ភ្នំពេញ៖ ឯកឧត្តម ហ៊ឹម រីដា គ្រូបង្វឹកអន្តរជាតិខ្សែក្រវាត់ខ្មៅ៦ដាន់ អគ្គលេខាធិការរង សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ គឺកម្ពុជាដាក់គោលដៅច្បាមយកឱ្យបានមេដាយក្នុងចន្លោះ ៤៥% ឬ ៥០% នៃចំនួនមេដាយមាសសរុប ១៤៥វិញ្ញាសា។
ថ្លែងក្នុងបទសម្ភាសន៍ ឯកឧត្តម ហ៊ឹម រីដា បានលើកឡើងថា ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជាកំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ចាប់ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមកម្ពុជាមានដូចជាឈុតU13 U15 U17 និងឈុតធំ ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតលើកទី២ ឆ្នាំ២០២៥នេះ។
ឯកឧត្តម ហ៊ឹម រីដា គូសបញ្ជាក់បែបនេះថា ៖«ការប្រកួតនេះគ្រប់វិញ្ញាសា និងគ្រប់ឈុតកុមារ យុវជន និងឈុតធំសរុបទាំងអស់មាន ១៤៥មេដាយមាស ស្មើនឹង ១៤៥វិញ្ញាសា។ ដូច្នេះ យ៉ាងហោចណាស់ ក៏យើងត្រូវច្បាមយកឱ្យបានមេដាយ ក្នុងចន្លោះពី ៤៥%ទៅ៥០% ដែរ ដោយគោលដៅនៃការដណ្តើមឱ្យបាននូវមេដាយក្នុងចំនួន៤៥%នេះ គឺច្រើន។ ដើម្បីឱ្យឈានដល់ចំណុចឈ្នះមេដាយឱ្យបាន ៤៥% ឬ ៥០%នៃចំនួនវិញ្ញាសាសរុប ១៤៥នេះ គឺទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាឈុតធំ ឈុតU17 U15 និងU13 ត្រូវតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលលើកឡើងថា មិនមែនឡើងទៅឱ្យគេវាយនោះទេ ពោលគឺឡើងទៅវាយគេ ទោះបីជាទៅប្រកួតនៅស្រុកគេ ក៏ត្រូវឡើងទៅវាយគេដែរ។ ពេលនេះ យើងត្រៀមខ្លួនប្រកួតនៅក្នុងផ្ទះរបស់យើង ហេតុអ្វីក៏យើងមិនរឹងមាំ ដូច្នេះយើងទាំងអស់គ្នាត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់»។
ឯកឧត្តមអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់ថា បណ្តាប្រទេសចូលរួមនានាប្រហែលជាអាចផ្តោតសំខាន់លើឈុត U17 ច្រើនជាងគេ ដោយសារតែប្រទេសចូលរួមទាំងនោះធ្លាប់ដឹងថា ឈុតU17របស់កម្ពុជា គឺខ្លាំង។ កត់សម្គាល់បន្ធែមពីលើនេះ ឯកឧត្តម ហ៊ឹម រីដា លើកឡើងថា ការប្រកួតជើងឯកពិភពលោក កន្លងទៅ ដែលធ្លាប់ប្រកួតគ្នានោះ គឺមានប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ដែលមានអត្តពលិកឈានមុខគួរសម្យ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រទេសម៉ាឡេស៊ីត្រៀមអត្តពលិកប្រហែល ៤០នាក់ចូលរួមប្រកួត នៅកម្ពុជា ឆាប់ៗនេះ។
ក្នុងនាមតំណាងគ្រូបង្វឹកគ្រប់ឈុតទាំងអស់របស់តេក្វាន់ដូ ITF កម្ពុជាទាំងអស់ប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងប្រឹងប្រែងដុសខាត់គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីឱ្យអស់ពីលទ្ធភាព ក្នុងការបោះជំហានឆ្ពោះទៅរកចំណុចមួយ ដែលយើងជឿជាក់ក្នុងកាប្រកួតប្រជែង ក្នុងនាមជាម្ចាស់ផ្ទះរៀបចំជាប្រវត្តិសាស្ត្រលើកទី២ ឆ្នាំ២០២៥នេះ៕