ភ្នំពេញក្រោន ឈ្នះ Dynamic Herb Cebu ៣-០ វគ្គជម្រុះពូល F ពានរង្វាន់ AFC Cup 2024

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជារកបាន៣ពិន្ទុដំបូងជាមួយក្រុមម្ចាស់ផ្ទះ Dynamic Herb Cebu របស់ហ្វីលីពីន នៅកីឡដ្ឋាន Rizal Memorial ដោយបានឈ្នះក្នុងលទ្ធផលបច្ចេកទេស ៣ទល់០ ក្នុងការប្រកួតបើកឆាក ក្នុងពូល F កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៃពានរង្វាន់ក្លិបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៤ (AFC Cup 2024)។

៣គ្រាប់ជ័យជម្នះរបស់ភ្នំពេញក្រោនធ្វើសម្រេចនៅនាទី៤២ ដោយកីឡាករ Shintaro នៅនាទី៥៤ ដោយកីឡាករ អន ចាន់ប៉ូលីន និងនៅនាទី៨៤ ដោយកីឡាករ Nieto។ តាមរយៈជ័យជម្នះដំបូងនេះ បានធ្វើឲ្យភ្នំពេញក្រោន ទទួលបាន៣ពិន្ទុ ដោយឈរនៅលេខ២ បណ្តោះអាសន្ន ក្នុងពូល F ខណៈលេខ១បណ្តោះអាសន្នគ្រប់គ្រងដោយក្រុម Macarthur FC របស់អូស្រ្តាលី ក្រោយពីបានយកឈ្នះក្រុមរបស់មីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ៣ទល់០ ដូចគ្នា នៅកីឡដ្ឋាន THUWUNNA STADIUM ទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោនបាននិយាយអំពីជ័យជម្នះលើ Dynamic Herb Cebu ថា ៖ «វាមិនមែនងាយស្រួលក្នុងការលេងនៅក្រៅប្រទេសកម្ពុជា ប៉ុន្តែខ្ញុំសប្បាយចិត្តដែលបានបំលែងឱកាសដែលយើងមាន ហើយយើងធ្វើវាបាន។ យើងដឹងពីភាពតានតឹងនៃការប្រកួត ហើយសម្រាប់យើងវាជារឿងសំខាន់ ក្នុងការព្យាយាមស្វែងរកគ្រាប់បាល់ និងព្យាយាមប្រយុទ្ធនៅតំបន់ទំនេរដែលយើងមាន»។

ចំពោះ៥ប្រកួតបន្ទាប់របស់ភ្នំពេញក្រោន ដែលជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២២ នឹងត្រូវ ជួបក្រុម Shan United នាថ្ងៃទី០៥ តុលា ឆ្នាំ២០២៣ នៅពហុកីឡាជាតិអូឡាំពិក វេលាម៉ោង ០៧:០០នាទីយប់។ ភ្នំពេញក្រោន ត្រូវជួបក្រុម Macarthur FC ថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ នៅពហុកីឡាជាតិ វេលាម៉ោង ០៧:០០នាទីយប់។ Macarthur FC ជួប ភ្នំពេញក្រោន ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ នៅកីឡដ្ឋាន CAMPBELLTOWN SPORTS STADIUM ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីវេលាម៉ោង ០៧:០០នាទីយប់។ភ្នំពេញក្រោន ជួប Dynamic Herb Cebu ថ្ងៃទី៣០ វិច្ឆិកា នៅកីឡដ្ឋាន Smart RSN (ភ្នំពេញក្រោន) វេលាម៉ោង ០៧:០០នាទីយប់ និងចុងក្រោយត្រូវប៉ះជាមួយក្រុម Shan United នៅកីឡដ្ឋាន THUWUNNA STADIUM ទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា វេលាម៉ោង ០៧:០០នាទីយប់។


គួរបញ្ជាក់ថា វគ្គចែកពូលនេះមានចំនួន ៩ពូល ស្មើនឹង៣៦ក្រុម ក្នុងនោះក្នុង១ពូលមាន៤ក្រុមស្មើៗគ្នា។ សម្រាប់តំបន់អាស៊ានក៏នឹងត្រូវប្រកួតជម្រុះតាមពូលចំនួនបី គឺពូល F, G និង H។ ក្រោយបញ្ចប់ការប្រកួតក្នុងពូល គឺក្រុមលេខ១ នៃពូលទាំង៣ ស្មើនឹង៣ក្រុម រួមទាំងក្រុមជើងឯករងល្អបំផុត១ក្រុម នឹងត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Previous articleកីឡាករហែលទឹក ២នាក់ទៀត ធ្វើដំណើរទៅប្រកួត​កីឡា​អាស៊ី​ហ្គេ​ម លេ​ី​ក​ទី​១៩
Next articleអនុប្រធានសហព័ន្ធបាល់ទះកម្ពុជា៖ យើងនឹងបន្តប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីដើរឱ្យទាន់ប្រទេសជឿនលឿនផ្នែកបាល់ទះ