ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំ និងផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនដល់មន្ត្រីរៀបចំការប្រកួត និងប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាជំរុញឱ្យការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ដំណើរការដោយរលូន និងជោគជ័យ។
អនុសាសន៍គន្លឹះសំខាន់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនាយបេសកកម្ម លើកទី២ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
អនុសាសន៍ណែនាំគន្លឹះរបស់ឯកឧត្តម វ៉ាត់ ចំរើន រួមមាន៖ សូមឱ្យប្រតិភូកីឡារាជធានី-ខេត្តទាំងអស់តាមដានការធ្វើដំណើររបស់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលត្រូវមកចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ តាមដំណាក់កាលៗ ដែលគណៈកម្មការរៀបចំការប្រកួតរៀបចំជូន និងសូមគោរពឱ្យបានតាមនិយាមបច្ចេកទេសដែលក្រសួងបានកំណត់។ សូមឱ្យប្រតិភូកីឡារាជធានី-ខេត្តរក្សាឱ្យបាននូវការយោគយល់ ការអធ្យាស្រ័យ និងការសហការគ្នា រវាងខេត្ត និងគណៈកម្មការគ្រប់ផ្នែក ដើម្បីសម្របសម្រួលការងារចាំបាច់ទូទៅ។ សូមឱ្យប្រតិភូកីឡារាជធានី-ខេត្តត្រូវបន្តឱ្យមានការហាត់សមរៀងរាល់មុនការប្រកួតរបស់កីឡាករ កីឡាការិនី ដើម្បីឱ្យប្រាកដថា ការចូលរួមប្រកួតមិនប៉ះពាល់ដល់សាច់ដុំ ឬបញ្ហាផ្សេងៗទៀត។
សូមចូលរួមទាំងអស់គ្នា គោរពឱ្យបាននូវគោលការណ៍ត្រឹមត្រូវនិងសុក្រឹតក្នុងអនុញ្ញាតឱ្យកីឡាករ កីឡាការិនី តាមអាយុកំណត់ ដែលគណៈកម្មការរៀបចំការប្រកួត មានចែងក្នុងបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសតាមប្រភេទកីឡានីមួយៗ។ ត្រូវចូលរួមក្នុងការវាយតម្លៃ និងធ្វើរបាយការណ៍អំពីសមាសភាពដែលមានភាពអសកម្ម និងចំណុចខ្វះខាតផ្សេងៗ ដើម្បីជាមូលដ្ឋានកែលម្អការរៀបចំប្រកួតឱ្យបានកាន់តែល្អប្រសើរឡើង នាពេលអនាគត។ ត្រូវចូលរួមសហការ និងដោះស្រាយបញ្ហាចំពោះការផ្សព្វផ្សាយនូវព័ត៌មាននានា ដែលនឹងផ្តល់នូវផលអវិជ្ជមានមកកាន់ការប្រកួត ដោយត្រូវយកចិត្តទុកដាក់ និងរកដំណោះស្រាយឱ្យបានត្រឹមត្រូវ ព្រមទាំងទាន់ពេលវេលាទាំងអស់គ្នា។ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់គ្រូបង្វឹក និងក្មួយកីឡាករ កីឡាការិនី ដោយត្រូវសហការ ឬទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យប្រចាំការទាំងទីតាំងស្នាក់នៅ និងទីលានប្រកួត ដើម្បីបង្ការបញ្ហាសុខភាពដែលកើតឡើងជាយថាហេតុណាមួយ ឬការចាំបាច់ត្រូវធ្វើការសង្គ្រោះបឋមផ្សេងៗ ដោយត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ព្រមទាំងត្រូវមានសម្ភារពេទ្យ និងទំនាក់ទំនងជាមន្ទីរពេទ្យជាមុន។
សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួលចរាចរណ៍សម្រាប់ប្រតិភូ កីឡាករ កីឡាការិនី នៅតាមបរិវេណទីលានប្រកួត ក្នុងករណីចាំបាច់។ ជំរុញការឱ្យមានប្រាស្រ័យទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មការរៀបចំការប្រកួត និងគណៈកម្មការជំនាញតាមសហព័ន្ធ ដើម្បីភាពងាយស្រួលលើការងារពាក់ព័ន្ធផ្សេងៗ នាពេលអនាគត។ ត្រូវចូលរួមប្រជុំប្រធានប្រតិភូតាមការអញ្ជើញរបស់គណៈកម្មការរៀបចំការប្រកួត ដើម្បីរាយការណ៍ពីចំណុចខ្វះខាត និងការងារបច្ចេកទេសប្រចាំថ្ងៃផ្សេងតាមផ្នែកនីមួយៗ។ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ ពីគោលការណ៍កីឡាគ្មានថ្នាំជក់ “Tobacco – Free – Sports” ដោយត្រូវអនុវត្តឱ្យបាននៅគ្រប់ទីតាំងទីលានប្រកួត ទីតាំងទីកន្លែងស្នាក់នៅ និងទីតាំងកន្លែងហូបចុក របស់ប្រតិភូកីឡាទាំងអស់។ ចូលរួមផ្សព្វផ្សាយ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ ពីគោលការណ៍ការហាមការប្រើប្រាស់សាធាតុលើកកម្លាំងក្នុងកីឡា “Doping” ដោយត្រូវអនុវត្តឱ្យបានកីឡាករ កីឡាការិនី ទាំងអស់។
ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសហព័ន្ធកីឡាជាតិ និងប្រធានប្រតិភូរាជធានីខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ប្រតិភូកីឡា រាជធានីខេត្ត ដែលបានសហការរៀបចំ និងចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ៖ «កីឡាបង្កើនបញ្ញាស្មារតី»។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយរៀបចំលើ១៤ប្រភេទកីឡា ស្មើនឹង ១២៣ វិញ្ញាសា។ ព្រឹត្តិការណ៍នេះមានការចូលរួមពី២៥រាជធានី-ខេត្ត សរុប ៣៦២០នាក់ ក្នុងនោះប្រតិភូ ៨៧នាក់ ថ្នាក់ដឹកនាំប្រុស ១៨៩នាក់ ស្រី ១៥នាក់ គ្រូបង្វឹក គ្រូជំនួយ ៤១៣នាក់ ស្រី ៦៦នាក់ កីឡាករ ១៥៨៩នាក់ និងកីឡាការិនី ១២៦១នាក់៕