ឯកឧត្តម ណុះ ស្លេះ ប្តេជ្ញាបន្តដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ឱ្យមានការអភិវឌ្ឍកាន់តែប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​បន្ត​ដឹកនាំ​សហព័ន្ធ​ជាតិ​មួយ​នេះ​ឱ្យ​មានដំណើរ​ការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត បន្ទាប់​ប្រភេទ​កីឡា​នេះ​ទទួល​បាន​សមិទ្ធផល​ធំ​ៗ​ជា​លក្ខណៈ​អន្តរជាតិ ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ក្នុង​អាណត្តិ​ចាស់​។

ការ​ប្តេជ្ញា​ចិត្ត​របស់​ឯកឧត្តម​បាន​ធ្វើ​ឡើង ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​ទី​២ និង​បន្ត​អាណត្តិ​ថ្មី ទី​៣ ឆ្នាំ​២០២៥-២០២៩ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដោយ​ឯកឧត្តម ណុះ ស្លេះ ទទួល​បានការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​។

ឯកឧត្តម ណុះ ស្លេះ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ក្នុង​អាណត្តិ​មុន​កន្លង​មក ដោយ​ដ​ណ្តើ​បាន​សមិទ្ធផល​ធំ​ៗ​ជូន​ជាតិ ក្នុង​នោះ​ដូច​ជា​ដណ្តើម​បាន​មេដាយ ស៊ី​ហ្គេ​ម ២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ និង​ឈ្នះ​មេដាយ​ជា​ច្រើន​ទៀត​ពី​ព្រឹត្តិការណ៍​កម្រិត​ទ្វីបអាស៊ី និង​ពិភពលោក​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​ស្នើ​សុំ​ឱ្យ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​ទាំង​២៧​រូប​បន្ត​រួម​គ្នា​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ឱ្យ​ទទួល​បាន​កិត្តិយស កិត្តិយស​ព្ទ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ថា សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ឆ្នាំ​២០២៥-២០២៩ មាន​ចំនួន ២៧​រូប ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ណុះ ស្លេះ ជា​ប្រធាន ឯកឧត្តម សាលី អ៊ូ​មើ​ត អនុប្រធាន​ទី​១ និង​អនុប្រធាន​៣​រូប គឺ​ឯកឧត្តម នី ផ​ល្លី លោក Karl Heinrich Knauf និង​លោក ហួត សេង​ទ្រី​។ លោក មាស ម៉ា​ប់ អគ្គលេខាធិការ អម​ដោយ​អគ្គលេខាធិការ​រង​២​រូប គឺ​លោក ម៉​ម អា​នី និង​លោក ទី​ន ហូ​សេន និង​សមាជិក​ជា​ច្រើន​រូប​ទៀត​៕

Previous articleកីឡាករ Rodrygo ចង់បន្តស្នាក់នៅជាមួយក្លឹប Real Madrid
Next articleសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានផលចំណេញច្រើន ពីការចូលរួមមហាសន្និបាត-បោះឆ្នោតរបស់ IWF