ជម្រើសជាតិតេក្វាន់ដូ WT ៥នាក់ដុសខាត់បច្ចេកទេស ត្រៀមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក នៅអាល្លឺម៉ង់

ភ្នំពេញ៖ លោក ឆ​យ យ៉ុ​ង​សុក គ្រូបង្វឹក​ជម្រើសជាតិ​តេ​ក្វា​ន់​ដូ WT កម្ពុជា​បាន​គូសបញ្ជាក់​ថា កីឡាការិនី​៥​នាក់​កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​សកម្ម ៣​ពេល ជា​រៀងរាល់ថ្ងៃ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​សាកលវិទ្យាល័យ​រដូវក្តៅ​ពិភពលោក នា​ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង Rhine-Ruhr នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។

គ្រូធំ​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​បន្ថែម​ថា ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​រដូវក្តៅ​ពិភពលោក ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់​៤​ឆ្នាំ ដូច​អូ​ឡាំ​ពិ​ក​ហ្គេ​ម​ដែរ​។ ព្រឹត្តិការណ៍​នេះ អត្ត​ព​លិ​ក​តេ​ក្វា​ន់​ដូ WT កម្ពុជា​ធ្លាប់​បាន​ចូលរួម​ប្រកួត​ចំនួន ២​លើក​រួច​មក​ហើយ ប៉ុន្តែ​ពុំ​ធ្លាប់​ទទួល​បាន​មេដាយ​នៅឡើយ​ទេ​។ សម្រាប់​ការ​ប្រកួត​ឆ្នាំ​២០២៥​នេះ លោកគ្រូ​លើក​ឡើង​ថា កីឡាការិនី​ត្រៀមខ្លួន​ទាំង​៥​នាក់​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់ ដោយ​ក្នុង​១​ថ្ងៃ​ៗ​គឺ​ហ្វឹកហាត់​ចំនួន ៣​ពេល​។ ជាមួយនឹង​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ហ្វឹកហាត់​ត្រៀមខ្លួន​នេះ គឺ​លោក ឆ​យ យ៉ុ​ង​សុក ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹម​ដែរ ក្នុង​ការ​ឈាន​ឆ្ពោះទៅ​រក​កម្រិត​មេដាយ ទើប​យើង​ខិតខំ​ប្រមូលផ្តុំ​ហ្វឹកហាត់​។

លោក ឆ​យ យ៉ុ​ង​សុក សង្កត់ធ្ងន់​ថា កីឡាការិនី​ទាំង​៥​នាក់ គឺ​មាន​បទ​ពិសោធ​ច្រើន ក្នុង​ការ​ប្រកួត​អន្តរជាតិ​កន្លង​មក ដូច​ជា​ស៊ី​ហ្គេ​ម កីឡា​អាស៊ី ជាដើម​។ តាម​រយៈ​ការ​ចូលរួម​ប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​រដូវក្តៅ​ពិភពលោក នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ នា​ខែកក្កដា ឆ្នាំ​២០២៥​នេះ ក៏​ជា​ការ​ផ្តល់​ឱកាស​ដល់​កីឡាការិនី​កម្ពុជា ក្នុង​ការ​បង្កើន​គុណភាព​បច្ចេកទេស​ត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រជែង​មេដាយ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នា​ខែធ្នូ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​ផង​ដែរ​។

កីឡាការិនី​តេ​ក្វា​ន់​ដូ WT ទាំង​៥​នាក់ រួម​មាន​៖ កីឡាការិនី រ៉េ​ត ផា​ន់​ម៉ូ​នី​កា កីឡាការិនី គ្រី លី​ដែន កីឡាការិនី​ឈ​ន់ ធា​រ៉ា កីឡាការិនី ឈឿ​ង អា​លី​ហ្សា និង​កីឡាការិនី វ៉ា​ន់ បូ​រី ដែល​មាន​គ្រូបង្វឹក​ដឹកនាំ​ផ្ទាល់ គឺ​លោក ឈុ​ន សុ​ខឡុង​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​រដូវក្តៅ​ពិភពលោក លើក​ទី​៣២ ឆ្នាំ​២០២៥ គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៦-២៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង Rhine-Ruhr ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​មាន​ជាង​១០០​ប្រទេស​ចូលរួម​មក​ពី​ជុំវិញ​ពិភពលោក ខណៈ​ដោយ​កម្ពុជា​ត្រៀម​បញ្ជូន​ប្រតិភូ​កីឡា ៣៥​រូប​លើ​៦​ប្រភេទ​កីឡា ដូច​ជា គុន​ដាវ អត្តពលកម្ម ហែល​ទឹក យូ​ដូ វាយ​សី និង​តេ​ក្វា​ន់​ដូ WT​។ ប្រតិភូ​កីឡា​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម កែ ប៊ុ​ន​ខៀង រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បន្ទុក​ប្រធាន​ប្រតិភូ ឯកឧត្តម ប៉ុន សុខ អគ្គនាយក​កីឡា អនុប្រធាន​ប្រតិភូ ឯកឧត្តម ព្រំ ប៊ុ​ណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា​ទទួល​បន្ទុក​នាយ​បេសកកម្ម អម​ដោយ​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត​៕

Previous articleមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំជំរុញឱ្យការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដំណើរការដោយរលូន និងជោគជ័យ
Next articleជម្រើសជាតិជឺជីតស៊ូកម្ពុជាឈ្នះមេដាយ ១១គ្រឿង ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសហ្ស៊កដានី