លីគយុវជន U16 និងU19 បញ្ចប់សប្តាហ៍ទី២

ភ្នំពេញ៖ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ (U16) និង​យុវជន​ក្រោម​១៩​ឆ្នាំ (U19) រដូវ​កាល ២០២៤ បាន​បញ្ចប់​ស​ប្តា​ហ៍​ទី​២​ដូច​ៗ​គ្នា កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​។

សម្រាប់​ឈុត U16 ដែល​មាន​៥​ប្រកួត​រួម​មាន​៖ ក្រុម​សៀមរាប​យូ​ណាយ​ធី​ត ចាញ់ វិសាខា ១-២, អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ៩-០, ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈ្នះ ណា​ហ្គា​វើ​ល ៤-២, ក្រុម​កង​យោធពលខេមរភូមិន្ទ (​ឬ​ក្រុម​ទ័ព​) ស្មើ​ជាមួយ​សាលា​តម្រង់​ទិស​រាជធានី​ភ្នំពេញ ២-២ ខណៈ ភ្នំពេញ​ក្រោ​ន បាន​ចាញ់​ក្រុម​បឹង​កេ​ត ដោយ​លទ្ធផល ០​ទល់​២​។ ចំពោះ​តារាង​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ឈុត​លី​គ​យុវជន U16 ដោយ​ក្នុង​ចំណោម​១០​ក្រុម គឺ​អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ​, វិសាខា និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈរ​លេខ​រៀង​ពី​លេខ​១​ដល់​លេខ​៣ ដោយ​ឆ្លងកាត់​២​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត​ដូច​គ្នា និង​មាន​៦​ពិន្ទុ​ដូ​ៗ​គ្នា​។

ចំពោះ​លទ្ធផល​ឈុត​យុវជន U19 មាន​៥​ប្រកួត​ដែរ រួម​មាន​៖ អាយ​អេស​អាយ​ដង្កោ​សែន​ជ័យ ចាញ់ បឹង​កេ​ត ១-២, ណា​ហ្គា​វើ​ល​ដ៍ យកឈ្នះ សាលា​តម្រង់​ទិស​រាជធានី​ភ្នំពេញ ៦-០, ក្រុម​កង​យោធពលខេមរភូមិន្ទ (​ឬ​ក្រុម​ទ័ព​) ចាញ់ វិសាខា ០-១, សាលា​បាល់ទាត់​ជាតិ បាន​យកឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ៥-១ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​បាន​លទ្ធផល​ស្មើគ្នា​ជាមួយ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដោយ​លទ្ធផល​បច្ចេកទេស ៣​ទល់​៣​។ ចំពោះ​តារាង​ចំណាត់ថ្នាក់​បណ្តោះអាសន្ន ក្នុង​ចំណោម​១០​ក្រុម​ចូលរួម​លី​គ​យុវជន U19 នេះ គឺ​វិសាខា​ឈរ​លេខ​១ ដោយ​ឈ្នះ​២​ប្រកួត មាន​៦​ពិន្ទុ​, ណា​ហ្គា​វើ​ល​ដ៍ ឈ្នះ​២​ប្រកួត មាន​៦​ពិន្ទុ ឈរ​លេខ​២ ស្រប​ពេល​ដែល ក្រុម​បឹង​កេ​ត ឈរ​លេខ​៣ ឈ្នះ​២​ប្រកួត​ដែរ មាន​៦​ពិន្ទុ​ដូច​គ្នា​។

គួរ​បញ្ជាក់​ថា ឈុត​លី​គ​យុវជន U16 ប្រើប្រាស់​ការ​ប្រកួត​ចំនួន​១៨​ស​ប្តា​ហ៍ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជើង លក្ខណៈ​ក្នុង​ដី និង​ក្រៅ​ដី​ពី​ថ្ងៃ​ទី​១៩ ខែឧសភា ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​២​ជុំ នឹង​ត្រូវ​បន្ត​ស្វែងរក​ជើងឯក ដោយ​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ពី​ថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​។ សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​ក្រុម​លើ​កំពូល​តារាង​ចំនួន​៣​ក្រុម ពី​លេខ​២ ដល់​លេខ​៤​នឹង​ត្រូវ​ប្រកួតប្រជែង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ក្រុម Top 3 ប៉ះ Top 4 ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ​១​ក្រុម​ឡើង​ទៅ​ប៉ះ​ក្រុម Top 2 (​ឈរ​រង់ចាំ​) ហើយ​ក្រុម​ឈ្នះ​១​ក្រុម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ (​ប្រកួត​ទី​២) នឹង​ត្រូវ​ឡើង​ប្រជែង​ម្ចាស់​ដំណែង​ជើងឯក​ជាមួយ​ក្រុម​កំពូល​តារាង Top 1 ដែល​ឈរ​រង់ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

ចំពោះ​ឈុត U19 ដែល​មាន​១០​ក្រុម​ចូលរួម​ដូច​គ្នា​នឹង​ឈុត U16​នេះ​ដែរ នឹង​ត្រូវ​ប្រើប្រាស់​ចំនួន​១៨​ស​ប្តា​ហ៍ ចំនួន​២​ជុំ​ដូច​គ្នា ហើយ​ប្រើប្រាស់​រូបមន្ត​ស្វែងរក​ជើងឯក និង​កាល​បរិ​ច្ឆេ​ត ដូច​ឈុត U16 ផង​ដែរ​។ ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ (U16) និង​យុវជន​ក្រោម​១៩​ឆ្នាំ (U19)​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)៕

ប្រភព៖ AKP

Previous articleNacho បញ្ជាក់ជាថ្មីម្តងទៀតអំពីការសម្រេចចិត្តលើអនាគតរបស់ខ្លួន
Next articleAston Villa កំពុងចរចាផ្ទេរយកអតីតខ្សែបម្រើរបស់ Chelsea