ឯកឧត្តមបណ្ឌិត មាស សារិន ប្តេជ្ញាដឹកនាំកីឡាទាញព្រ័ត្រ បោះជំហានទៅមុខជានិច្ចឱ្យដល់គោលដៅដែលចង់បាន

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​អាណត្តិ​ចាស់​ទទួល​បានការ​គាំទ្រ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា ឯកឧត្តម និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំងអស់​នឹង​រួបរួម​គ្នា ក្នុង​ការ​ដឹកនាំ​ប្រភេទ​កីឡា​មួយ​នេះ​ឱ្យ​បោះ​ជំហាន​ទៅ​មុខជា​និច្ច មិន​ឱ្យ​ដើរ​ថយក្រោយ​ឡើយ​។

ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​បាន​ធ្វើ​ឡើង​ក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ ទី​៤ ឆ្នាំ​២០២០-២០២៤ និង​បន្ត​អាណត្តិ​ថ្មី ទី​៥ ឆ្នាំ​២០២៤-២០២៨ ដោយ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សរុប ៤១​រូប​ទទួល​បានការ​គាំទ្រ​ផ្តល់​សេចក្តី​ទុក​ចិត្តជា​ឯកច្ឆ័ន្ទ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC)​។

ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន បាន​ប្តេជ្ញា​ចិត្ត​បន្ថែម​ថា នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ត​ដំណើរការ​អភិវឌ្ឍន៍​ឱ្យ​ដល់​ទិស​ដៅ​របស់​យើង​ដែល​ចង់បាន ជា​ពិសេស​ទិស​ដៅ​ការ​ប្រកួត​កីឡា​ទាញព្រ័ត្រ​ជើងឯក​អាស៊ី​អាគ្នេយ៍​។ ប្តេជ្ញា​ជំរុញ​ឱ្យ​ប្រភេទ​កីឡា​ទាញព្រ័ត្រ​ឱ្យ​កាន់តែ​មាន​ប្រជាប្រិយភាព ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន តាម​រយៈ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ទាញព្រ័ត្រ ជើងឯក​សមាគម នៅ​អង្គរវត្ត ចាប់ពី​ឆ្នាំ​២០២៦​តទៅ​។ ប្តេជ្ញា​ជំរុញ​ឱ្យ​ប្រភេទ​កីឡា​ទាញព្រ័ត្រ​ឱ្យ​ចូល​ក្នុង​សាលារៀន​ឱ្យ​បាន ដើម្បី​បណ្តុះបណ្តាល​ធនធាន​ថ្នាល​យុវជន​ឱ្យ​បាន ពីព្រោះ​ថា​ប្រភេទ​កីឡា​ណា​ក៏​ដោយ បើ​គ្មាន​ធនធាន​ថ្នាល​នោះ​ទេ គឺ​មិន​អាច​រីក​ចម្រើន​បាន​ឡើយ​។ ចាប់ពី​ឆ្នាំ​២០២៦ តទៅ ស្នើ​ប្រមូលផ្តុំ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​នូវ​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ចំនួន ២២​នាក់ ក្នុង​នោះ​កីឡាករ ៩​នាក់ និង​កីឡាការិនី​៩​នាក់ និង​គ្រូបង្វឹក គ្រូ​ជំនួយ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​តំណាង​ជាតិ ក្នុង​ការ​ប្រកួត​កីឡា​ទាញព្រ័ត្រ​អន្តរជាតិ​នានា នា​ពេល​ខាង​មុខ​។

បន្ថែម​ពីលើ​នេះ ប្រធាន​សហព័ន្ធ​មាន​ប្រសាសន៍​ទៀត​ថា យើង​នឹង​ប្រឹងប្រែង​រួបរួមសាមគ្គី​គ្នា ក្នុង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី ដើម្បី​ពង្រឹងគុណភាព​វិស័យ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ឱ្យ​ដើរ​ឆ្ពោះទៅ​មុខ​លឿន​ជាង​អាណត្តិ​ចាស់​ៗ​កន្លង​ទៅ ជា​ពិសេស​បាន​ចូលរួម​ប្រកួត​អន្តរជាតិ​ឱ្យ​បាន​ទៀងទាត់ ដែល​កីឡា​ទាញព្រ័ត្រ​ជា​ប្រភេទ​កីឡា​ប្រពៃណី​វប្បធម៌​ជាតិ​ឱ្យទៅ​ជា​ប្រភេទ​កីឡា​ទំនើប ខណៈ​កីឡា​ទាញព្រ័ត្រ​នេះ​ត្រូវ​បាន​រៀបចំ​ប្រកួត​ដល់​កម្រិត​ពិភពលោក (World Games) ហើយ ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​ពិភពលោក​នៅឡើយ​ទេ​។ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​នេះ ឯក​ឧត្ត​ដាក់​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំងអស់​នឹង​បង្កើន​សមត្ថភាព ការ​បណ្តុះបណ្តាល ដើម្បី​បោះ​ជំហាន​ទៅ​មុខជា​និច្ច​។

នៅ​ក្នុង​អង្គ​មហាសន្និបាត​នេះ លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធ​បាន​បង្ហាញ​របាយការណ៍​ពី​ការ​ប្រឹងប្រែង​ដំណើរការ​នៅ​ក្នុង​អាណត្តិ​មុន ដោយ​លើក​ឡើង​ពី​ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំង​ទិស​ដៅ​អភិវឌ្ឍ​កីឡា​ទាញព្រ័ត្រ​សម្រាប់​អាណត្តិ​ថ្មី​ផង​ដែរ​។ ជាមួយ​គ្នា​នេះ កញ្ញា សួង ចាន់ ចាន់​តូ​រ៉ា​ទី អគ្គ​ហេ​រញ្ញឹក​សហព័ន្ធ​ក៏​បាន​លើក​បង្ហាញ​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ជូន​អង្គ​មហាសន្និបាត​នូវ​ប្រភព​ចំណូល​បាន​ពី​ថវិកា​គាំទ្រ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​បណ្តា​ក្រុមហ៊ុន សប្បុរសជន​នានា ហើយ​ការ​ចំណាយ​ក៏​ឈរ​លើ​ស្មារតី​សន្សំ​សំចៃ​ខ្ពស់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី ២០២៤-២០២៨​មាន​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សរុប​ចំនួន ៤១​រូប ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន ប្រធាន​សហព័ន្ធ ឯកឧត្តម សា​ម៉​ន បណ្ឌិត្យ អនុប្រធាន​ទី​១ និង​អនុប្រធាន​១៦​រូប​។ ចំពោះ​អគ្គលេខាធិការ គឺ​លោក ចាប រតនា អម​ដោយ​អគ្គលេខាធិការ​ង​៥​រូប និង​អគ្គ​ហេ​រញ្ញឹក គឺ​កញ្ញា សួង ចាន់​តូ​រ៉ា​ទី អម​ដោយ​អគ្គ​ហេ​រិ​ញ្ញឹក​រង​៣​រូប ព្រមទាំង​សមាជិក​១៣​រូប​ទៀត​៕

Previous articleCallum Hudson-Odoi ក្លាយជាគោលដៅរបស់ក្លឹបធំៗ
Next articleកីឡាការិនីលើកទម្ងន់កម្ពុជាមិនឈ្នះមេដាយ ប៉ុន្តែបានបំណែកកំណត់ត្រា ក្នុងការប្រកួតលើកទម្ងន់ជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី