សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានផលចំណេញច្រើន ពីការចូលរួមមហាសន្និបាត-បោះឆ្នោតរបស់ IWF

ភ្នំពេញ៖ លោក ផេង ប៉ាក អនុប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​បាន​ចូលរួម​មហាសន្និបាត​វិសាមញ្ញ និង​បោះ​ឆ្នោះ​របស់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​ពិភពលោក (IWF) នៅ​ទីក្រុង​រី​យ៉ា​ត ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ​។

ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥​នេះ លោក ផេង ប៉ាក បានឱ្យ​ដឹង​ថា ក្នុង​ការ​ចូលរួម​មហាសន្និបាត​វិសាមញ និង​បោះ​ឆ្នោត​របស់ IWF ក្នុង​នាម​ជា​សមាជិក​ពេញ​សិទ្ធិ សហព័ន្ធ​លើក​ទម្ងន់​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា យើង​បាន​បោះ​ឆ្នោត​ជូន​ដល់​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី ដែល​គាត់​សន្យា​ជួយ​ដល់​វិស័យ​កីឡា​លើក​ទម្ងន់​ក្នុង​តំបន់​ង និង​កម្ពុជា ក្នុង​គោលដៅ​អភិវឌ្ឍ​មន្ត្រី​បច្ចេកទេស គ្រូបង្វឹក ដើម្បី​ឱ្យ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​មាន​លទ្ធភាព​អភិវឌ្ឍ​កាន់តែ​ប្រសើរ និង​ឆាប់​ឱ្យទាន់​ប្រទេស​ជិតខាង​។ បេក្ខភាព​មក​ពី​ប្រទេស​ដែល​យើង​បោះ​ឆ្នោត​គាំទ្រ គាត់​បាន​សន្យា​រៀបចំ​ការ​ប្រកួត​នៅ​ក្នុង​តំបន់ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ឱ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​កាន់តែ​រីក​ចម្រើន​ស្មើមុខស្មើមាត់​ទៅ​នឹង​ប្រទេស​ជឿនលឿន​សម្រាប់​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​កមួយ​នេះ​។

បន្ថែម​ពីលើ​នេះ លោក ផេង ប៉ាក លើក​ឡើង​ថា កម្ពុជា​ទទួល​បាន​បន្ត​សុពលភាព​មន្ត្រី​បច្ចេកទេស​អន្តរជាតិ​របស់​កម្ពុជា ៤​រូប គឺ​១-​លោក ផេង ប៉ាក​, លោកស្រី ពៅ គាថា​, លោកស្រី គង់ កែវ​មរតក និង​លោកស្រី ហាន ស្រី​និ​ច​។ ក្នុង​ឱកាស​នេះ កម្ពុជា​ក៏​បាន​ផ្សព្វផ្សាយ​ពី​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ការ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ២០២៣ ជូន​ដល់​ភ្ញៀវ​អន្តរជាតិ ហើយ​ពួក​គាត់​បាន​កោតសរសើរ​ចំពោះ​កម្ពុជា​ផង​ដែរ​។

បន្ទាប់​ពី​មហាសន្និបាត បោះ​ឆ្នោត របស់ IWF គឺ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​មានឱកាស​ពង្រឹង​បច្ចេកទេស និង​បណ្តុះបណ្តាល រួម​នឹង​ការ​គាំទ្រ​ចេញ​ទៅ​ប្រកួត​នានា នៅ​ក្រៅប្រទេស តាម​រយៈ​សហព័ន្ធ​លើក​ទម្ងន់​ពិភពលោក និង​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ថែម​ទៀត​នោះ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​នឹង​ប​បន្ត​កិច្ច​ខិតខំ​អភិវឌ្ឍ​អត្ត​ព​លិ​ក​ឱ្យ​ដណ្តើម​មេដាយ​ពី​ការ​ប្រកួត​អន្តរជាតិ​យក​មក​ជូន​ជាតិ​មាតុភូមិ​ជាក់​ជា​មិន​ខាន​។

គួរ​បញ្ជាក់​ថា លោក Mohammed Hasan Jalood ត្រូវ​បាន​បោះ​ឆ្នោះ​ឡើង​វិញ​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​ពិភពលោក IWF សម្រាប់​អាណត្តិ ឆ្នាំ​២០២៥-២០២៩ បន្ទាប់​ពី​ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ ១៦៨​សំឡេង ក្នុង​ចំណោម ១៧៤ សំឡេង ខណៈ ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អា​មេ​រិ​ក លោកស្រី Papandrea ជាប់​ជា​អនុប្រធាន​ទី​១ IWF រីឯ លោក Quinoes Gonzalez José Carlos ជាប់​ឆ្នោត​ជា​អគ្គលេខាធិការ IWF ក្រោយ​ទទួល​បាន ១៦០ សំឡេង ក្នុង ១៧៣ សំឡេង​។ ក្នុង​មហាសន្និបាត​នេះ ក៏​មានការ​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព​ប្រតិបត្តិ IWF ចំនួន ១២​រូប​ផង​ដែរ​៕

Previous articleឯកឧត្តម ណុះ ស្លេះ ប្តេជ្ញាបន្តដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ឱ្យមានការអភិវឌ្ឍកាន់តែប្រសើរ
Next articleMan Utd ចាប់អារម្មណ៍កីឡាករ Pedro Goncalves ដែលមានតម្លៃផ្ទេរ ៧០លានផោន