ភ្នំពេញ៖ កីឡាករយានយន្តកម្ពុជា វង្ស គឹមហួត គូសបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃបានបញ្ចប់ក្រោមដំណក់ទឹកភ្លៀង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការអបអរសាទរពីកីឡាករថៃ បន្ទាប់ពីរូបលោក និងកីឡាករ ហេង បញ្ញា ឈ្នះពានរង្វាន់ជូនជាតិ ក្នុងចំណោមរថយន្តខ្លាំងៗសរុប២៨គ្រឿងចូលរួម។
កីឡាករ វង្ស គឹមហួត បញ្ជាក់ថា ជ័យជម្នះនេះ គឺមានចំណែកចូលរួមយ៉ាងច្រើនពីក្រុមការងារបច្ចេកទេស និងការដឹកនាំផ្ទាល់ពីលោក ឈិន ឈុំសីហា ប្រធានក្រុម ជាពិសេសការគាំទ្រលើកទឹកចិត្តផ្ទាល់ពីឯកឧត្តម ទៀ ស្យាម ឯកឧត្តម ទៀ សុខា និងក្រុមមហាគ្រួសាររថយន្ត Off-Road រួមទាំងក្រុមហ៊ុន Top 1 ដែលជាដៃគូសហការឧបត្ថម្ភ និងក្រុមហ៊ុនផ្សេងៗទើបធ្វើឱ្យយើងទទួលបានលទ្ធផលល្អបែបនេះ។ អ្នកបើកបរពោរពេញដោយបទពិសោធន៍រូបនេះបន្ថែមថា ការប្រណាំងនេះពិតជាពិបាកធ្វើឱ្យកីឡាករប្រណាំងជាច្រើនបោះបង់ការប្រកួត ព្រោះភ្លៀងខ្លាំងធ្វើឱ្យស្ថានភាពផ្លូវមានលេចទឹក ភក់ជ្រៅៗ ដីល្បាប់ និងគ្រលុកជ្រៅៗ ទើបគណៈកម្មការសម្រេចកាត់២ដំណាក់កាលចេញ ដោយប្រកួតតែ៦ដំណាក់កាលប៉ុណ្ណោះ។ ការប្រកួតនេះបានអូសបន្លាយពេលវេលារហូតដល់ម៉ោង១រំលងអាធ្រាត រីឯពិធីចែកពានវិញដល់ម៉ោង២អាធ្រាតទើបបញ្ចប់។
កីឡាករ វង្ស គឹមហួត បានសង្កត់ធ្ងន់ថា ជោគជ័យនេះជាកត្តាមួយដ៏ល្អសម្រាប់ជំរុញសមត្ថភាពក្រុមការងារទាំងអស់ឱ្យកាន់តែស្ទាត់ជំនាញច្បាស់លាស់ ដើម្បីពង្រឹងអ្វីដែលខ្វះខាត ជាពិសេសក៏ជាឱកាសសាកល្បងរថយន្តប្រណាំងឱ្យខ្លាំង និងរួចរាល់ត្រៀមការប្រណាំងលើកក្រោយទៀត ដូចជា ការប្រណាំងនៅខេត្តកាន់ឆាណាក់បូរី និងខេត្តត្រាងផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ មានរថយន្តសរុបចំនួន៨២គ្រឿង សម្រាប់ Class ដែលកម្ពុជាចូលរួម មានរថយន្ត២៨គ្រឿង ដែលសុទ្ធសឹងតែជាកីឡាករខ្លាំងៗ។ កម្ពុជាបានបញ្ជូនរថយន្តសរុប៨គ្រឿង រថយន្តប្រណាំង២គ្រឿង និងរថយន្តក្រុមការងារ៦គ្រឿង ដឹកនាំដោយលោក ឈិន ឈុំសីហា។ ជាលទ្ធផលរថយន្តប្រណាំង VKH Team មានកីឡាករ វង្ស គឹមហួត និងហេង បញ្ញា ទទួលបានចំណាត់ថ្នាក់លេខ១ រីឯកីឡាករ ព្រំ រស្មី និង លាភ ហេង មិនទទួលបានចំណាត់ថ្នាក់ទេ ដោយសារបញ្ហាគ្រឿងម៉ាស៊ីន៕
ប្រភព៖ AKP