បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថា ក្លឹបកាំភ្លើងធំបានដាក់តម្លៃលើកីឡាករដែលចេញពីសាលាបាល់ទាត់របស់ខ្លួនប្រមាណ ៣០លានផោន ក្រោយគាត់ស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៣ដង ក្នុងការបង្ហាញខ្លួន ៣៧ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់នារដូវកាល ២០២៣-២៤។ មានក្លឹប ២បានចូលមកពិភាក្សាអំពីការផ្ទេរនេះ ប៉ុន្តែសំណើរបច្ចុប្បន្នរបស់ក្លឹប Marseille ត្រូវបានចាត់ទុកថាមិនទាន់គ្រប់គ្រាន់សម្រាប់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍នោះឡើយ។
កីឡាករ Nketiah បានមើលឃើញថាឪកាសរបស់គាត់មានកំណត់នៅក្រោមការដឹកនាំរបស់លោក Mikel Arteta។ ក្លឹប Arsenal បានបើកចំហរក្នុងការលក់កីឡាកររូបនេះ ដើម្បីផ្តល់ឪកាសអោយគាត់បានអភិវឌ្ឍន៍នៅក្នុងអាជីព ជាពិសេសនៅក្នុងលីគផ្សេង។
ខណៈពេលដែលពួកគេនៅតែបន្តដំណើរកាលផ្ទេរយកកីឡាករ Nketiah ក្លឹប Marseille ក៏បានសម្លឹងឃើញខ្សែបម្រើ Andreas Pereira របស់ក្លឹប Fulham ខណៈពួកគេចង់ពង្រឹងក្រុមរបស់ខ្លួន ក្រោយការនាំយកកីឡាករ Mason Greenwood ពីក្លឹប Manchester United។ កីឡាករ Andreas Pereira បានទទួលការចាប់អារម្មណ៍ពីក្លឹបមួយចំនួននៅតំបន់អឺរ៉ុបនៅក្នុងរដូវក្តៅនេះ ហើយក្នុងនោះក្លឹប Juventus ក៏ជាក្លឹបមួយដែលចាប់អារម្មណ៍ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Fulham នៅចង់រក្សាទុក Andreas Pereira នៅក្លឹបរបស់ខ្លួនបន្តទៀត។
ក្រៅពីតម្លៃផ្ទេរ ក្លឹបណាដែលចាប់អារម្មណ៍លើកីឡាករ Nketiah ក៏ត្រូវពិចារណាលើការទាមទារប្រាក់ឈ្នួលដ៏ច្រើនផងដែរ។ គាត់បានចុះហត្ថលេខាទៅលើកុងត្រាជាមួយនឹងក្លឹប Arsenal ក្នុងរដូវក្តៅឆ្នាំ២០២២ ដោយកីឡាករ Nketiah ទទួលបានប្រាក់ឈ្នួលលើស ១០ម៉ឺនផោនក្នុងមួយសប្តាហ៍។ វានៅតែត្រូវបានគេមើលឃើញថាតើ Marseille អាចទទួលបានការយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ ឫក៏ពួកគេអាចនឹងបញ្ឈប់នៅការផ្ទេរមួយនេះ៕