កីឡាករគុនខ្មែរលំដាប់កំពូល៤នាក់នឹងអង្រួនសង្វៀននៅប្រទេសបារាំង ព្រឹត្តិការណ៍ គុនខ្មែរស៊ុបពើរហ្វៃត៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤

ភ្នំពេញ៖ កីឡាករ​គុន​ខ្មែរ​លំដាប់​កំពូល​ៗ​ចំនួន​៤​នាក់​នឹង​អង្រួន​សង្វៀន​ប្រដាល់​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​កាន់តែ​កក្រើក នៅ​ក្នុង​ព្រឹត្តិការណ៍ គុន​ខ្មែរ​ស៊ុប​ពើរ​ហ្វៃ​ត៍ នា​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​។

ថ្លែង​ក្នុង​ឱកាស​ជូន​ដំណើរ​ដល់​កីឡាករ​២​នាក់ គឺ​កីឡាករ ព្រំ សំណាង និង​កីឡាករ ឡៅ ចិ​ត្រា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូ​វ ឆាយ នាយក​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​គូសបញ្ជាក់​ថា នេះ​ជា​ការ​ចេញដំណើរ​កីឡាករ​២​នាក់​ទៀត​បាន​ចាកចេញ​មាតុភូមិ ហើយ​កីឡាករ​២​នាក់​ទៀត គឺ​ឈុត សេរី​វណ្ណ​ថង និង​លន បញ្ញា នៅ​បន្ត​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​ស្រាប់​។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូ​វ ឆាយ គូសបញ្ជាក់​ថា ៖«​កន្លង​មក គុន​ខ្មែរ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាងច្រើន នៅ​តាម​ក្លឹ​ប​នានា ក្រុង Bordeaux ទីក្រុង Lyon និង​ទីក្រុង Paris ប្រទេស​បារាំង ហើយ​នៅ​ពេល​នេះ កីឡាករ​គុន​ខ្មែរ​២​នាក់​ទៀត គឺ​កីឡាករ ព្រំ សំណាង និង​កីឡាករ ឡៅ ចិ​ត្រា បាន​ចេញដំណើរ​។ ដូច្នេះ​កីឡាករ​គុន​ខ្មែ​លំដាប់​កំពូល​របស់​កម្ពុជា​ទាំង​៤​នាក់ គឺ​កីឡាករ ឈុត សេរី​វណ្ណ​ថង​, លន បញ្ញា​, ព្រំ សំណាង និង​កីឡាករ ឡៅ ចិ​ត្រា នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​ខាង​មុខ​ឆាប់​ៗ​នេះ ដោយ​ខ្ញុំ​ជឿជាក់​ថា​នឹង​កាន់តែ​កក្រើក​តែ​ម្តង និង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ជាង​លើក​មុន​ៗ​ទៀត​»​។

បន្ថែម​ពីលើ​នេះ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ សង្កត់ធ្ងន់​ថា ៖«​បន្ទាប់​ពី​ជោគជ័យ ក្នុង​ការ​ប្រកួត​លើក​មុន នៅ​ទីក្រុង Bordeaux គឺ​នៅ​ពេល​នេះ​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​បាន​ត្រៀម​ចូលរួម​គាំទ្រ និង​អបអរសាទរ​ដល់​ការ​ប្រកួត​នៅ​ទី​ក្រុងប៉ារីស​យ៉ាងច្រើន​កុះករ​តែ​ម្តង ដោយពេល​នេះ​សំបុត្រ​ចូលរួម​ទស្សនា​លក់​អស់ហើយ សូ​ម្បី​តែ​សំបុត្រ​ឈរ​មើល​ក៏​គ្មាន​ដែរ​។ ដូច្នេះ​កម្មវិធី​ប្រកួត​នេះ​នឹង​កាន់តែ​កក្រើក​នៅ​ទី​ក្រុងប៉ារីស​តែ​ម្តង​»​។ ឯកឧត្តម​បន្ថែម​ទៀត​ថា ៖«​កម្មវិធី​ប្រកួត​នា​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ គឺជា​ការ​ប្រកួត​ដ៏​ធំ​ដោយសារ​តែ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សាល​ផ្លូវការ នៃ​ទី​ក្រុងប៉ារីស​តែ​ម្តង ដោយ​ទទួល​បានការ​សហការ​រៀបចំ​ដោយ​ភាគី​ក្លឹ​ប​នៅ​ប្រទេស​បារាំង ហើយ​ការ​ប្រកួតប្រជែង​គឺ​មាន​កម្រិត​ខ្ពស់ ដោយសារ​អ្នកចូលរួម​ប្រកួត​សុទ្ធតែ​ជា​ម្ចាស់​ខ្សែក្រវាត់ ជើងឯក​របស់​ប្រទេស​បារាំង និង​កីឡាករ​ខ្លាំង​ៗ​ជិត​ប្រទេស​បារាំង រីឯ​កីឡាករ​មួយ​ថៃ​ក៏​ចូលរួម​ដែរ​»​។

ឯកឧត្តម ខូ​វ ឆាយ លើក​ឡើង​ទៀត​ថា ដោយសារ​ព្រឹត្តិការណ៍​ប្រកួត នា​ថ្ងៃ​ទី​២៧ ខែមិថុនា​នឹង​មានការ​ចូលរួម​ពី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង អភិបាល​ក្រុងប៉ារីស ហើយ​ឯកឧត្តម​ផ្ទាល់​ក៏​នឹង​ទៅ​ចូលរួម​ផង​ដែរ ដោយនៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឯកឧត្តម​នឹង​ចេញដំណើរ​ចាក​ចេញពី​កម្ពុជា​៕

ប្រភព៖ AKP

Previous articleNOCC ប្រកាសរៀបចំទិវាអូឡាំពិក នាព្រឹកថ្ងៃអាទិត្យទី២៣ មិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ
Next articleសមាសភាពថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាកររបស់ក្រុមកីឡាករបាល់ទះជម្រើសជាតិអាយុក្រោម២០ឆ្នាំ សម្រាប់ការប្រកួត AVC 22ND ASIAN MEN’S U20 VOLLEYBALL CHAMPIONSHIP