ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា តេក្វាន់ដូ WT ហែលទឹក កាយសម្ព័ន្ធ ព្រមទាំងប្រភេទកីឡាផ្សេងៗទៀតបានចូលរួមការធ្វើដំណើរថ្មើរជើង «ព្យុហយាត្រាសាមគ្គីភាព-Solidarity March» នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខណ្ឌ ខឿនការពារជាតិប្រជាជនខ្មែរ។
សកម្មភាពរបស់យុវជន យុវតីជាក្រុមក្រុមកីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា តេក្វាន់ដូ WT ហែលទឹក កាយសម្ព័ន្ធ ព្រមទាំងកីឡាផ្សេងទៀតបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាពទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធី «ព្យុហយាត្រាសាមគ្គីភាព-Solidarity March» ក្រោមទង់ជាតិតែមួយ និងដំណើររួមគ្នាតែមួយ ច្រៀងបទ “ដែនដីខ្មែរ” ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ដើរឆ្ពោះមកកាន់វិមានឯករាជ្យដែលជានិមិត្តរូបនៃភាពអង់អាចក្លាហាន ការពារទឹកដី និងក្តីស្រលាញ់សម្រាប់មាតុភូមិកម្ពុជានៃយើងនេះជាពេលវេលាដ៏កម្រ។ យើងមានមោទនភាពក្នុងការបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាក្នុងការរៀបចំ«ព្យុហយាត្រាសាមគ្គីភាព-Solidarity March» នាពេលនេះ។
ក្រុមកីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាទាំងអស់គ្នាសូមសម្តែងនូវការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី កិត្យានុភាពជាតិ និងដែលតែងតែផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខសាន្តដល់ប្រជាជនខ្មែរគ្រប់រូប។ ក្រុមកីឡាករ កីឡាការិនីកម្ពុជាលើកឡើងថា យើងខ្ញុំគ្រប់ៗរូបបេ្តជ្ញាបន្តជឿជាក់ និងចូលរួមគ្រប់កាលៈទេសៈទាំងអស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងបុព្វហេតុជាតិមាតុភូមិ៕