កីឡាករចំបាប់កម្ពុជា ស៊ូ បាលី នៅមានឱកាសឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោក និងអាចមានឈ្មោះចូលប្រកួតកីឡាអូឡាំពិក នៅបារាំង ២០២៤

ភ្នំពេញ​៖ ម្ចាស់​មេដាយមាស​ចំបាប់​ស៊ី​ហ្គេ​ម ២០២៣ កីឡាករ​ជម្រើសជាតិ​កម្ពុជា ស៊ូ បាលី កំពុង​ស្វះស្វែង​ឱកាសល្អ​ៗ ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក ឆ្នាំ​២០២៣ នៅ​ប្រទេស​ស៊ែរ​ប៊ី ដោយ​ស៊ូ បាលី នៅ​តែ​មានឱកាស​ឈ្នះ​មេដាយ​សំរឹទ្ធ និង​នៅ​មានឱកាស​មានឈ្មោះ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង នា​ឆ្នាំ​២០២៤​។

លោក ខេ​ស៊ី បា​ណេ​ត ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេយ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដែល​កំពុង​ដឹកនាំ​កីឡាករ ស៊ូ បាលី ចូលរួម​ប្រកួត​កីឡា​ចំបាប់​ជើងឯក​ពិភពលោក នៅ​ប្រទេស​ស៊ែរ​ប៊ី​បាន​គូសបញ្ជាក់​មក​ថា កីឡាករ​កម្ពុជា ស៊ូ បាលី បាន​ប្រកួត​ចាញ់​កីឡាករ Geno Petriashvili មក​ពី​ប្រទេស​ហ្ស៊​ក​ហ្ស៊ី ដែល​ជា​ម្ចាស់​មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន ក្នុង​លទ្ធផល​បច្ចេកទេស ៩​ទល់​៣ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣​។ ស៊ូ បាលី ជាំ​កីឡាករ​ចំបាប់​របស់​កម្ពុជា​បាន​ទទួល​សិទ្ធិ ក្នុង​ការ​ប្រកួត​លើក​ទី​ពីរ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​។ កីឡាករ ស៊ូ បាលី នៅ​តែ​មានឱកាស​ឈ្នះ​មេដាយ​សំរឹទ្ធ ឬ​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​៥ ដើម្បី​មានឱកាស​មានឈ្មោះ​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង នា​ឆ្នាំ​២០២៤​ខាង​មុខ​។

លោក ខេ​ស៊ី បា​ណេ​ត បាន​សង្កត់ធ្ងន់​ថា លទ្ធផល​ប្រកួត​របស់​ស៊ូ បាលី ជាមួយនឹង​កីឡាករ​ហ្ស៊​ក​ហ្ស៊ី ដែល​ជា​ម្ចាស់​មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក គឺជា​លទ្ធផល​មួយ​មិនអាក្រក់​នោះ​ទេ គឺ​កម្ពុជា​ធ្វើ​បាន​លទ្ធផល​ល្អ​គ្រាន់បើ ដោយសារ​កម្ពុជា​បាន​ប៉ះ​ប្រកួត​ដំបូង​ជា​កីឡាករ​ខ្លាំង ក្នុង​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ដែល​ជា​ម្ចាស់​មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក​។ លោក​បាន​អះអាង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កីឡាករ​ចំបាប់​កម្ពុជា​បាន​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក ហើយ​តាម​រយៈ​ការ​ចូលរួម​កម្រិត​ពិភពលោក​ជា​លើក​ដំបូង​នេះ​នឹង​កសាង​កំណត់​ត្រា​ថ្មី​ៗ សម្រាប់​ឱកាស​ក្នុង​កម្រិត​ពិភពលោក នា​ពេល​ខាង​មុខ​ទៀត​។

គួរ​បញ្ជាក់​ថា កីឡាករ​កម្ពុជា ស៊ូ បាលី នឹង​ត្រូវ​បន្ត​ប្រកួត​នៅ​វេលា​ម៉ោង ៣:៣៨​នាទី (​ម៉ោង​នៅ​កម្ពុជា​) ល្ងាច​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ជាមួយ​កីឡាករ​រុ​ស្ស៊ី Kurannov លើ​ប្រភេទ​ទម្ងន់ ១២៥​គីឡូក្រាម​៕

ប្រភព​៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleម៉ានូ សិល្បៈ ចេញមកធ្វើការសុំទោសជាសាធារណៈ ក្រោយចប់ការប្រកួតពីយប់មិញ (មានវីដេអូ)
Next articleកាយសម្ព័ន្ធកម្ពុជាឈ្នះមេដាយមាស ១ និងសំរឹទ្ធ១ ជាប្រវត្តិសាស្ត្រដំបូងក្នុងព្រឹត្តិការណ៍ ជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី