NOCC ប្រកាសរៀបចំទិវាអូឡាំពិក នាព្រឹកថ្ងៃអាទិត្យទី២៣ មិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ប្រកាស​ពី​ការ​រៀបចំ​ទិវា​អូ​ឡាំ​ពិ​ក (Olympic Day) វេលា​ម៉ោង ៨ ដល់​ម៉ោង ១០​ព្រឹក នា​ថ្ងៃអាទិត្យ ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​មាន​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ប្រមាណ ១០០​នាក់ និង​សិស្សានុសិស្ស​ប្រមាណ ២០០​នាក់​ផ្សេង​ទៀត​នឹង​ចូលរួម​ក្នុង​ទិវា​ដ៏​មាន​សារៈសំខាន់​ប្រចាំឆ្នាំ​ដ៏​ធំ​នេះ​។

ការ​រៀបចំ​ទិវា​អូ​ឡាំ​ពិ​ក​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា គឺ​ក្នុង​នាម​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) ដើម្បី​ជំរុញ​ដល់​ការ​បំផុសស្មារតី និង​ឧត្តមគតិ​កីឡា​នៅ​តាម​ប្រទេស​នីមួយ​ៗ​ខណៈ​ឆ្នាំ​២០២៤​នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​ទិវា​អូ​ឡាំ​ពិ​ក​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

គួរ​ដឹង​ថា Olympic Day គឺជា​ទិវា​នៃ​ចលនា​អូ​ឡាំ​ពិ​កមួយ ដែល​គ្រប់​បណ្ដា​ប្រទេស​ជា​សមាជិក​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​គុណ​តម្លៃ​កីឡា​អូ​ឡាំ​ពិ​ក ខណៈ​កម្ពុជា ក៏​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែ​។

ជាមួយ​គ្នា​នេះ តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់ NOCC បាន​លើក​ឡើង​អំពី​សារ​របស់​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​-IOC បាន​ថ្លែង​ថា ៖«​នៅ​ថ្ងៃ​ទិវា​អូ​ឡាំ​ពិ​ក យើង​អបអរ​នៃ​ការ​បង្កើត​ចលនា​អូ​ឡាំ​ពិ​ក ដោយ​ស្ថាបនិក​របស់​យើង គឺ​លោក Pierre de Coubertin ។ ទិវា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ គឺជា​ថ្ងៃ​ពិសេស​មួយ ដែល​ធ្វើ​ឡើង​មុន​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស ឆ្នាំ​២០២៤​ជាមួយនឹង​អត្ត​ព​លិ​ក​អ្នកគាំទ្រ សហគមន៍​អូ​ឡាំ​ពិ​ក ទាំងមូល​នៅ​ជុំវិញ​ពិភពលោក ដែល​យើង​ទាំងអស់​គ្នា​យើង​ទាំងអស់​គ្នា​ទន្ទឹងរង់ចាំ​»​។

ប្រធាន IOC ថ្លែង​ទៀត​ថា យុគសម័យ​ថ្មី​នៃ​កីឡា​អូ​ឡាំ​ពិ​ក ៖ វ័យក្មេង​ជាង​មុន បរិ​យា​បន្ន​កាន់តែ​ច្រើន ទីក្រុង​កាន់តែ​ច្រើន កាន់តែ​និរន្តរភាព​។ នេះ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ដំបូង​បំផុត ដែល​មាន​សមភាព​យេ​ន​ឌ័​រ​ពេញលេញ​។ ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​លើក​ដំបូង​យ៉ាង​ពេញលេញ​ស្រប​តាម​របៀបវារៈ​អូ​ឡាំ​ពិ​ក​របស់​យើង​។ នៅ​ទី​ក្រុងប៉ារីស​អត្ត​ព​លិ​ក​នឹង​បំផុសគំនិត​ដល់​យើង​ទាំង​គ្នា​ជាមួយនឹង​សមិទ្ធផល​របស់​ពួក​គេ​។ ពួក​គេ​នឹង​បំផុសគំនិត​ពិភពលោក​ដោយ​ការ​រស់នៅ​តាម​បាវចនា​អូ​ឡាំ​ពិ​ក​របស់​យើង លឿន​ជាង ខ្ពស់​ជាង ខ្លាំង​ជាង​ជាមួយ​គ្នា​។ កីឡា​អូ​ឡាំ​ពិ​ក​តែងតែ​ជា​ស្ពាន និង​នាំ​មនុស្ស​មក​ជួបជុំ​គ្នា​ដោយ​សន្តិភាព និង​សាមគ្គីភាព​។ នេះ​គឺជា​ភាព​ស្រស់​ស្អាត​នៃ​កីឡា​៖ វា​ជំរុញ​យើង​ឱ្យធ្វើ​ចលនា វា​នាំ​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​នៅ​ក្នុង​ខ្លួន ដែល​ធ្វើ​ឱ្យ​យើង​មាន​សុខភាព​ល្អ ហើយ​វា​នាំ​យើង​មក​ជួបជុំ​គ្នា​ជា​មិត្ត​ភ័ក្តិ និង​ជា​សហគមន៍ មិន​ថា​យើង​នៅ​ទីណា និង​វិធី​ណា​ក៏​ដោយ​ដែល​យើង​ជ្រើសរើស​ធ្វើ​ចលនា​។

លោក Thomas Bach ថ្លែង​ទៀត​ថា ៖«​នៅ​ថ្ងៃ​ទិវា​អូ​ឡាំ​ពិ​ក​ដ៏​ពិសេស​នេះ សូម​យើង​ទាំងអស់​គ្នា​អបអរ​នូវ​សេចក្តី​រីករាយ ដែល​មាន​តែ​កីឡា​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​ឱ្យ​យើង​។ នៅ​ក្នុង​ស្មារតី​អូ​ឡាំ​ពិ​ក​ពិតប្រាកដ​នេះ សូម​រីករាយ​ទិវា​អូ​ឡាំ​ពិ​ក​នេះ​។ រួម​គ្នា​ជាមួយ​អ្នក​ទាំងអស់​គ្នា ខ្ញុំ​ទន្ទឹងរង់ចាំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស ឆ្នាំ​២០២៤ សម្រាប់​ការ​ប្រារព្ធ​ពិធី​ដែល​មិន​អាច​បំភ្លេច​បាន​នៃ​សេចក្តី​អំណរ​នៃ​កីឡា សម្រាប់​ការ​អបអរ​នៃ​មនុស្សជាតិ​រួម​គ្នា​របស់​យើង សម្រាប់​ការ​ប្រារព្ធ​ពិធី​សន្តិភាព​»៕

ប្រភព៖ AKP

Previous articleក្លឹបមួយបានត្រៀមលុយ ១០០លានអឺរ៉ូ សម្រាប់ផ្ទេរកីឡាករ Xavi Simons
Next articleកីឡាករគុនខ្មែរលំដាប់កំពូល៤នាក់នឹងអង្រួនសង្វៀននៅប្រទេសបារាំង ព្រឹត្តិការណ៍ គុនខ្មែរស៊ុបពើរហ្វៃត៍ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤