ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធជំនាញបានរៀបចំការប្រកួតកីឡាបាល់បោះរទេះជើងឯកប្រចាំឆ្នាំ២០២៣ រយៈពេល៣ថ្ងៃ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីផលិតធនធានថ្មីៗបន្ថែម ក្នុងការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ប្រកួតអន្តរជាតិកម្រិតអាស៊ាន អាស៊ី និងពិភពលោក។
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាបាល់បោះរទេះជ្រើសរើសជើងឯក ឆ្នាំ២០២៣នេះត្រូវបានរៀបចំឡើងក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយឆ្នាំនេះមានការកើនឡើងនូវចំនួនកីឡាករ កីឡាការិនីសរុប ៤៧នាក់មកពី៨ក្លឹប។ ព្រឹត្តិការណ៍ប្រកួតនេះក៏ជាការអបអរទិវាជនពិការកកម្ពុជា ខួបលើកទី២៥ និងទិវាជនពិការអន្តរជាតិ លើកទី៤១ផងដែរ។
ឯកឧត្តម យី វាសនា គូសបញ្ជាក់បន្ថែមថា តាមរយៈស្នាដៃរបស់ប្រភេទកីឡាមានពិការភាពនេះបានបញ្ជាក់ដល់ពិភពលោកថាមានជនពិការ១៥ភាគរយដែលសង្គមជាតិត្រូវយកចិត្តទុកដាក់ ពីព្រោះបងប្អូនពិការក៏ជាប្រជាពលរដ្ឋដែរ។ តាមរយៈរៀបចំការប្រកួតបាល់បោះរទេះ ដែលជាប្រភេទកីឡាដ៏មានសក្តានុពលមួយរបស់កម្ពុជា ជាពិសេសតាមរយៈការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែមិថុនា ឆ្នាំ២០២៣ កម្ពុជាដណ្តើមបានមេដាយមាសលើវិញ្ញាសានារី ៣នាក់ទល់៣នាក់ រីឯផ្នែកបុរសដណ្តើមបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយចាញ់ក្រុមថៃ នៅវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះការប្រកួតនេះ គឺជាការផលិតធនធនថ្មីៗ ក្នុងការស្វែងរកកម្លាំងថ្មីៗមកបំពេញបន្ថែម ក្នុងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
«ខ្ញុំសង្ឃឹកមថា ក្រុមបាល់បោះរទេះកម្ពុជានឹងអាចថែរក្សាលទ្ធផល ក្នុងខ្នាតអាស៊ានប៉ារ៉ាហ្គេម នៅរៀងរាល់២ឆ្នាំម្តងខាងមុខជាបន្តបន្ទាប់ទៀត។ ដោយឡែកសម្រាប់កម្រិតអាស៊ី នាខែមករា ឆ្នំាំ២០២៤ ប្រភេទកីឡាបាល់បោះនឹងត្រូវប្រកួតប្រជែងគ្នា ដើម្បីស្វែងរកមួយកៅអីត្រៀមចូលរួមប្រកួតកម្រិតពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ដូច្នេះ កម្ពុជាមានតែក្រុមបាល់បោះរទេះនារី១ក្រុមប៉ុណ្ណោះ ដែលមានសមត្ថភាពអាចចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមកៅអីមួយ ឆ្ពោះទៅប្រកួតកម្រិតពិភពលោក ដោយក្នុងបេក្ខភាពប្រកួតប្រជែងតែមួយកៅអីនេះនឹងមានការចូលរួមពី៨ក្រុម ដូចជា ចិន ជប៉ុន អ៊ីរ៉ង់ កម្ពុជា ថៃ និងឡាវជាដើម។ ខ្ញុំនៅតែមានសង្ឃឹមថា ក្រុមបាល់បោះរទេះនារីកម្ពុជានឹងធ្វើបានល្អ ដើម្បីស្វែងរកកៅអីវគ្គជម្រុះនេះទៅចូលរួមប្រកួតនៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្ពុជាជាប្រទេសមួយ ដែលមានមុខមាត់តំណាងជាតិមួយ នៅក្នុងពិភពលោក»។ ឯកឧត្តម យី វាសនា មានប្រសាសន៍បន្ថែម។
ជាមួយគ្នានេះ ឯកឧត្តម យី វាសនា បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមានពិការភាពទាំងអស់បន្តខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា នាពេលខាងមុខទៀត ដែលយើងទាំងអស់គ្នាទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះរទេះជ្រើសរើសជើងឯកឆ្នាំ២០២៣ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីផលិតធនធានប្រចាំឆ្នាំបន្ថែមទៀត បន្ទាប់ពីប្រភេទកីឡាមួយនេះមានសក្តាសុពលខ្លាំងប្រចាំអាស៊ាន។ នេះជាការប្រកួតដ៏សំខាន់មួយ ដើម្បីស្វែងរកធនធានកីឡាករ កីឡការិនីឆ្នើមៗបន្ថែមទៀត បន្ទាប់ពីកម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បញ្ចប់ដោយជោគជ័យ និងជាមរតកប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជាប្រវត្តិសាស្ត្រសម្រាប់អាស៊ានទាំងមូលផងដែរ៕
ប្រភព៖ AKP