ជា​នឹក​អា​រុណ​ខ្លាំង​។ ទី​៤៖ ចរិតលក្ខណៈ​នៃ​សីលធម៌​របស់ អា​រុណ ទាំង​ក្នុង និង​ក្រៅ​ទីលាន គឺ​គួរ​ឱ្យ​ស្រឡាញ់​។ គាត់​បាន​ព្យាយាម​និយាយ​ខ្មែរ​យ៉ាង​ច្បាស់ ប្រកបដោយ​សុជីវធម៌​ខ្ពស់ ដែល​នេះ​ជា​ចំណុច​ដែល​យើង​ទាំងអស់​គ្នា​នឹក​និង​ពិបាក​បំភ្លេច អា​រុណ ដូច​ពេល​ដែល ញាន សុខ​ស៊ី​ដាន់ ចាក​ចេញពី​យើង​ដូច​គ្នា​។

ខ្សែបម្រើ​រូប​នេះ​បាន​ជួយ​ក្លឹ​ប​ទ័ព រយៈពេល​២​រដូវ​កាល ក្រោម​ការ​បង្វឹក​របស់​គ្រូ​បង្គោល លោក ភា សុ​ភ័​ក្ត្រា​។ ជាមួយ​គ្នា​នេះ ក្លឹ​ប​ទ័ព​បាន​បង្ហោះ​សារ​តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​ខ្លួន​ថា ៖«​ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក​ក្រុម​កីឡាករ​ទាំងអស់​របស់​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ សូម​អរគុណ​ជា​ពិសេស​ទៅ​កាន់​កីឡាករ លឹ​ម អា​រុណ​រ៉េ​យ​មិន សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​ក្លឹ​ប​យើង​កន្លង​មក​។ យើង​ទាំងអស់​គ្នា​សូម​ជូនពរ​ដល់​កីឡាករ លឹ​ម អា​រុណ​រ៉េ​យ​មិន ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​មួយ​នេះ​បន្ដ​ទៀត​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក លី​ម គុណ ដែល​ជា​ឪពុក​របស់​កីឡាករ លី​ម អា​រុណ​រ៉េ​យ​មិន បាន​មាន​ប្រសាសន៍​ថា កិច្ចសន្យា​២​រដូវ​កាល​របស់ លី​ម អា​រុណ ជាមួយ​ក្លឹ​ប​ទ័ព ត្រូវ​បាន​ដល់ទី​បញ្ចប់ ហើយ​ស្រប​ពេល​នោះ​ដែរ ក្លឹ​ប​បឹង​កេ​ត ដែល​ជា​ក្លឹ​ប​ចាស់ និង​ជា​ក្លឹ​ប​ដំបូង​គេ​នៅ​កម្ពុជា ដែល លី​ម អា​រុណ បាន​ចូល​ជា​សមាជិក​តាំង​តែ​ពី​គាត់​មាន​អាយុ ១៦​ឆ្នាំ បាន​ទាក់ទង និង​បើកទ្វារ​ទទួល​ស្វាគមន៍​ទទួលយក លី​ម អា​រុណ ត្រឡប់​ទៅ​វិញ សម្រាប់​រដូវ​កាល ២០២៥-២០២៦​។ ទោះបីជា​មាន​ក្លឹ​ប​មួយ​ចំនួន​នៃ​លី​គ​កំពូល​កម្ពុជា​បាន​ព្យាយាម​ទាក់ទង​ចង់បាន​គាត់ ក៏​ប៉ុន្តែ អា​រុណ បាន​សម្រេចចិត្ត​ជ្រើស​យក​ការ​វិល​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លឹ​ប​បឹង​កេ​ត​វិញ ដែល​ជា​ទ្រនំ​ចាស់​របស់​គាត់ ដោយហេតុ​គាត់​មាន​អ្នកគាំទ្រ​ច្រើន​នៅ​ទីនោះ​។

លោក លី​ម គុណ គូសបញ្ជាក់​បន្ថែម​ថា ៖«​ក្នុង​នាម​ខ្ញុំ​ជា​ឪពុក ខ្ញុំ​សូម​ឆក់​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្លឹ​ប​ទ័ព ថ្នាក់ដឹកនាំ ក្រុម​គ្រូបង្វឹក កីឡាករ និង​អ្នកគាំទ្រ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ និង​ផ្តល់​ឱ្យ​កូន​របស់ខ្ញុំ ក្នុង​ការ​ចូលរួម​ប្រកប​អាជីព​បាល់ទាត់​អស់​រយៈពេល​២​រដូវ​កាល កន្លង​មកនេះ​។ ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​អស់ពីដួងចិត្ត​ចំពោះ​លោកគ្រូ ភា សុ​ភ័​ក្ត្រា ដែល​លោក​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ជួយ​បណ្តុះបណ្តាល ណែនាំ និង​តម្រង់​ទិស​ឱ្យ អា​រុណ បាន​រីក​ចម្រើន​ខ្លាំង​ខាង​ផ្នែក​បាល់ទាត់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ លោកគ្រូ ភា សុ​ភ័​ក្ត្រា បាន​ចាប់អារម្មណ៍​លើ​ចរិត និង​សក្តានុពល​របស់ អា​រុណ ផ្នែក​ខាង​បាល់ទាត់​ចាប់តាំងពី​គាត់​បាន​ជួប អា​រុណ ពី​ដំបូង​កាលដែល អា​រុណ ទើប​មាន​អាយុ ១៥​ឆ្នាំ​»៕

Previous articleជម្រើសជាតិជឺជីតស៊ូកម្ពុជាឈ្នះមេដាយ ១១គ្រឿង ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសហ្ស៊កដានី
Next articleលោក Emmanuel Petit ព្រមានកីឡាករ Liam Delap ចំពោះការផ្ទេរទៅកាន់ Chelsea