កីឡាការិនីលើកទម្ងន់កម្ពុជាមិនឈ្នះមេដាយ ប៉ុន្តែបានបំណែកកំណត់ត្រា ក្នុងការប្រកួតលើកទម្ងន់ជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី

ភ្នំពេញ៖ កីឡាការិនី​លើក​ទម្ងន់​កម្ពុជា រើ​ន ស្រី​នី​ត មិន​ទទួល​បាន​មេដាយ​ជូន​ជាតិ​ទេ ក្នុង​ការ​ប្រកួត​កីឡា​លើក​ទម្ងន់​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​សិង្ហ​បុរី ពី​ថ្ងៃ​ទី​១៣-១៥ ខែមិថុនា ឆ្នាំ​២០២៥ ប៉ុន្តែ​កីឡាការិនី​លើក​ទម្ងន់​កម្ពុជា​រូប​នេះ​បាន​បំបែក​កំណត់​ត្រា​ខ្លួនឯង ដោយ​លើក​ទម្ងន់​បាន​សរុប ១៥០​គីឡូក្រាម បំបែក​កំណត់​ត្រា​ចាស់​សរុប ត្រឹម ១២៤​គីឡូក្រាម នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ កាលពី​ខែឧសភា ឆ្នាំ​២០២៣​កន្លង​ទៅ ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក ផេង ប៉ាក អនុប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ដែល​លោក​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​លើ​ទម្ងន់​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​១ ឆ្នាំ​២០២៥ ក្នុង​នាម​ជា​មន្ត្រី​អាជ្ញាកណ្តាល​អន្តរជាតិ​របស់​កម្ពុជា​។

លោក ផេង ប៉ាក បាន​គូសបញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ​ថា ការ​ប្រកួត​កីឡា​លើក​ទម្ងន់​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​១ (2025 SOUTH EAST ASIA WEIGHTLIFTING CHAMPIONSHIPS) ដែល​ប្រទេស​សិង្ហ​បុរី​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣-១៥ ខែមិថុនា ឆ្នាំ​២០២៤​។ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា មាន​មន្ត្រី​អាជ្ញាកណ្តាល​អន្តរជាតិ​កម្ពុជា ២​រូប​ចូលរួម គ្រូបង្វឹក ១​រូប​និង​កីឡាការិនី ១​រូប​ចូលរួម​ប្រកួត​ផង​ដែរ​។ សូម​ជម្រាប​ថា​សមាជិក​សហព័ន្ធ​អាស៊ាន​នីមួយ​ៗ​បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​មក​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ លើកលែងតែ​ប្រទេស​ឡាវ និង​ប្រទេស​ទី​ម័​រ​ខាងកើត​ប៉ុណ្ណោះ ដែល​មិន​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​។ សម្រាប់​ការ​ចូលរួម​របស់​កម្ពុជា លទ្ធផល​កីឡាការិនី​កម្ពុជា ១​រូប​ទៅ​ចូលរួម​មិន​បាន​ដណ្តើម​បាន​មេដាយ​ទេ ប៉ុន្តែ​កីឡាការិនី រើ​ន ស្រី​នី​ត បាន​បំបែក​កំណត់​ត្រា​ថ្មី ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​សិង្ហ​បុរី ឆ្នាំ​២០២៥​នេះ និង​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣២ នៅ​កម្ពុជា (​ស៊ី​ហ្គេ​ម​លើក​បាន សរុប ១២៤​គីឡូក្រាម ពេល​នេះ លើក​ទម្ងន់ បាន​សរុប ១៥០​គីឡូក្រាម​)​។

លោក ថុ​ម លាវ ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​សិង្ហ​បុរី ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​១ ឆ្នាំ​២០២៥​បាន​កោតសរសើរ​ដល់​កីឡាការិនី​កម្ពុជា ក្នុង​ការ​ប្រកួត​បាន​ល្អ បើ​ប្រៀបធៀប​នឹង​ការ​ប្រកួត​ស៊ី​ហ្គេ​ម ២០២៣ កន្លង​ទៅ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាសផ្ទះ​។ លោក​បន្ត​ថា កីឡា​លើក​ទម្ងន់​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ដោយ​គ្រប់​អត្ត​ព​លិ​ក​ទាំងអស់​ហ្វឹកហាត់​ត្រូវ​ប្រើ​ពេល ប៉ុន្តែ​កីឡាការិនី​កម្ពុជា​បាន​លទ្ធផល​នេះ ពិតជា​ល្អ​ខ្លាំង​ណាស់​។ ចំពោះ​មន្ត្រី​អាជ្ញាកណ្តាល​អន្តរជាតិ​កម្ពុជា​២​រូប​ចូលរួម​លើក​នេះ គឺ​បាន​ធ្វើ​ការងារ​តាម​កម្មវិធី​ប្រកួត ក្រឹត្យក្រម​វិន័យ និង​កាត់ក្តី​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​បាន​ល្អ​។

ជាមួយ​គ្នា​នេះ លោកស្រី​បណ្ឌិត Sirilak Thatman សមាជិក​គណៈ​កម្ម​ធិ​ការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​ពិភពលោក ក្នុង​តួនាទី​ជា​ប្រធាន​ចៅក្រម​ព្រឹត្តិការណ៍ SEA Championships នៅ​ប្រទេស​សិង្ហ​បូ​រី បាន​មាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្រកួត​នីមួយ​ៗ ក្រោម​ការ​កាត់សេចក្តី​របស់​មន្ត្រី​អន្តរជាតិ​ទាំងអស់​អស់ ដោយ​ធ្វើ​បាន​ល្អ និង​សុ​ក្រឹត្យ​យុត្តិធម៌ ដែល​ជា​មោទនភាព សម្រាប់​អា​ស៊ា​ទាំងមូល ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ាន​ជា​លើក​ដំបូង ប៉ុន្តែ​ដំណើរការ​ប្រកួត ការ​កាត់សេចក្តី​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ដំណើរការ​ដោយ​រលូន ។

លោក​បណ្ឌិត Niwat Limsukniran ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អាស៊ី​អាគ្នេយ៍ (SEAWF) មាន​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​ព្រឹត្តិការណ៍ SEA Championships (2025 SOUTH EAST ASIA WEIGHTLIFTING CHAMPIONSHIPS) ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី ឆ្នាំ​២០២៥ ដែល​ជា​ការ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សម្រាប់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អាស៊ាន​។

គួរ​បញ្ជាក់​ថា សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​បាន​បញ្ជូន​អាជ្ញាកណ្តាល​អន្តរជាតិ ២​រូប គឺ​លោក ផេង ប៉ាក និង​លោកស្រី ពៅ គាថា គ្រូបង្វឹក លោកស្រី ទ្រី សុ​ថា​វី និង​កីឡាការិនី រើ​ន ស្រី​នី​ត ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​ទី​១២-១៦ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​ព្រឹត្តិការណ៍​កីឡា​លើក​ទម្ងន់​ជើងឯក​អាស៊ី​អាគ្នេយ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ទី​១ ដើម្បី​ជំរុញ​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​កមួយ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​៕

Previous articleឯកឧត្តមបណ្ឌិត មាស សារិន ប្តេជ្ញាដឹកនាំកីឡាទាញព្រ័ត្រ បោះជំហានទៅមុខជានិច្ចឱ្យដល់គោលដៅដែលចង់បាន
Next articleសហព័ន្ធគុនខ្មែរអន្តរជាតិប្រគល់ភារកិច្ចជូនឯកឧត្តម វ៉ាត់ ចំរើន ជាប្រធានស្តីទី និងឯកឧត្តម ខូវ ឆាយ ជាអគ្គលេខាធិការ