៧ប្រកួតថ្ងៃបើកឆាកដ៏ទាក់ទាញនៃពានរង្វាន់បាល់ទះ សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី២ ឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរការជាផ្លូវការ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក ដោយបានបញ្ចប់៧ប្រកួតជាមួយនឹងការប្រកួតដ៏ស្វិតស្វាញក្នុងថ្ងៃបើកឆាក។

ចំពោះលទ្ធផល៧ប្រកួតនៃវគ្គសន្សំពិន្ទុនេះ រួមមាន៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានប្រកួតចាញ់ក្រុមលោកតាឌីខេត្តព្រះវិហារ ២សិតទល់៣សិត, ក្រុមសេកុងខេត្តស្ទែងត្រែង ចាញ់ ក្រុមស្នងការដ្ឋាននគរបាលខេត្តកណ្តាល ១-៣សិត, ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះ ក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៣-១សិត, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឈ្នះ ក្រុមសមាគមបាល់ទះវិសាខា U18 ៣សិត០, ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឈ្នះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៣សិត០, ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន បានប្រកួតចាញ់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ០-៣សិត ខណៈក្រុមរដ្ឋបាលរាជធានីភ្នំពេញ បានយកឈ្នះក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ B ដោយលទ្ធផល ៣សិតទល់១សិត។

ព្រឹត្តិការណ៍កីឡាបាល់ទះ សម្តេចក្រឡាហោម ស ខេង ត្រូវដំណើរការប្រកួតពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានក្រុមចូលរួមសរុបចំនួន២៩ក្រុម មកពី២៥រាជធានី-ខេត្ត។

បើតាមការគូសបញ្ជាក់នៅក្នុងសប្តាហ៍នេះរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡា ហោម ស ខេង ឆ្នាំ២០២៣ទទួលបានការគាំទ្រកាន់តែច្រើន ដោយមានក្រុមចូលរួមមានការកើនឡើង ពិសេសមានការឧបត្តមគាំទ្រពីអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន Khmer Beverages ដែលជំរុញឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះកាន់តែកក្រើកក្នុងពិភពបាល់ទះនៅកម្ពុជា។ លោកបណ្ឌិតបន្ថែមថា អ្វីដែលកត់សម្គាល់ គឺចំនួនក្រុមចូលរួម ឆ្នាំនេះមានការកើនឡើងរហូតដល់ ២៩ក្លិប ដោយបាននេះបង្ហាញថា ការអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជាឈានទៅមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ដែលមាន២៩ក្រុមត្រូវបានចែកចេញជា ៨ពូល ខណៈប្រាក់រង្វាន់ត្រៀមទុក គឺម្ចាស់ជើងឯក ចំនួន៥០លានរៀល, លេខ២ ចំនួន២០លានរៀល និងលេខ៣ ថវិកា ១០លានរៀល និងពានរង្វាន់ជ័យលាភីឯកត្តជនចំនួន៨ផ្សេងទៀត៕

ប្រភព៖ AKP

Previous articleភ្នំពេញក្រោនចាញ់ម្ចាស់ផ្ទះ Macarthur FC របស់អូស្រ្តាលី ០-៥ ធ្លាក់មកលេខ២វិញ ពានរង្វាន់ AFC Cup 2023-2024
Next articleខ្សែបម្រើ Julian Brandt កំពុងតែទាក់ទាញក្លឹបនៅ Premier League