ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹកនៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិបានបញ្ចប់ហើយ ដោយកីឡាករ កីឡាការិនីមកពីខេត្តកណ្តាលឈរលើកំពូលតារាង ដោយដណ្តើមបានមេដាយមាស ៥គ្រឿង។
នៅក្នុងឱកាសបិទការប្រកួតកីឡាហែលទឹកនៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកទទួលបានការផ្តល់កិត្តិយសពីលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងប្រតិភូរាជធានីខេត្តចំនួន ៧ផងដែរ។ លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរងនៃសហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ប្រភេទកីឡាហែលទឹកក៏ត្រូវបានអនុញ្ញាត ចូលរួមប្រកួតចាប់ផ្តើមពីថ្ងៃទី០៧-០៨ ខែមិថុនា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។
អគ្គលេខាធិការរងបានបន្តថា ការប្រកួតកីឡាហែលមានរាជធានីខេត្តចំនួន ៧ រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែងខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ៤៧នាក់ (ប្រុស ២៤នាក់ ស្រី ២៣នាក់) គ្រូបង្វឹក គ្រូជំនួយចំនួន ១០នាក់ និងមន្ត្រីគណៈកម្មការបច្ចេកទេស ២៥នាក់ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួត។
តាមរយៈព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សានេះ អ្វីដែលសហព័ន្ធខ្មែរកីឡាហែលទឹកផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ កីឡាការិនីវ័យក្មេង ជាពិសេសសិស្សានុសិស្សសិក្សានៅតាមវិទ្យាល័យទូទាំងប្រទេសកម្ពុជា បានបណ្តុះបណ្តាលចេញពីសហព័ន្ធ និងតាមបណ្តាខេត្ត។
ចំពោះលទ្ធផលការប្រកួតនេះ គឺខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ២ គ្រឿង, ភ្នំពេញ លេខ២ មេដាយមាស ៣ និងមេដាយសំរឹទ្ធ ២ ខេត្តព្រៃវែង លេខ៣ មេដាយមាស ២ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ១ និងខេត្តកំពង់ចាមដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរឹទ្ធ ៨ គ្រឿង។ ខេត្តបាត់ដំបង ទទួលបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង ខេត្តបន្ទាយមានជ័យដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង និងខេត្តស្ទឹងត្រែងដណ្តើមបានមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង៕