បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Transfers Podcast បានអោយដឹងថាក្លឹបបិសាចក្រហមកំពុងរៀបចំផែនការយ៉ាងសកម្ម ដើម្បីពង្រឹងជម្រើសខ្សែបម្រើរបស់ពួកគេនៅរដូវក្តៅនេះ។ កីឡាករ Berge មានវ័យ ២៦ឆ្នាំ បានបើកចំហសម្រាប់ការផ្ទេរមួយបន្ទាប់ពីក្លឹប Burnley ត្រូវបានកាត់ចេញពីក្លឹប Premier League។ ចំណែកខាងក្លឹប Burnley ក៏មានបំណងចង់លក់កីឡាកររូបនេះចេញ ដើម្បីធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមានស្ថេរភាព។
ទោះជាយ៉ាងណាក៏ដោយកីឡាករ Ugarte នៅតែជាជម្រើសកំពូលរបស់ក្លឹប United។ ក្រុម PSG បានឈានដល់ការចុះហត្ថលេខាលើកីឡាករ Joao Neves ក្នុងតម្លៃដំបូង ៦០លានអឺរ៉ូ ពីក្លឹប Benfica ជាមួយនឹងតម្លៃបន្ថែមដែលមានសក្តានុពលជំរុញឱ្យតម្លៃសរុបកើនដល់ ៧០លានអឺរ៉ូ ។ កីឡាករ Renato Sanches គ្រោងនឹងត្រលប់ទៅ Benfica វិញក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ ខណៈក្លឹប PSG នឹងទទួលខុសត្រូវទៅលើប្រាក់ឈ្នួលរបស់គាត់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្ទេរកីឡាករ Neves ផងដែរ ។ ការផ្ទេរយកកីឡាករ Neves មកកាន់ PSG អាចជួយសម្រួលដល់ការចាកចេញរបស់កីឡាករ Ugarte បើទោះបីជាការចរចានៅតែមានភាពស្មុគស្មាញក៏ដោយ។
ក្លឹប PSG បានកំណត់តម្លៃប្រមាណ ៦០លានអឺរ៉ូសម្រាប់កីឡាករ Ugarte ដែលឆ្លុះបញ្ចាំងពីចំនួនទឹកប្រាក់ដែលពួកគេបានចំណាយផ្ទេរយករូបគាត់ពីក្លឹប Sporting CP កាលពីរដូវក្តៅមុន។ ទោះបីជាមានការផ្តល់ជូន ៥០លានអឺរ៉ូរបស់ក្លឹប United ក៏ដោយ ក៏ក្លឹប PSG មិនមានបំណងទម្លាក់តម្លៃផ្ទេរនោះទេ។ ជំហរដ៏រឹងមាំរបស់ក្លឹប PSG វាបានបង្កជាភាពស្មុគស្មាញសម្រាប់ក្លឹប United ខណៈពួកគេបានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Ugarte។
ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរកីឡាករ Ugarte របស់ក្លឹប United ក៏មានការប្រឈមផងដែរ។ ក្លឹប Bayern Munich បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះ ហើយក៏មានក្លឹបនៅអ៊ីតាលីពីរផ្សេងទៀត និងក្លឹបនៅ Premier League ផងដែរ។ ការប្រកួតប្រជែងដ៏ខ្លាំងក្លានេះបានធ្វើអោយក្លឹប PSG ពង្រឹងនៅតម្លៃផ្ទេរ ហើយខាងក្លឹប United ក៏កាន់តែស្មុគស្មាញចំពោះការផ្ទេរផងដែរ។
ដោយមើលឃើញនៅឧបសគ្គនៃការផ្ទេរយក Ugarte ធ្វើអោយក្លឹប United បានពិចារណាទៅលើកីឡាករ Berge ដែលជាជម្រើសជំនួស។ លើសពីនេះ កាយសម្បទា និងបទពិសោធន៍ Premier League របស់គាត់អាចផ្តល់នូវស្ថេរភាពបន្ថែមទៀតដែល United ស្វែងរកនៅក្នុងខ្សែបម្រើរបស់ពួកគេ៕