ភ្នំពេញ៖ លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានចុះហត្ថលេខាលើសេចក្តីសម្រេចផ្លូវការចំនួនពីរច្បាប់ ដែលប្រគល់ភារកិច្ចជូនឯកឧត្តម វ៉ាត់ ចំរើន ជាប្រធានស្តីទី សហព័ន្ធគុនខ្មែរអន្តរជាតិ និងឯកឧត្តម ខូវ ឆាយ ជាអគ្គលេខាធិការ សហព័ន្ធគុនខ្មែរអន្តរជាតិ ចាប់ពីពេលនេះទៅ រហូតដល់មានការរៀបចំមហាសន្និបាតវិសាមញ្ញឡើងវិញ។
សេចក្តីសម្រេចនេះបានសម្អាងលើលក្ខន្តិកៈនៃសហព័ន្ធគុនខ្មែរអន្តរជាតិ ប្រកាសស្តីពីការអនុញ្ញាតឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធគុនខ្មែរអន្តរជាតិបំពេញភារកិច្ចអាណត្តិទី៣ ឆ្នាំ២០២៤-២០២៨ និងសេចក្តីសម្រេចស្តីពីការទទួលស្គាល់របស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធគុនខ្មែរអន្តរជាតិ ក្នុងអាណត្តិទី៣នេះផងដែរ។ ក្នុងសេចក្តីសម្រេចដដែលនេះបានតម្រូវឱ្យឯកឧត្តម វ៉ាត់ ចំរើន ប្រធានស្តីទី និងឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការត្រូវគោរពលក្ខន្តិកៈ និងបទប្បញ្ញត្តិផ្សេងៗរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ។ សេចក្តីសម្រេចនេះបានកំណត់បង្ហាញឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធគុនខ្មែរអន្តរជាតិ និងសាម៉ីខ្លួន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ។ ការប្រគល់តួនាទីសំខាន់នេះធ្វើឡើងក្នុងន័យពង្រឹងសាមគ្គីភាពផ្ទៃក្នុងគុនខ្មែរជាតិទៅលើឆាកអន្តរជាតិ និងឈានទៅសម្រេចគោលដៅ គុនខ្មែរក្នុងចលនាអូឡាំពិកឱ្យបានឆាប់ៗ។
គួររម្លឹកថា កន្លងទៅ សហព័ន្ធគុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរធ្លាប់មានបញ្ហាឡើងកម្តៅជាមួយគ្នា ដោយសហព័ន្ធគុនខ្មែរអន្តរជាតិកំណត់ឱ្យសហព័ន្ធប្រដាល់គុនខ្មែរត្រូវសុំគោលការណ៍អនុញ្ញាត ក្នុងការបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតក្រៅប្រទេសនានា ដែលពេលនោះលោក មាម រ៉ា ជាអ្នកចេញលិខិតផ្លូវការ ខណៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ជាប្រធានសហព័ន្ធធ្លាប់អះអាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានបុព្វសិទ្ធិពេញលេញ ក្នុងការបញ្ជូនកីឡាករ កីឡាការិនីគុនខ្មែរទៅប្រកួតនៅក្រៅប្រទេស តាមរយៈលក្ខន្តិកៈ និងគោលការណ៍របស់ខ្លួន ក្នុងបេសកកម្មបញ្ជ្រាបការផ្សព្វផ្សាយ និងអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក៕