ភ្នំពេញ៖ កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមក្រុមជម្រើសជាតិកម្ពុជា សៀង ចន្ធា មកពីក្លឹបបាល់ទាត់បឹងកេតបានលើកឡើងថា ៖«សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ យើងត្រូវការឈ្នះដាច់ខាត ដើម្បីជូនដល់អ្នកគាំទ្រកម្ពុជា ដោយសារកន្លងមក យើងធ្វើមិនសូវបានល្អ។ ដូច្នេះយើងត្រូវស្តារលទ្ធផលនេះឱ្យល្អឡើងវិញ ដើម្បីធ្វើឱ្យអ្នកគាំទ្រកម្ពុជាបានសប្បាយចិត្តឡើងវិញដែរ»។
នេះជាការលើកឡើង ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅកីឡដ្ឋាន KMH PARK រាជធានីភ្នំពេញ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិ (Vattanac International Friendly Match) ជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៣០នាទី នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
សមាជិកក្រុមជម្រើសជាតិកម្ពុជា សៀង ចន្ធា មកពីក្លឹបបឹងកេតបានលើកឡើងថា ៖«ក្រោយពីការវិលត្រឡប់មកពីប្រកបអាជីពបាល់ទាត់នៅប្រទេសកាតាវិញ ខ្ញុំបានសម្រាកយូរពេលដែរ ដោយមិនមានការប្រកួត ប៉ុន្តែខ្ញុំបានចូលរួមហ្វឹកហាត់ជាមួយក្រុមបឹងកេតដដែល ដោយខ្ញុំនៅតែអាចរក្សាបានកម្លាំង កាយសម្បារបានល្អដែរ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា ទាំងបច្ចេកទេស កម្លាំងដូចជាមិនអីទេ ប៉ុន្តែអាចមានបញ្ហាតិចតួចដែរ ដោយសារខកខានចូលរួមការប្រកួតជាមួយក្លឹបបឹងកេត ក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគ ដែលជាលីគកំពូលកម្ពុជា រដូវកាល ២០២៣-២០២៤»។
ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះបង្ហាញការសោកស្តាយដែរ មិនមានចូលជួយការប្រកួតក្រុមបឹងកេត ក្នុងលីគកំពូលកម្ពុជា ដោយសារវិលត្រឡប់មកពីប្រកបអាជីពបាល់ទាត់នៅប្រទេសកាតា (ក្នុងលក្ខណៈខ្ចីជើងពីបឹងកេត) ក្លឹបចុះឈ្មោះមិនទាន់។ កីឡាករ សៀង ចន្ធា បានចុះកិច្ចព្រមព្រៀងជាមួយក្លឹប AL Shahaniya នៃលីគលំដាប់ទី២របស់ប្រទេសកាតា ១រដូវកាល ២០២៣ ក្នុងលក្ខខណ្ខខ្ចីជើងពីក្លឹបបឹងកេត ប៉ុន្តែលេងបានតែប៉ុន្មានខែប៉ុណ្ណោះ សៀង ចន្ធា និងក្លឹបនេះបានសម្រេចចែកផ្លូវគ្នា ហើយសៀង ចន្ធា បានវិលត្រឡប់មកមាតុប្រទេសវិញ ដោយមកលេងឱ្យក្លឹបដើម បឹងកេតវិញ ប៉ុន្តែមិនបានជួយប្រកួតនោះទេ ដោយសារការចុះឈ្មោះមិនទាន់។
នៅក្នុងបញ្ជីកោះហៅត្រៀមការហ្វឹកហាត់នេះ មានចំនួន ២៦នាក់ ក្នុងនោះអ្នកចាំទី៣នាក់, ខ្សែការពារ ១០នាក់, ខ្សែបម្រើ ៦នាក់ និងខ្សែប្រយុទ្ធ ៧នាក់។ ចំពោះសមាសភាពកីឡាករជម្រើសជាតិ២៦នាក់ គឺត្រូវបានក្រុមគ្រូបង្វឹកដឹកនាំដោយគ្រូបង្គោលជនជាតិអាហ្សង់ទីន គឺលោក Felix Dalmas ជ្រើសរើសមកពីក្លឹបលីគកំពូលកម្ពុជាចំនួន៧ ក្នុងនោះមកពីក្លឹបភ្នំពេញក្រោន ៧នាក់, បឹងកេត ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់ , វិសាខា ៣នាក់, ណាហ្គាវើលដ៍ ២នាក់, ក្លឹបព្រៃវែង ២នាក់ និងមកពីក្លឹបទ័ព ម្នាក់។
នេះជាការប្រកួតមិត្តភាពអន្តរជាតិដំបូងគេ នៅក្នុងទឹកដី នៃឆ្នាំ២០២៤ ហើយក៏ជាលើកដំបូង នៃពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានបំពាក់កៅអីមានខ្នងបង្អែកតាមរចនាបទដ៏ស្រស់ស្អាត និងស្តង់ដាអន្តជាតិ ដែលជាសិទ្ធិផ្លូវការរបស់កម្ពុជា ក្នុងការលក់សំបុត្រជូនអ្នកគាំទ្រ។ ក្រុមម្ចាស់ផ្ទះកម្ពុជានឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ នាវេលាម៉ោង ១៨:៣០នាទី ខណៈការលក់សំបុត្រចូលទស្សនា ចាប់ផ្តើមលក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិ ពីថ្ងៃ១ មិថុនាតទៅ ដោយសំបុត្រប្រភេទ១ (Zone A) មានតម្លៃ ៣០,០០០ រៀល និងសំបុត្រប្រភេទ ២ (Zone B) ១៥,០០០ រៀល៕
ប្រភព៖ AKP